បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ២រូប គឺលោកស្រី Hillary Clinton និងលោក Bernie Sanders បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងទន្ទឹងរង់ចាំការឈរឈ្មោះប្រជែងនឹងលោក Donald Trump នៅក្នុងការបោះឆ្នោតជាតិនៅពេលខាងមុខនេះ។
នៅក្នុងទីក្រុង Flint នៃរដ្ឋ Michigan បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យទាំង២រូបក៏បានព្យាយាមពិភាក្សាដេញដោលលើបញ្ហានានាផ្ទុយពីអ្វីដែលបេក្ខជនខាងគណបក្សសាធារណរដ្ឋបានជជែក ដែលជារឿយៗផ្តោតតែលើការវាយប្រហារពាក្យសម្តីទៅលើបុគ្គលផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោក Sanders បានមានប្រសាសន៍ថា បេក្ខជនខាងគណបក្សសាធារណរដ្ឋកំពុងតែបង្ហាញពីមូលហេតុដែលរដ្ឋបាលរបស់លោកផ្តោតអាទិភាពសំខាន់ក្នុងការលើកកម្ពស់បញ្ហាសុខភាពផ្លូវចិត្ត។
លោក Sanders បានចាប់ផ្តើមកិច្ចពិភាក្សារបស់លោក ដែលត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNN ដោយនិយាយថា លោកមានការតក់ស្លុតដោយមើលឃើញថាគ្រួសារជាច្រើនរួមមានទាំងកុមារផងនោះត្រូវបានបំពុលដោយទឹកមិនស្អាតនៅក្នុងទីក្រុង Flint។ លោកបានហៅស្ថានភាពនេះថាជាក្តីអាម៉ាស់មួយ ហើយស្ថានភាពនេះបង្ហាញពីតម្រូវការក្នុងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធដែលបែកបាក់របស់អាមេរិកឡើងវិញ។
លោកស្រី Clinton បានស្នើឲ្យរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលថ្នាក់រដ្ឋ ផ្តល់ថវិកាបន្ថែមដល់ទីក្រុងFlint ដើម្បីជួសជុលប្រព័ន្ធទឹកក្នុងទីក្រុងនេះ។ លោកស្រីបានមានប្រសាសន៍ថា គ្មានអ្វីដែលសំខាន់ជាងសុខភាពនិងសុខុមាលភាពរបស់ប្រជាជននៅក្នុងទីក្រុង Flint នោះទេ។
បេក្ខជនទាំង២រូបបានស្នើឲ្យអភិបាលរដ្ឋ Michigan នៃគណបក្សសាធារណរដ្ឋ គឺលោក Rick Snyder លាលែងពីតំណែង។ បន្ទាប់មក លោក Snyder បានបង្ហោះសារមួយលើបណ្តាញសង្គម Tweeter ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បេក្ខជននយោបាយនឹងចាកចេញពីទីក្រុង Flint និងរដ្ឋ Michigan ហើយ។ ខ្ញុំប្តេជ្ញានឹងជួយប្រជាជនក្នុងទីក្រុង Flint»។
នៅក្នុងវិស័យសេដ្ឋកិច្ច លោក Sanders បានចោទប្រកាន់លោកស្រី Clinton ថាគាំទ្រ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អន្តរាយ» ជាច្រើន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង និងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ដែលលោកបានលើកឡើងថា បានធ្វើឲ្យបាត់បង់ការងារជាច្រើន។
លោកស្រី Clinton ក៏បាននិយាយថាអាមេរិកត្រូវការផែនការដ៏ទូលំទូលាយមួយសម្រាប់ផលិតកម្មនិងកែលម្អផ្លូវនិងស្ពាននានា។
នៅពេលសួរអំពីដំណោះស្រាយការរីករាលដាលនៃការបាញ់សម្លាប់រង្គាលនៅក្នុងសហរដ្ឋអាមេរិក បេក្ខជនទាំង២រូបបានស្នើឲ្យមានការបង្កើននិងលើកកម្ពស់ការត្រួតពិនិត្យមើលប្រវត្តិរូបរបស់អតិថិជនដែលទិញគ្រឿងសព្វាវុធនានា។ ប៉ុន្តែបេក្ខជនទាំង២រូបមិនបានឯកភាពគ្នាទៅលើ ថាតើក្រុមហ៊ុនផលិតកាំភ្លើងគួរតែទទួលខុសត្រូវលើការបាញ់ប្រហាររង្គាលដែលធ្វើឡើងដោយជនដែលប្រើប្រាស់កាំភ្លើងរបស់ក្រុមហ៊ុនទាំងនោះឬយ៉ាងណានោះទេ៕