ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សងសឹក ក្រោយ​ពី​អាមេរិក​បង្កើត​ច្បាប់​គាំពារ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង


ក្រុម​បាតុករ​កាន់​ទង់ជាតិ​អាមេរិក​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រុម​បាតុករ​កាន់​ទង់ជាតិ​អាមេរិក​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន បាន​ជាប់​គាំង​ដោយសារ​តែ​ច្បាប់​ថ្មីមួយដែល​គាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំង​ពីរ​របស់​អាមេរិក​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី។ ច្បាប់​នេះ គាំទ្រ​សកម្មជន​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង។ នេះ​បើ​យោង​តាម​គេហទំព័រ ​ព័ត៌មានAxios។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​តាម​អ៊ីនធឺណិត​នេះ បាន​ដកស្រង់​សម្ដី​ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​ក្រុម​ចរចា​របស់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ដោយ​និយាយ​ថា​ការ​ចរចា​ពាណិជ្ជកម្ម «‍ឥឡូវ​ជាប់​គាំង» ហើយ ដោយសារ​តែ​ច្បាប់​ថ្មី​នេះ។​

ប្រភព​ដដែល​និយាយ​ថា គេ​ត្រូវការ​ពេលបន្ថែម​ទៀត ដើម្បី​ឱ្យ​បញ្ហា​ «នយោបាយ​ក្នុង​ស្រុក» ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង «‍បាន​ធូរ​ស្រាល» សិន។

​ប្រទេស​ចិន ក៏​កំពុង​ចាត់​វិធានការ​សងសឹក​នឹង​សហរដ្ឋ​អាមេរិក ដោយ​សារ​ចិន​ចាត់​ទុក​ថា​អាមេរិក​គាំទ្រ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង។

ក្រសួង​ការបរទេស​ចិន បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ចិន​កំពុង​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលមាន​មូលដ្ឋានក្នុង​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​សកម្មភាព «‍អាក្រក់» ​អំឡុង​ពេល​មាន​បាតុកម្មក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ពេល​ថ្មីៗ​នេះ។

​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលដែល​រង​ផល​ប៉ះពាល់​ដោយ​ចំណាត់​ការ​របស់​ចិន​រួម​មាន​អង្គការ Human Rights Watch អង្គការ Freedom House​ និង​អង្គការ National Endowment for Democracy ជាដើម។

​ចិន​ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ដែរ​ថា ខ្លួន​ «‍បាន​សម្រេច​ព្យួរ​ការ​ពិនិត្យ​ទៅលើ​ពាក្យ​ស្នើ​សុំ​របស់​នាវា​អាមេរិក ក្នុង​ការ​ចូល​ទៅ​កាន់​ទីក្រុង​ហុងកុង ដើម្បី​ឈប់​សុំ​ចត​និង​សម្រាក​យក​កម្លាំង គិត​ត្រឹម​ថ្ងៃ​នេះ»។

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា៖ «‍ចិន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក កែ​កំហុស​របស់​ខ្លួន ដោយ​បញ្ឈប់​រាល់​ទង្វើ​និង​សកម្មភាព​ជ្រៀតជ្រែក​នានា​ទៅ​ក្នុង​កិច្ចការ​ក្រុង​ហុងកុង​និង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន»៕

XS
SM
MD
LG