លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងលោកប៊ឺនី សានឌ័រ (Bernie Sanders) សមាជិកព្រឹទ្ធសភារដ្ឋ Vermont មានប្រៀបខ្លាំងនៅក្នុងការពិភាក្សាដេញដោលលើកទីមួយរបស់គណបក្សប្រជាធិបតេយ្យសម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦។ បេក្ខជនទាំងពីរបានរក្សាតំណែងរបស់ពួកគេថាជាអ្នកនាំមុខនៅក្នុងគណបក្ស។ នេះ បើយោងតាមការបញ្ជាក់របស់អ្នកវិភាគមួយចំនួន។
លោកស្រីគ្លីនតុន និងលោកសានឌ័រ បានប៉ះសម្តីគ្នាលើបញ្ហាជាច្រើន រួមមានការគ្រប់គ្រងអាវុធ គោលនយោបាយសេដ្ឋកិច្ច និងតួនាទីរបស់យោធាអាមេរិកនៅក្រៅប្រទេស។ មានបេក្ខជនបីនាក់ផ្សេងទៀតដែលមានឈ្មោះល្បី តិចតួចក៏បានចូលរួមពិភាក្សាដេញដោលដែលមានរយៈពេលពីរម៉ោងនោះដែរ។
នៅពេលបើកការពិភាក្សាភ្លាមៗ បេក្ខជនទាំងអស់ហាក់មានជំហររួមគ្នាដោយមិនបានព្រាងទុកលើការប្រើប្រាស់ប្រព័ន្ធផ្ទុកអ៊ីម៉ែលផ្ទាល់ខ្លួនរបស់លោកស្រី គ្លីនតុន ក្នុងពេលលោកស្រីកាន់ការជារដ្ឋមន្ត្រីក្រសួងការបរទេស។ នេះជាបញ្ហាដែលបង្អាក់ការចាប់អារម្មណ៍ម្តងហើយម្តងទៀតលើយុទ្ធនាការរបស់លោកស្រី។
លោកស្រីគ្លីនតុនបានសុំទោសចំពោះបញ្ហានោះ ហើយជាថ្មីម្តងទៀតបានទទួលស្គាល់ថាការប្រើប្រាស់អ៊ីម៉េលផ្ទាល់ខ្លួនមិនមែនជាជម្រើសដ៏ល្អនោះទេ ប៉ុន្តែលោកស្រីក៏បានព្យាយាមហៅគណៈកម្មការសភា ដែលស៊ើបអង្កេតរឿងនេះថាមានការលម្អៀង។
បេក្ខជននាំមុខទាំងពីរក៏បានប្រកែកគ្នាលើបញ្ហាការគ្រប់គ្រងអាវុធ ដែលជាបញ្ហាមួយលេចចេញយ៉ាងខ្លាំងលើការពិភាក្សា បន្ទាប់ពីមានការបាញ់សម្លាប់ជាច្រើនក្នុងរយៈពេលថ្មីៗនេះ៕