ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​សង្ឃឹម​ចំពោះ​​សន្និសីទ​​ស្តី​ពី​​​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ មាន​កម្រិត​


ផ្លាកសញ្ញា​នៃ​​ការ​ជួប​ប្រជុំ​នា នៅ​ទី​ក្រុង​​ឃេន​ឃុន​ (Cancun) ​នៃ​ប្រទេស​ម៉ិចសិក។
ផ្លាកសញ្ញា​នៃ​​ការ​ជួប​ប្រជុំ​នា នៅ​ទី​ក្រុង​​ឃេន​ឃុន​ (Cancun) ​នៃ​ប្រទេស​ម៉ិចសិក។

ទី​ក្រុង​ហូស្តុន៍​ (Houston)៖​ បើ​ពិនិត្យ​មើល​ពី​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ធំ​ធេង​ ចំពោះ​លទ្ធផលនៃសន្និសីទ​ស្តី​ពី​ការ​ប្រែ​ប្រួលអាកាស​ធាតុរបស់​អង្គការ​សហ​ប្រជាជាតិ​ ​កាល​ពី​ឆ្នាំ​មុន​ នៅ​ទី​ក្រុងកូ​ប៉េន​ហាក​ (Copenhagen)​ សេចក្តី​សង្ឃឹមចំពោះ​ការ​ជួប​ប្រជុំ​នា​ពេល​ខាង​មុខ​ នៅ​ទី​ក្រុងឃេន​ឃុន​ (Cancun) ​នៃ​ប្រទេស​ម៉ិច​សិក​ ចាប់​ពីថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ មាន​កម្រិត​យ៉ាង​ខ្លាំង។​ ប៉ុន្តែ​ ក្រុមសកម្មជនបរិស្ថាន​ថ្លែង​ថា​ មាន​វិធានការ​បន្ថែម​ទៀត​ជា​ច្រើន​ ដែលនឹងត្រូវធ្វើ​ឡើងពី​សំណាក់​រដ្ឋាភិបាល​ ដែល​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ ដើម្បីបង្កើន​កិច្ច​ប្រឹង​ប្រែង​របស់​ពិភព​លោក​ ចំពោះ​ការ​កាត់​បន្ថយការកើន​ឡើង​កំដៅ​ផែន​ដី​ និងឥទ្ធិពល​អាក្រក់ផ្សេងៗ​ទៀត។

បើ​ទោះ​ជាសនិ្នសីទ​ស្តី​ពី​បរិយាកាស​ កាល​ពី​ឆ្នាំ​មុន​ នៅ​ទី​ក្រុង​កូប៉េនហាក​ ពិត​ជា​បាន​នាំ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​មតិ​គ្នា​ទាំង​ស្រុង​លើ​បញ្ហាមួយចំនួន​ក៏​ដោយ​ ក៏​សន្និសីទ​នោះ ខក​ខាន​មិន​បាន​បង្កើតសន្ធិ​សញ្ញា​មួយ​ ដែល​នឹង​បង្ខំប្រទេស​ទាំង​ឡាយ​ ឲ្យ​ដាក់កម្រិត​ទៅ​លើឧស្ម័ន​ផ្ទះ​កញ្ចក់បំពុលបរិស្ថានឡើយ។

ខណៈ​ដែលប្រទេស​នានា​ យល់​ស្រប​ជា​ទូ​ទៅ​ ស្តី​ពី​ភាព​ចាំ​បាច់​ក្នុងការ​កាត់​បន្ថយឧស្ម័ន​បញ្ចេញចោល​ ប្រទេស​ទាំង​នេះច្រើន​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​តាំង​ចិត្ត​ ​ដើម្បី​ចាត់​វិធានការដែល​ពួក​គេគិតថាអាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រីក​ចម្រើនសេដ្ឋកិច្ច​របស់​ខ្លួន។

បើយោងតាម​ លោក​ដេវីត​ ធឺនប៊ុល​ (David​ Turnbull)​ នាយក​ប្រតិបត្តិនៃបណ្តាញសកម្ម​ភាពបរិយាកាស​អន្តរជាតិ​ (Climate​ Action​ Network​ International) បញ្ជាក់​ថា​ គឺ​ការព្រួយបារម្ភរបស់ប្រទេស​ទាំងនេះ​ មិនមែនជាដំណើរការទទួលការគាំទ្រពីអង្គការសហប្រជាជាតិ​ទេ​ ដែលបានរារាំង​មិន​ឲ្យ​មាន​កិច្ចព្រមព្រៀង​ នៅទីក្រុងកូប៉េនហាក​នេះ។

«វា​មិន​មែន​ដោយ​សារតែ​អង្គការ​សហ​ប្រជាជាតិមានកំហុស​នោះ​ទេ​ ឬ​ក៏​ដោយ​សារប្រព័ន្ធដែលផ្អែក​លើ​ការ​ព្រម​ព្រៀង​មតិ​ទាំង​ស្រុង​ មាន​បញ្ហា​នោះ​ទេ។​ វា​កើត​ឡើង​ដោយ​សារនយោបាយនៅ​ឯ​ប្រទេស​ពួក​គេ​ មិន​មាន​លក្ខណៈ​អនុគ្រោះ​ ដើម្បី​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​នោះ។​ ហើយ​ ប្រទេស​ទាំង​នោះ​ មិន​មាន​លក្ខណៈ​អំណោយ​ផលដល់​ការ​សម្រេច​បាននូវកិច្ច​ព្រម​ព្រៀង​ពេញ​លេញ​ យុត្តិធម៌​ ធំ​ធេង​ និង​ចង​ភ្ជាប់​ នៅឯ​ទី​ក្រុង​ឃេនឃុន​ ហើយយើង​ត្រូវ​តែ​ធ្វើ​ការ​ដូចអង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ផ្លាស់​ប្តូរនយោបាយទាំង​អស់​នោះ ​ហើយឲ្យរដ្ឋាភិបាល​នា​នា​ទ​ទួល​ស្គាល់​ថា​ វា​ស្ថិត​ក្នុង​ផល​ប្រយោជន៍​ដ៏​ប្រសើរ​បំផុតរបស់​ពួក​គេ​ ក្នុង​ការដោះ​ស្រាយបញ្ហា​ផ្លាស់​ប្តូរ​អាកាស​ធាតុ»។

លោក​ធឺន​ប៊ុល​ មាន​ប្រសាសន៍​ថា​ អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំនៅ​ឃេន​ឃុន​ គួរ​តែ​ផ្តោត​ទៅ​លើ​ផែន​ការជួយ​ប្រទេស​ក្រី​ក្រ​ជាង​ខ្លួន​ ឲ្យ​កាត់​បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់​ ដោយមិនធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់កិច្ចការអភិវឌ្ឍ​ឡើយ។

ចំណុច​មួយ​ ដែល​ប្រទេស​នា​នា​ អាច​ធ្វើ​ឲ្យ​មាន​ភាព​ជឿន​លឿន​ទៅ​មុខ​ នៅ​ទី​ក្រុង​ឃេនឃុន​ គឺ​ការ​កាប់ឈើ​ច្រើន​ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រនិយាយ​ថា​ ជា​ការ​រួម​ចំណែក​ដ៏​ចំបង​ ចំពោះការកើន​ឡើង​កំដៅ​ផែន​ដី។

លោក​ធឺនប៊ុល​ ក៏​សង្ឃឹម​ថា​នឹង​ឃើញមាន​ការ​ជៀន​លឿន​ ក្នុង​ការ​បង្កើត​មូល​និធិ​អាកាស​ធាតុ​សកល​លោក​មួយ​ដែរ​ ដើម្បី​គាំទ្រដល់​ការ​អភិវឌ្ឍ​គម្រោង​ និង​បច្ចេកវិជ្ជា​ ដែល​នឹងកាត់​បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់បំពុលបរិស្ថាន។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ មាន​ការ​ព្រួយ​បារម្ភ​បំផុត​ អំពី​ការ​កើន​ឡើងឧស្ម័ន​បញ្ចេញ​ចោល​ពីរោងចក្រ ​រោង​ចក្រ​អគ្គិសនី​ និង​រថយន្ត​ នៅ​តាម​បណ្តា​ប្រទេសដែល​រីក​លូត​លាស់​ឆាប់​រហ័ស​ មាន​ដូច​ជាប្រទេស​ចិន​ និងឥណ្ឌា។​ ចិន​ ដែល​ឥឡូវ​នេះ​ ជាប្រទេស​បញ្ចេញ​ចោល​ជាតិកា​ប៊ោន​ និង​ឧស្ម័នផ្ទះ​កញ្ចក់បំពុលបរិស្ថានផ្សេង​ទៀត​ ដ៏​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ​បាន​សន្យា​ចាត់​វិធានការដោយ​ខ្លួន​ឯង​ នៅ​ឯ​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​មាន​សញ្ញាណមួយ​ចំនួន​ ដែល​បញ្ជាក់​ថា​ ចិនប្រហែល​ជា​មិនធ្វើ​តាម​ពាក្យ​សន្យា​នេះ​ទាំង​ស្រុង​ទេ។

