ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​គណបក្ស​ធំ​ទាំង​ពីរ​​ជជែក​គ្នា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​​តែ​មិន​​បង្ហាញ​លទ្ធផល​ដុំ​កំភួន​ទេ

  • គង់ សុឋានរិទ្ធ

ថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា​ដឹកនាំដោយលោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ ដឹកនាំដោយលោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅមន្ទីររដ្ឋសភាជាតិ នៅ​ថ្ងៃ ច័ន្ទ​ ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​បេក្ខភាព​នៃ​សមាស​ភាព​បេក្ខជន​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​នៅ​ឡើយ​ទេ​ ​ក្រោយ​ពី​កិច្ច​ប្រជុំ​នៃ​មេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិនៅ​ល្ងាចថ្ងៃ​ច័ន្ទ​នេះ ​ស្រប​ពេល​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​បេក្ខជន​គ.ជ.ប.ថ្មី​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ។​

ក្រោយ​ពី​កិច្ច​ប្រជុំ​អស់​រយៈ​ពេលមួយ​ម៉ោងនៅ​មន្ទីរ​រដ្ឋ​សភាជាតិ លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ជំនួប​នៅ​ថ្ងៃ​នេះ​គ្រាន់​តែដើម្បី​ជជែកពី​របៀប​ធ្វើ​ការ។ ​ហើយ​លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា​ បេក្ខជន​ទី​៩​គឺ​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​និកហ្វិក ​ទទួល​បាន​ការ​ឯកភាព​ពី​គណបក្ស​ទាំង​ពីរ​រួច​ហើយ។​ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​នឹង​សម្រេច​លើ​បេក្ខជន​មក​ពី​គណបក្ស​និមួយៗ​នៅ​ពេល​ក្រោយ។​

«បេក្ខជន​បួន​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជម្រាបតាម​ក្រោយ​ ពី​ព្រោះថ្នាក់​ដឹក​នាំក្រុម​តំណាងរាស្ដ្រ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​ជុំ​គ្នា​ថ្ងៃ​ខាន​ស្អែក​ ម៉ោង​៥​នៅ​មន្ទីរ​រដ្ឋ​សភា​នេះ​ដើម្បី​ពិនិត្យ​បេក្ខភាព​យក​មក​ថ្លឹងថ្លែង​ ហើយ​ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក។ ​ពេល​នោះ​អាច​ជម្រាបបាន​ខ្លះ​ថា ​រូបភាព​សមាស​ភាព​គ.ជ.ប.ថ្មី​យ៉ាង​ម៉េច»។​

លោក​ស ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាស​ឯកភាពលើ​ការ​លើក​ឡើង​របស់លោក​សម រង្ស៊ី។​

«យើង​នៅ​តែ​ឯក​ភាព​គ្នា​ខ្ពស់​ថា ​នឹង​បន្ត​សន្ទនា​ ហើយ​និង​ធ្វើ​ការ​ជាមួយ​គ្នា​ត​ទៅ​ទៀត»។​

រហូត​មក​ទល់​នឹង​ម៉ោង៥​ល្ងាចថ្ងៃ​ច័ន្ទ​នេះ​ដែល​ជា​ថ្ងៃ​បិទ​ឈប់​ទទួល​ពាក្យ​សុំ​ជា​បេក្ខជន​សមាជិក​គ.ជ.ប.​ថ្មី ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភាបាន​ទទួល​ពាក្យ​ពី​បេក្ខជន​នានា​ចំនួន​៣១​រូប​ ក្នុង​នោះ​មាន​មន្ត្រី​មក​ពី​គណបក្ស​ទាំង​ពីរ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

ក្រុម​មេដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​បន្ត​ទៀត​លើ​បញ្ហា​បេក្ខជន​គ.ជ.ប.​នេះ​នៅ​ថ្ងៃ​ពុធ​ទី​៨​ខែ​មេសា ​គឺ​មួយ​ថ្ងៃ​មុន​នឹង​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​លើ​បញ្ហា​នេះ​ដែរ។​

ដោយ​ឡែក​ សភា​ពេញ​អង្គ​នឹង​ប្រជុំបោះ​ឆ្នោត​ជ្រើស​តាំង​សមាស​ភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា។​

តាម​គោល​ការណ៍​ សមាជិក​មួយ​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ឡើង​កាន់​តំណែង​ជា​ប្រធាន​គ.ជ.ប.​ថ្មី​ រីឯ​តំណែង​អនុ​ប្រធាន​នឹង​ត្រូវ​បាន​ទៅសមាជិកមក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG