ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ះ​ទង្គិច​គ្នា​រំខាន​ការ​ប្រារព្ធ​​ពិធីបុណ្យ​ Christmas នៅហុងកុង


ប៉ូលិសឃុំខ្លួនបាតុករម្នាក់អំឡុងពេលបាតុកម្មនៅក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

សភាព​តាន​តឹង​បាន​កើត​មាន​អំឡុង​ពិធីបុណ្យ​ Christmas ​នៅ​ហុងកុង​កាលពី​ល្ងាច​ថ្ងៃពុធ​ ​នៅ​ពេល​ដែល​ប៉ូលិសបាន​បាញ់ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​បាញ់​កម្ទេច​ម្ទេស​ឬ​ម្រេច​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​និង​បានចាប់ខ្លួនពេល​មាន​ការ​ប្រឈម​គ្នា។​

ការ​ប៉ះ​ទង្គិច​ចុង​ក្រោយ​បាន​កើត​ឡើង​នៅ​ពេល​អ្នកស្រី​ Carrie Lam មេដឹកនាំ​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​នៅ​ក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះបាន​ថ្កោលទោស​អ្វីដែល​អ្នកស្រី​ហៅ​ថា ​«កុប្បករ​មិន​ចេះគិត​និង​អាត្មា​និយម»​ បំផ្លាញ​ពិធីបុណ្យChristmas។ ​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​រូប​នេះបាន​និយាយ​ថា​ រដ្ឋាភិបាល​នឹង «ធ្វើឱ្យ​ប្រាកដ​ថា ​អ្នក​រំលោភ​ច្បាប់​នឹង​ទទួល​រង​ផល​វិបាក»។​

ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​ នៅ​ពេល​ក្រុម​សកម្មជន​បាន​ធ្វើ​បាតុកម្ម​យ៉ាង​ធំនៅ​តាម​ផ្សារ​និង​សង្កាត់​ពាណិជ្ជកម្ម​នៅទូទាំង​ទីក្រុង​ហុងកុង​នៅថ្ងៃ​បុណ្យ​ Christmas។​

ប៉ូលិស​ក៏បានចាប់ខ្លួននិង​ស្វែងរក​យុវជន​ជាច្រើន​នាក់​ដែល​ស្លៀកពាក់​ខ្មៅ ដែល​ជា​សញ្ញា​របស់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ចាប់​តាំងពី​ខែ​មិថុនា។​

នៅ​ក្រុង​ Mongkok ​ជា​សង្កាត់​ពាណិជ្ជកម្ម​ដ៏អ៊ូអរ​នោះ​ ​ប៉ូលិសប្រឆាំង​កុបកម្ម​ប្រដាប់​ដោយ​ខែល​បាន​ជេរឆ្លើយឆ្លង​ជាមួយ​ក្រុម​បាតុករ​ អ្នក​ដើរ​ផ្សារ​និង​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់ មុន​ពេល​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ជាច្រើន​លើក​លើពួក​គេ​និង​ចាប់ខ្លួន​ជា​ច្រើន​នាក់។​

គេឮប៉ូលិសហៅ​ក្រុម​អ្នក​តវ៉ាថា​ពួក​សំរាម។​ គេ​មិនទាន់​ដឹង​ច្បាស់​ថា​ តើ​ប៉ូលិស​ឆ្លើយ​តប​នឹង​ការ​បង្ក​ហេតុ​ឬ​យ៉ាងណា។ ​មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​តាម​ដង​ផ្លូវ​ដោយ​អ្នក​ខ្លះ​គ្រវីទង់​ជាតិ​ហុងកុង​ឯករាជ្យ​ឬ​ទង់​ជាតិ​អាមេរិក៕​

XS
SM
MD
LG