ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ដឹកនាំ​ស្ត្រី​ជំរុញ​បេក្ខភាព​ស្ត្រី​ក្នុងគ.ជ.ប.ថ្មី


ថ្នាក់​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ ច័ន្ទ​ ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)
ថ្នាក់​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ ច័ន្ទ​ ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)

គណៈ​កម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជាដែល​ជា​បណ្តុំ​អង្គការ​សម្រាប់​ស្ត្រី​ជា​ច្រើន​ បានទាម​ទារ​នៅ​ថ្ងៃអង្គារនេះឲ្យ​គណបក្ស​ជាប់​ឆ្នោតទាំងពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិព្យាយាម​បញ្ចូល​បេក្ខជន​ស្ត្រី​ចូល​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតប្រកប​ដោយ​សមភាព​ បើ​ទោះជា​ដឹង​ថា​ រដ្ឋសភា​បាន​បញ្ចប់​ការ​ទទួល​ពាក្យ​សុំ​ជា​សមាជិក​គ.ជ.ប.ក៏​ដោយ។​

គណៈ​កម្មាធិការ​នេះ​ ដែល​ប្រមូល​ផ្តុំ​ដោយ​បណ្តុំ​ស្ត្រី ​បណ្តាញ​ជេនឌ័រ​ និង​អភិវឌ្ឍន៍​ បណ្តាញ​បុរស​កម្ពុជា​ និង​អង្គការ​សង្គម​ស្ត្រី បាន​ព្យាយាម​យក​ញត្តិ​ដែល​ទាមទារ​ឲ្យ​មាន​វត្តមាន​ស្ត្រី​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ទៅ​កាន់​មន្ទីរ​រដ្ឋសភា​ ទៅ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រឹក​ថ្ងៃ​នេះ​ ក៏​ប៉ុន្តែ​ក្រុម​ស្ត្រី​ ដែល​មាន​គ្នា​សរុប​ប្រមាណ​៥០​នាក់​នោះ​ត្រូវ​រារាំង​នៅ​មន្ទីរ​រដ្ឋ​សភា​ជាតិ​ និង​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​មុន​នឹង​អាច​ដាក់​ញ្ញតិ​ទៅ​កាន់​គណបក្ស​សង្គ្រោះជាតិ។​ ពួកគាត់ពាក់​អាវ​ស​ និង​សរសេរ​អក្សរ​នៅ​ពី​ក្រោយ​ខ្នង​ថា ​ត្រូវ​ការ​ឲ្យ​មាន​សមភាពស្ត្រី​នៅ​ក្នុង​គ.ជ.ប.។

ក្នុង​ញ្ញត្តិនោះ​ គណៈ​កម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុងវិស័យនយោបាយ​បាន​ស្នើ​ដល់​រដ្ឋ​សភា​ និង​គណបក្ស​នយោបាយ​ទាំង​ពីរ​ឲ្យ​ផ្តល់​សមភាព​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​គ.ជ.ប.។​ ជាក់ស្តែង​បណ្តុំ​អង្គការ​ស្ត្រី​ទាំង​នេះ​ទទូច​ថា ​ប្រសិន​បើ​ប្រធាន​គ.ជ.ប.​ជាស្ត្រី ​អនុ​ប្រធាន​ត្រូវ​តែ​ជា​បុរស។ ​បន្ថែម​ពី​នោះ​ទៀត ​ក្នុង​ចំណោម​បេក្ខជន​បួន​រូប​មក​ពី​គណបក្ស​និមួយៗ​គួរតែ​មាន​ស្ត្រី​មួយ​ទៅ​ពីរ​រូប។​

នៅ​ក្នុង​សន្និសីទ​កាសែតក្រោយ​ពី​ការ​ព្យាយាម​ដាក់​ញ្ញតិ​នោះ​ អ្នក​ស្រី​រស់ សុភាព ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ជេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​មាន​ប្រសាសន៍ថា​ ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បេក្ខភាព​ស្ត្រី​ក្នុង​គ.ជ.ប.​គឺ​ជា​ការ​រារាំង​ដល់​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា។​

«បើសិន​ជា​ពេល​នេះ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ និង​មនុស្ស​ជំនាន់​ក្រោយ​បាន​ចូល​រួម​នៅ​ក្នុ​ង​សមាស​ភាព​ស្មើ​គ្នា​នៅ​ក្នុង​គ.ជ.ប.​ទេ​នោះ ​យើង​ពិត​ជា​ពិបាក​នឹង​ឈាន​ទៅ​ដល់​ការ​ទទួល​បាន​នូវ​លទ្ធផល​សម្រាប់​ភាព​រុង​រឿង​របស់​ប្រទេស​យើង​ណាស់»។​

ការ​ទាមទារ​របស់​ក្រុម​មេដឹក​នាំ​ស្ត្រី​នេះ​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​ពេល​ដែល​បញ្ចេញបញ្ជី​ឈ្មោះ​បេក្ខជន​សមាជិក​គ.ជ.ប.ដែល​មាន​ចំនួន​សរុប​២៤​រូប​ក្រោយ​ពី​បញ្ចប់​ការ​ទទួល​ពាក្យ​រយៈ​ពេល​ដប់​ថ្ងៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ។ ​ក្នុង​ចំណោម​បេក្ខជន​ទាំង​នេះ ​មាន​ស្ត្រី​តែ​មួយ​រូប​ប៉ុណ្ណោះ​សម្រាប់ប្រកួត​ប្រជែងធ្វើ​ជា​សមាជិក​ថ្មី​ទាំង​៩​រូប​នៃ​គ.ជ.ប.។​ បេក្ខនារី​នោះ​គឺ​លោកស្រី​តែ ម៉ានីរ៉ុង ​អាយុ​៦២​ឆ្នាំ ​ដែល​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍។​

លោក​ស្រីធិតា ឃិះ ​នាយិកា​អង្គការ​សីលការ ​សម្តែងការ​សោក​ស្តាយ​ចំពោះ​អតុល្យភាព​នេះ​ ហើយ​លោក​ស្រី​ព្រួយ​បារម្ភ​ថា​ សមាជិក​គ.ជ.ប.​ ទាំង​ប្រាំ​បួន​រូប​អាច​សុទ្ធ​សឹង​ជា​បុរស។​

«សោក​ស្តាយ​មែន​ទែន។ ​ហើយ​ខ្ញុំ​អាច​ទស្សទាយ​ទុក​ជា​មុន​ថា ​៩​នាក់​នោះ​នឹង​ឈ្លោះ​គ្នា​ជា​អលជី។​ ដោះ​ស្រាយ​បញ្ហា​ប្រហែល​មាន​ការ​រាំង​ស្ទះ​ច្រើន​ពីព្រោះ​យើង​ដឹង​ហើយ​ នៅ​ពេល​ដែល​មួយ​ក្រុម​មាន​សុទ្ធ​តែ​ជា​បុរស​ច្រើន​តែង​មាន​បញ្ហា​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ តែ​មិនអាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយសារ​ទូរស័ព្ទ​របស់​ពួក​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។​

លោក​ឈឹម ផលវរុន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ពន្យល់​ថា ​កត្តា​ដែល​សំខាន់​នោះ​គឺ​ពុំ​មាន​ស្ត្រី​ស្ម័គ្រ​ចិត្ត​ដាក់​បេក្ខភាព​របស់​ខ្លួន​ជា​សមាជិក​គ.ជ.ប.ទេ។​

«បើ​យើង​ចង់​ឲ្យ​មាន​នារី​ក្នុង​សមាស​ភាព​គ.ជ.ប.​ ​ទាល់​តែ​សាម៉ី​ខ្លួន​ជា​នារី​នោះ​ស្ម័គ្រ​ចិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​បេក្ខនារី។​ ហើយ​ក្នុង​ចំណោម២៤​នាក់​នោះ​មាន​បេក្ខភាព​ជា​នារី​តែ​ម្នាក់​ទេ។ ​តើ​យើង​អាច​បង្ខំ​គេ​ម៉េច?»​

យ៉ាងណាក៏​ដោយ​ ការទាម​ទារ​របស់​គណៈ​កម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យនយោបាយ​នេះ​ធ្វើ​ឡើង​ហាក់​ដូច​ជា​យឺត​ពេល ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​ខាង​នយោបាយ​លើ​ការ​ទទួល​យក​បេក្ខជន​មួយ​ចំនួន​រួច​ទៅ​ហើយ។​

ក្រុម​មេដឹក​នាំ​សង្គម​ស៊ីវិល​សម្រាប់​ស្ត្រី​អះអាង​ថា​ នឹង​ខ្លួន​នឹង​បន្ត​ធ្វើ​ការ​តស៊ូ​ទាមទារ​បន្ត​ទៀត​ ​មុន​ពេលការ​ជ្រើសរើស​សមាស​ភាព​គ.ជ.ប.ថ្មី​ជា​ផ្លូវ​ការ​ចុង​ក្រោយ​ដោយ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា។​

ដោយ​ឡែក​ គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​ជជែក​គ្នា​ទៀត​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​លើ​សមាស​ភាព​គ.ជ.ប.នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG