ក្រុមអ្នកជំនាញបានព្រមានថាការផ្លាស់ប្តូរអាកាសធាតុនឹងកាត់បន្ថយផលិតកម្មនៃដំណាំកសិកម្មចម្បងៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ការសិក្សាថ្មីមួយបានផ្តល់យោបល់ថា ការធ្លាក់ចុះនេះបានកើតមានឡើងរួចទៅហើយ។
យោងតាមការសិក្សាថ្មីមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្រ្តបានឱ្យដឹងថាសីតុណ្ហភាពជាមធ្យមនៅក្នុងរដូវដាំដុះ បានកើនឡើងនៅក្នុងប្រទេសទាំងឡាយ ដែលដាំដំណាំកសិកម្មចម្បងៗភាគច្រើន នៅក្នុងកំឡុងពេលបីទសវត្សរ៍កន្លងមកនេះ។ អ្នកសេដ្ឋកិច្ចនិងជាសហអ្នកនិពន្ធ លោក វូលហ្រ្វាម ស្លែនឃ័រ (Wolfram Schlenker) នៅឯសាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) និយាយថា បញ្ហានេះមិនមែនជារឿងអាក្រក់មួយនោះទេ។
«វាមានលក្ខណៈប្រសើរជាងសម្រាប់ទិន្នផល ប្រសិនបើអាកាសធាតុមានសីតុណ្ហភាពក្តៅជាងមុន ប៉ុន្តែលុះត្រាតែឡើងដល់ត្រឹមចំណុចមួយតែប៉ុណ្ណោះ»។
លោក ស្លែនឃ័រ និយាយថា នៅពេលដែលសីតុណ្ហភាពឡើងលើសពីចំណុចជាក់លាក់មួយ ដែលមានកម្រិតខុសៗគ្នាសម្រាប់ដំណាំនីមួយៗ ទិន្នផលនឹងធ្លាក់ចុះយ៉ាងខ្លាំង។
នៅក្នុងកំឡុងពេលមួយសតវត្សរ៍កន្លងមកនេះ ក្រុមកសិករនៅក្នុងប្រទេស ដែលដាំដំណាំកសិកម្មចម្បងៗ បានបង្កើនទិន្នផលរបស់ពួកគេយឺតៗប៉ុន្តែថេរ ខណៈពេលដែលគ្រាប់ធញ្ញជាតិនិងវិធីសាស្រ្តធ្វើស្រែចំការប្រសើរជាងមុន ត្រូវបានបង្កើតឡើង។
លោក ស្លែនឃ័រ និងសហការីរបស់លោក បានប្រើប្រាស់ទម្រង់គណិតវិទ្យា ដើម្បីពិនិត្យមើលថាតើ ការឡើងសីតុណ្ហភាពនឹងចាប់ផ្តើមធ្វើឱ្យមានការដើរថយក្រោយនូវទិន្នផលផលិតកម្មមួយចំនួនដែលបានរីកចម្រើនដោយសារមានបច្ចេកវិទ្យាដែលមានការប្រសើរឡើងឬទេ។
«ដូច្នេះ យើងពិតជាបានរកឃើញថា ទំនោរអាកាសធាតុនៅក្នុងកំឡុងពេល២៩ឆ្នាំកន្លងមក មានផលប៉ះពាល់ទៅលើទិន្នផលដំណាំរួចទៅហើយ ជាពិសេសចំពោះដំណាំពីរប្រភេទ គឺដំណាំពោតនិងស្រូវសាលី»។
យោងតាមការសិក្សា ផលិតកម្មពោតជាសាកលគឺមានកម្រិត៣,៨ភាគរយ ទាបជាងផលិតកម្មដែលអាចទទួលបាន ប្រសិនបើមិនមានការប្រែប្រួលអាកាសធាតុ ហើយផលិតកម្មស្រូវសាលីគឺ៥,៥ភាគរយទាបជាងធម្មតា។
ចំនួនប៉ុណ្ណេះប្រហែលជាមិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែការសិក្សាបានបង្ហាញថា ចំនួននេះគឺស្មើនឹងផលិតកម្មពោតប្រចាំឆ្នាំរបស់ប្រទេស ម៉ិកស៊ីកកូ និងផលិតកម្មស្រូវសាលីប្រចាំឆ្នាំរបស់ប្រទេសបារាំង។
ស្រូវនិងសណ្តែកសៀងមិនទទួលផលប៉ះពាល់ខ្លាំងប៉ុន្មានទេ នៅក្នុងកម្រិតជាសាកលមួយ ពីព្រោះទិន្នផលដែលទទួលបានពីសីតុណ្ហភាពក្តៅល្មម នៅក្នុងតំបន់ដែលក្តៅអាចទូទាត់នឹងការខាតបង់ទាំងឡាយនៅផ្នែកផ្សេងៗនៃពិភពលោក។