នៅ​ឯ​វិទ្យាស្ថាន​ប៊េកឃឺ​ដើម្បី​គោល​នយោបាយ​សាធារណៈ​ របស់​សាកល​វិទ្យាល័យ​រ៉ាយ​ (Rice​ University)​ លោក​ នៀល​ ឡេន​ (Neal​ Lane)​ អ្នក​វិភាគ​លើ​គោល​នយោបាយវិទ្យាសាស្ត្រ ​ចាត់​ទុកការ​ប្តេជ្ញា​ចិត្តរបស់​ចិន​ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បីបង្កើន​វិធាន​ការទូ​ទាំង​ពិភពលោក ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។​លោក​ឡេន​ អតីត​ទី​ប្រឹក្សា​វិទ្យាសាស្ត្រ​របស់​លោក​ប្រធានាធិបតី​ ឃ្លីនតុន​ ដែល​ធ្លាប់​បានធ្វើ​កិច្ចការ​ទាក់​ទងទៅ​នឹង​សន្និសីទ​មួយ​ចំនួន​ស្តី​ពីការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ បាន​ថ្លែង​ថា​ លោក​សង្ឃឹមថាទី​ក្រុង​ឃេនឃុន​ នឹងជួយ​លើក​កម្ពស់តម្លាភាព​ច្រើន​ជាង​មុន។

«ខ្ញុំរំពឹង​ថានឹង​មានការ​រីក​ចម្រើនខ្លះៗ​ទៅ​លើ​បញ្ហា​តម្លាភាព​នោះ ​ដោយ​សារការជឿ​ទុក​ចិត្តពិតជា​កតា​សំខាន់​ណាស់នៅ​ទី​នេះ។​ ជា​រឿយៗ​ ហេតុ​ផល​ ដែល​ប្រទេស​នា​នា​មិន​អាចចូលជិត​គ្នា​បាន​ចំពោះ​អ្វីដែល​ជាភាព​សមហេតុ​ផល​នោះ ​គឺ​ដោយ​សារពួក​គេ​មិនជឿ​ទុក​ចិត្តគ្នា​សោះ»។​ លោក​ឡេន​ បាន​ថ្លែង​ថា​ លោក​ក៏​រំពឹងថា​នឹង​មើល​ឃើញ​អ្នក​ចូល​រួម​នៅ​ឃេន​ឃុន​ ធ្វើ​កិច្ចការឲ្យបាន​ច្រើន​ដើម្បីសម្រប​សម្រួល​ ដែល​ទឹក​ប្រាក់​បាន​មក​ពីប្រទេស​អ្នក​មាន​ នឹងត្រូវប្រើដើម្បី​ជួយប្រទេសក្រី​ក្រ​ ដែល​ទំនង​ជា​មាន​អារម្មណ៍​ថា​ខ្លួន​នឹង​ទទួល​ផល​ប៉ះ​ពាល់ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ។

លោក​ឡេន​ មាន​ប្រសាសន៍​ទៀត​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​ខ្លួន​ឯង​ មាន​ការ​មន្ទិល​សង្ស័យ​អំពីកម្រិត​នៃ​ឥទ្ធិពលអាក្រក់​របស់​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ប៉ុន្តែលោកថ្លែង​ថា វិទ្យាសាស្ត្របាន​ធ្វើឲ្យលោកជឿ​ជាក់​អំពីការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​នេះ៕

ប្រែ​សម្រួល​ដោយ​ លី​ សុខ​ ឃាង

XS
SM
MD
LG