បេក្ខជនតំណែងប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកគឺលោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងលោកប៊ឺនី សែនឌ័រ (Bernie Sanders) បានដេញដោលគ្នាលើនិន្នាការនយោបាយរបស់ពួកគេ នៅក្នុងវេទិកាពិភាក្សាសាធារណៈមួយនៅរដ្ឋ New Hampshire ដែលផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីយប់ថ្ងៃពុធ។
លោកសែនឌ័រ ដែលហៅខ្លួនឯងថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យ ដែលមកពីរដ្ឋ Vermont នៅក្បែរនោះបានចោទសួរលោកស្រីគ្លីនតុនពីជំនឿរបស់លោកស្រី លើផ្នែកសេរីភាពនិយម និងនិន្នាការជឿនលឿននិយម ដោយផ្តោតលើបញ្ហាការធ្វើច្បាប់កំណត់លើក្រុមហ៊ុនផ្សារ Wall Street កំណែទម្រង់ការផ្តល់ថវិកាដល់យុទ្ធនាការឃោសនា និងការបដិសេធរបស់លោកស្រីមិនព្រមអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលឈ្លានពានប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ដែលពេលនោះ លោកស្រីគឺជាសមាជិកព្រឹទ្ធសភាតំណាងឱ្យរដ្ឋញូវយ៉ក។
លោកស្រីគ្លីនតុននិយាយថា ដៃគូប្រកួតរបស់គាត់បានតាំងខ្លួនជាអ្នកអង្គុយឃ្លាំមើលថាតើអ្នកណាជាអ្នកមានគំនិតជឿនលឿននិយម ហើយថានៅក្រោមកម្រិតស្តង់ដាររបស់លោកសែនឌ័រគឺសូម្បីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ឬលោកអនុប្រធានាធិបតីចូ ប៊ីដាន់ (Joe Biden) ក៏មិនជាប់ដែរ។ លោកស្រីបានការពារប្រវត្តិការងាររបស់គាត់ដូចជាកម្មវិធីសុខភាពជាដើម។
វេទិកាពិភាក្សាដេញដោលកាលពីថ្ងៃពុធរៀបចំឡើងក្នុងរយៈពេលតែពីរថ្ងៃបន្ទាប់ពីលោកស្រីគ្លីនតុនឈ្នះបានតែបន្តិចបន្តួចលើលោកសែនឌ័រ នៅក្នុងការបោះឆ្នោតនៅឯការប្រជុំគណបក្សក្នុងរដ្ឋ Iowa៕