ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​អាមេរិក​​ពិចារណា​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី


អនុប្រធានាធិបតី​អាមេរិកលោក Joe Biden (ខាងលើ)​​ពិចារណា​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី។
អនុប្រធានាធិបតី​អាមេរិកលោក Joe Biden (ខាងលើ)​​ពិចារណា​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី។

លោក​អនុប្រធានាធិបតី​ស.រ.អា​ Joe Biden​ ហាក់ដូចជាកំពុង​ថ្លឹង​ថ្លែង​យ៉ាង​ម៉ត់ចត់​អំពី​ការ​ឈរ​ឈ្មោះ​មួយ​លើកទៀត​សម្រាប់​ការ​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​លោក​បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​ក្រុម​អ្នកផ្តល់​ប្រាក់​កាស​សម្រាប់​ការ​ឃោសនា​បោះឆ្នោត​ និង​ក្រុម​អ្នកគាំទ្រ​លោក​កាល​ពី​ប៉ុន្មានថ្ងៃមុន​នេះ​ ហើយ​លោក​បានជួប​ជាមួយសមាជិកា​សំខាន់​ម្នាក់​នៃសភា​ស.រ.អ.​នៅពេល​លោក​ស្ទាបស្ទង់​មើល​អំពី​សេចក្តី​សង្ឃឹម​របស់​លោក។​

លោក Biden បាន​ផ្អាក​ទស្សនកិច្ច​មួយ​ក្នុង​ទៅ​កាន់​រដ្ឋ​ Delaware ដែល​ជា​រដ្ឋ​កំណើត​របស់​លោក​កាល​ពី​ថ្ងៃសៅរ៍​ដើម្បី​ពិសារ​អាហារថ្ងៃត្រង់​ផ្លូវ​ឯកជន​មួយ​នៅ​ឯគេហដ្ឋាន​ជា​ផ្លូវការ​របស់​លោក​ក្នុង​រដ្ឋធានី​ Washington ​ជាមួយ​លោកស្រី​ Elizabeth Warren ​សមាជិកា​ព្រឹទ្ធសភា​ស.រ.អ.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ​ Massachusetts ​ដែល​ជា​ឥស្សរជន​មាន​ការ​គាំទ្រ​ច្រើន​ពី​ពួក​ប្រជាធិបតេយ្យ​ជឿនលឿន​ដែល​កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ​បាន​ច្រានចោល​ការ​ស្នើ​ឲ្យ​លោក​ស្រីចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ ​លោក​ស្រី​ Warren ដែល​ជា​អ្នកប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ឥទ្ធិពល​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​នៅ​ក្នុង​ស​.រ.អា​មិន​បាន​គាំទ្រ​បេក្ខជន​ណាម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទេ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ Hillary Clinton ដែល​ជាអ្នក​នាំ​មុខគេ​នៅ​ពេល​នេះ​ផងដែរ។

ការ​ពិចារណា​របស់​លោក​ Biden ក្នុង​ការ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ​ត្រូវ​បានឡើង​នៅ​ពេល​ដែល​ការស្ទង់មតិ​ខាង​នយោបាយ​បង្ហាញ​ថា​ ការ​គាំទ្រ​លោក​ស្រី​ Clinton បាន​ចុះ​ថយ​នៅ​ពេល​មាន​សំណួរ​អំពី​ការ​ដែល​លោក​ស្រីបាន​ប្រើប្រាស់​សារអេឡិចត្រូនិច​ឯកជន​របស់​លោកស្រី​នៅពេល​លោកស្រី​កាន់​តំណែង​បួន​ឆ្នាំជា​អ្នកការទូត​កំពូល​ស.រ.អា​ក្នុង​អណត្តិ​ទី​មួយ​របស់លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ក្នុង​សេតវិមាន។​ លោក​អូបាម៉ា​បាន​ត្រូវ​រារាំង​ដោយ​រដ្ឋធម្មនុញ្ញ​មិន​ឲ្យ​លោក​ស្វះស្វែង​កាន់តំណែង​ក្នុង​អណត្តិ​ទី​បីទេ។

លោក​ Biden ដែល​មាន​អាយុ៧២ឆ្នាំ បាន​ចាញ់ឆ្នោត​ពីរដងមក​ហើយ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​របស់​លោក​ឲ្យ​បានទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ១៩៨៨ ​និង​ឆ្នាំ២០០៨​នៅ​ពេល​លោក​កាន់តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា។ លោកបាន​បម្រើការ​ជា​អនុប្រធានាធិបតី​ក្រោម​លោកអូបាម៉ា​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ៕

XS
SM
MD
LG