«ខ្ញុំគិតថា នេះគឺពិតជាអត្ថបទស្រាវជ្រាវដ៏អស្ចារ្យមួយ»។
អ្នកវិទ្យាសាស្រ្តអំពីដី លោក ឈុក រ៉ាយស៍ (Chuck Rice) នៅឯសាកលវិទ្យាល័យរដ្ឋ កែនសាស់ (Kansas University) និយាយថា ភាគច្រើននៃការស្រាវជ្រាវពីមុនទៅលើការផ្លាស់ប្តូរអាកាសធាតុ បានផ្តោតទៅលើថាតើផលប៉ះពាល់ទៅលើវិស័យកសិកម្មនឹងទៅជាដូចម្តេចនាពេលអនាគត។ ការស្រាវជ្រាវនេះ បានផ្តល់ឱ្យនូវការយល់ដឹងមួយ នៃអ្វីដែលបានកើតមានឡើងរួចទៅហើយ។ ហើយជាមួយនឹងតម្រូវការទៅលើកសិកម្ម ដែលត្រូវបានរំពឹងថានឹងមានការកើនឡើងប្រមាណ៧០ភាគរយ នៅក្នុងកំឡុងពេលបួនទសវត្សរ៍ទៅមុខទៀត លោក រ៉ាយស៍ និយាយថា វាបានបង្ហាញថា ជំហាននៃការរីកចម្រើននាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ។
«សូម្បីតែចំនួន១ឬ១,១ភាគរយនៃការរីកចម្រើនប្រចាំឆ្នាំ នៃទិន្នផលដំណាំកសិកម្ម ក៏យើងមិនអាចឈានដល់គោលដៅទាំងនោះបានដែរ។ ដូច្នេះ ប្រសិនបើការប្រែប្រួលអាកាសធាតុបានរាំងស្ទះយើងរួចទៅហើយ នោះមានន័យថា យើងស្ទើរតែត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេរដង»។
លោក វូលហ្រ្វាម ស្លែនឃ័រ និយាយថា ការសិក្សារបស់លោកផ្តល់ឱ្យអ្នកធ្វើគោលនយោបាយនូវទិសដៅមួយ ទៅលើថាតើត្រូវរៀបចំសម្រាប់ការឡើងកំដៅ ដែលកំពុងតែកើនឡើងដោយរបៀបណា ដែលអ្នកវិទ្យាសាស្រ្តរំពឹងថា នឹងមកដល់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
«ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការឡើងតម្លៃម្ហូបអាហារ វាប្រហែលជាល្អនៅក្នុងការប្រមូលផ្តុំការស្រាវជ្រាវមួយចំនួន ដើម្បីធ្វើការបង្កាត់ពូជដែលអាចទ្រាំទ្រនឹងកំដៅ ហើយប្រហែលជាអាចទ្រាំទ្រនឹងភាពរាំងស្ងួតថែមទៀតផង»។
ខណៈពេលដែលសីតុណ្ហភាពជាមធ្យមនៅក្នុងរដូវដាំដុះ មានទំនោរកើនឡើងខ្ពស់ជាងមុននៅក្នុងប្រទេសដែលផលិតដំណាំកសិកម្មភាគច្រើន ការលើកលែងគួរឱ្យកត់សម្គាល់មួយគឺសហរដ្ឋអាមេរិក ដែលគួរឱ្យភ្ញាក់ផ្អើល ការសិក្សាបានរកឃើញថា សីតុណ្ហភាពជាមធ្យមទាំងនោះ តាមពិតទៅបានធ្លាក់ចុះបន្តិចម្តងៗ។ ក្រុមអ្នកនិពន្ធនិយាយថា ប្រការនេះប្រហែលជាជួយពន្យល់ ទៅលើការសង្ស័យមួយចំនួនអំពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានរកឃើញនៅក្នុងតំបន់ធ្វើស្រែចំការរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែ ពួកគេបានព្រមានថា ទំនោរនៃអាកាសធាតុត្រជាក់ មិនត្រូវបានរំពឹងថានឹងមានរយៈពេលយូរនោះទេ៕
ប្រែសម្រួលដោយ ឌី ខាំបូលី