ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេបានរាយការណ៍ថា ប្រទេសវៀតណាមចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការទូលំទូលាយមួយជាមួយប្រទេសអ៊ីស្រាអែល (Israel) ក្នុងកិច្ចការពារប្រទេសរបស់ខ្លួន។
នេះបើតាមការថ្លែងរបស់លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនៅពេលលោកស្វាគមន៍ទទួលលោក Dan Harel អគ្គនាយកនៃក្រសួងការពារប្រទេស អ៊ីស្រាអែល ដែលដឹកនាំគណៈប្រតិភូអ៊ីស្រាអែលមួយក្រុមទៅបំពេញទស្សនកិច្ចក្នុងក្រុងហាណូយកាលពីថ្ងៃច័ន្ទ។
លោក Harel បាននិយាយថា លោករីករាយជាខ្លាំងជាមួយការអភិវឌ្ឍន៍នៅក្នុងទំនាក់ទំនងរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសវៀតណាម ដោយមានរួមបញ្ចូលការទាក់ទងគ្នាក្នុងវិស័យការពារប្រទេសផងដែរ។ គេធ្លាប់ដឹងថាប្រទេសវៀតណាមជាអ្នកគាំទ្រខ្លាំងមួយដល់អង្គការរំដោះប៉ាឡេស្ទីន (Palestine) និងជាអ្នករិះគន់ខ្លាំងដល់អ៊ីស្រាអែល នៅក្នុងពេលច្រើនទសវត្សរ៍នៃជម្លោះរវាងអ៊ីស្រាអែលនិងអង្គការរំដោះប៉ាឡេស្ទីន៕