ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទាក់ទង​នឹង​ការ​តំឡើង​ប្រព័ន្ធ​ស្ទាក់​ចាប់​មីស៊ីល THAAD


មនុស្ស​ម្នា​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​កុបកម្ម​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​តំឡើង​ប្រព័ន្ធ​ស្ទាក់​ចាប់​មីស៊ីល THAAD ក្នុង​តំបន់ Seongju ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់រយ​នាក់​បាន​ប៉ះទង្គិច​ជាមួយកង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ភូមិ​មួយ​ដែល​នៅ​ទី​នោះ​កង​យោធា​ស.រ.អា.​កំណត់​នឹង​ចាប់ផ្តើម​តាំង​ទី​ប្រដាប់​បាញ់​បង្ហោះ​នៃ​ប្រព័ន្ធ​ប្រឆាំង​នឹង​មីស៊ីល​ស.រ.អា.​ដែល​បាន​ត្រូវ​កសាង​ឡើង​សម្រាប់​ការពារ​ពួក​គេ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដែល​កើន​ខ្លាំង​ឡើងៗ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។​

អាជ្ញាធរ​បាន​បញ្ជូន​ពួក​ប៉ូលិសរាប់ពាន់​នាក់​ឱ្យ​ទៅ​បណ្តេញ​ពួក​បាតុករ​រាប់រយ​នាក់​ដែល​បាន​រាំង​ខ្ទប់ផ្លូវ​មួយ​ទៅ​កាន់​អតីត​វាល​ស្មៅ​សម្រាប់​លេង​កូនហ្គោល ដែល​នៅទី​នោះ​គេ​បាន​តំឡើង​ប្រព័ន្ធ THAAD។​

មន្ត្រី​ម្នាក់​នៅ​ក្នុង​តំបន់​ជនបទ​ Seonju បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មាន​មនុស្ស៣៨​នាក់​ដោយ​រួម​បញ្ចូល​ទាំង​ប៉ូលិស៦​នាក់​ផង​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ។​

ពួក​អ្នកស្រុក​នៅ​ Seonju និង​ពួក​សកម្មជន​បាន​បង្កើន​កង្វល់​អំពី​ពាក្យ​ចចាមអារាម​ថា​ មាន​គ្រោះ​ថ្នាក់​ខាង​សុខភាព​ទាក់ទិន​ជាមួយ​ប្រព័ន្ធ​រ៉ាដា​មាន​កម្លាំង​ខ្លាំង​នេះ​ និង​លទ្ធភាព​ថា​ក្រុង​នេះ​អាច​ក្លាយ​ទៅ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​កូរ៉េ​ខាង​ជើង។​

គេ​យល់​ឃើញ​ថា​ ប្រព័ន្ធ THAAD ជា​ប្រព័ន្ធ​ស្ទាក់បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​ទំនើប​បំផុត​ក្នុង​ពិភពលោក។​ គេ​បាន​ស្ថាបនា​ប្រព័ន្ធ​នេះ​ឡើង​ដើម្បី​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​មាន​វង់ប្រតិបត្តិការ​ជិត​ និង​ឆ្ងាយ​នៅពេល​វា​កំពុង​ហោះ​ទៅ​កាន់​ទីដៅ​ណា​មួយ។​

ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ THAAD ជា​ការ​ចាំ​បាច់​ដោយសារ​មាន​ការ​គំរាមកំហែងច្បាស់លាស់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​បាន​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ច្រើន​គ្រឿង​មក​ហើយ​ចាប់តាំង​ពី​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in បាន​ចូល​កាន់​តំណែង​កាលពី​ដើម​ខែ​ឧសភា​មក។​

ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​បាន​ធ្វើ​ការ​ពិសោធ​បរមាណូ​លើកទី​៦​របស់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​ដែល​បាននាំ​ឱ្យមាន​ការឆ្លើយ​តប​ខ្លាំង​ក្លា​មួយ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង

ជប៉ុន ស.រ.អា. និង​អ.ស.ប.។ ​ការ​ខិតខំ​ប្រឹង​ប្រែង​គ្មាន​នឿយហត់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​ផលិត​អាវុធ​បរមាណូ​បាន​បង្កើនភាព​តានតឹង​នៅ​លើ​ឧបទ្វីបកូរ៉េ និង​ហួស​ពីនេះ​ទៅ​ទៀត៕

XS
SM
MD
LG