ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ស៊ីវិល​កំពុង​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​ Aleppo​ ខណៈ​ការ​ប្រយុទ្ធ​ដណ្តើម​ក្រុង​ Manbij​ កំពុង​បន្ត​


រូបឯកសារ៖ ផ្សែង​ចេញ​ពីការ​​ប្រយុទ្ធរបស់​កង​កម្លាំង​ជម្រុះ​ទៅ​លើ​ក្រុង​ Manbij ដែល​ជា​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​តំបន់​របស់​ក្រុង​ Aleppo ប្រទេស​ស៊ីរី។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់រដ្ឋ​នៃ​ប្រទេស​ស៊ីរី​បាន​រាយការណ៍​ថា មនុស្ស​រាប់​សិប​គ្រួសារ​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​ Aleppo ​ដែល​ត្រូវ​ឡោមព័ទ្ធ​ក្រោយ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​បាន​បើក​តំបន់​របៀង​មនុស្សធម៌​មួយ។ ក្រុង​នេះ​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​មនុស្ស​ចេញ​ចូល​ច្រើន​សប្តាហ៍​មក​ហើយ​ នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​ទម្លាក់​គ្រាប់​បែក​លើ​ក្រុង​នេះ។​

ពួក​មន្ត្រី​អ.ស.ប.​និង​ក្រុម​ផ្តល់​ជំនួយ​បាន​សុំឱ្យ​រដ្ឋាភិបាល​ស៊ីរី​បើក​ផ្លូវ​ចូល​ក្នុង​ក្រុង​នេះ​ដើម្បី​ផ្តល់ជំនួយ​សង្គ្រោះ ​ដោយ​បានព្រមាន​ថា ​មនុស្ស​ប្រមាណ​៣​សែន​នាក់​នៅ​ទី​នោះប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ម្ហូប​អាហារ។

នៅ​ពេល​ជា​មួយ​គ្នា​នេះ ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​រដ្ឋ​ឥស្លាម​បាន​រាយការណ៍​ថា​ មាន​ការ​វាយ​ប្រហារ​តាមអាកាស​បន្ថែម​ទៀត​លើ​ក្រុង​សំខាន់​មួយ​នៅ​ខាង​ក្រៅ​ក្រុង​ Aleppo ​ដែល​នៅ​ទី​នោះ​ពួកជន​សកម្ម​ប្រយុទ្ធ​បាន​ប្រយុទ្ធ​ដើម្បី​រក្សា​ការ​ត្រួតត្រា​ផ្នែក​កណ្តាល​ក្រុង​នេះ។​

ក្រុម​យោធា​ស.រ.អា​.បាន​រាយការណ៍​ថា​ មាន​ការ​វាយ​ប្រហារ​តាម​អាកាស​១១​លើក​នៅ​ជិត​ក្រុង​ Manbij ​ដោយ​យក​កង​ឯកភាព​កលយុទ្ធ​និង​ទីតាំង​ប្រយុទ្ធ​របស់​ពួក​រដ្ឋ​ឥស្លាម​ ជាទី​ដៅ​នៃ​ការ​វាយ​ប្រហារ។ ​ក្រុម​ចម្រុះ​ក៏​បាន​រាយការណ៍​ដែរ​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​៩​លើក​ប្រឆាំង​នឹង​ទី​ដៅ​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ Kurde បាន​រាយការណ៍​ថា​ មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ផ្នែក​កណ្តាល​នៃ​ក្រុង​ Manbij ​បន្តទៀត​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​អាកាស។កង​ជីវពល​មួយ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ក្រុង​នេះ​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​នៅ​ពេល​ដែល​កង​កម្លាំង​ក្រុម​ចម្រុះ​រឹត​បន្តឹងការ​ឡោមព័ទ្ធ​ជា​រង្វង់​មូល​ជុំវិញ​សំបុក​ពួក​រដ្ឋឥស្លាម​ នៅផ្នែក​កណ្តាល​ក្រុង​នេះ។

យុទ្ធ​ជន​ម្នាក់​បាននិយាយ​ប្រាប់​វីអូអេ​ថា​ លោក​បាន​ឃើញ​សាកសព​ជន​សកម្ម​ប្រយុទ្ធ​មួយ​ចំនួន​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​រសៀល​ ហើយ​បាន​បន្ត​រហូត​ដល់​ពេល​យប់។នៅ​ក្នុង​ហេតុការណ៍​មួយ​ដាច់​ដោយ​ឡែក កង​យោធា​ស.រ.អា.​កំពុង​ស្ទង់​ប៉ាន់​មើល​ការ​ចោទ​ប្រកាន់​ទី​បី​លើ​ពួក​គេ​ ដែល​ថា​មាន​ពួក​ជន​ស៊ីវិល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដោយ​ក្រុម​ចម្រុះ​នៅ​ជិត​ក្រុង ​Manbij៕

XS
SM
MD
LG