ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដាក់​ទណ្ឌកម្ម​លើ​សហរដ្ឋ​អាមេរិក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ហុងកុង


ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទទួល​អាហារ​ថ្ងៃ​ត្រង់​នៅ​ឧទ្យាន Chater ក្នុង​ក្រុង​ហុងកុង​ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទទួល​អាហារ​ថ្ងៃ​ត្រង់​នៅ​ឧទ្យាន Chater ក្នុង​ក្រុង​ហុងកុង​ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ប្រទេស​ចិន​បាន​ផ្អាក​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក និង​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិកាំង​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជា​ការ​សងសឹក​សម្រាប់​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​អនុម័ត​សំណើ​ច្បាប់​មួយ ដែល​គាំទ្រ​ក្រុម​អ្នក​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

ការ​តវ៉ា​ទាមទារ​ស្វ័យភាព​ប្រសើរ​ជាង​មុន​នៅ​ទីក្រុង​ហុងកុង​បាន​កើត​ឡើង​ជិត ៦ ខែ​មក​ហើយ ដែល​ការ​តវ៉ា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​រឿយៗ​បាន​រិះគន់​ថា​ដោយសារ​ឥទ្ធិពល​បរទេស។

កាល​ពី​សប្ដាហ៍​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ហុងកុង។ ច្បាប់​នេះ​តម្រូវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិនិត្យ​ជា​រៀងរាល់​ឆ្នាំ​នូវ​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ហុងកុង និង​គំរាម​ដក​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ ប្រសិនបើ​មាន​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង។

វិធានការ​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង «ដំណាក់កាល​ទី​មួយ‍» នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា៖ «ដើម្បី​ឆ្លើយតប​ទៅ​នឹង​ឥរិយាបថ​មិន​សម​ហេតុ​ផល​របស់​ភាគី​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្អាក​ការ​ពិនិត្យ​ឡើង​វិញ​នូវ​សំណើ​ដែល​ចង់​ឲ្យ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​សម្រាប់​ការ​សម្រាក​លំហែ​កម្សាន្ត​នៅ​ត្រឹម​ថ្ងៃ​នេះ‍»។

កន្លង​មក ប្រទេស​ចិន​បាន​បដិសេធ​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​នាវា​ទាហាន​ជើង​ទឹក​អាមេរិកាំង​ពីរ​គ្រឿង​ឈប់​សំចត​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ខែ​សីហា ដោយ​មិន​មាន​មូលហេតុ​ជាក់លាក់។

អ្នកស្រី Hua ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន​ក៏​នឹង​ដាក់​ទណ្ឌកម្ម​ផង​ដែរ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ទោះបីជា​អ្នកស្រី​មិន​បាន​ផ្ដល់​ហេតុ​ផល​ជាក់លាក់​អំពី​ទម្រង់​នៃ​វិធានការ​ដែល​នឹង​ត្រូវ​ធ្វើ​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG