ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ជាតិ​បង្កើត​បាន​គ.ជ.ប.​ថ្មី


លោក​ស៊ិក​ ប៊ុន​ហុក​ ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​តំណែង​ជា​ ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ បន្ទាប់​ពី​រដ្ឋសភា​ជាតិ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ស៊ិក​ ប៊ុន​ហុក​ ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​តំណែង​ជា​ ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ បន្ទាប់​ពី​រដ្ឋសភា​ជាតិ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

តំណាងរាស្ត្រ​ចំនួន​១១៣​រូប​ក្នុង​ចំណោម​តំណាងរាស្ដ្រ​មាន​វត្តមាន​សរុប​ចំនួន​១១៨​រូប​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តដើម្បី​តែងតាំង​សមាស​ភាព​ថ្មីនៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំនួន​ប្រាំបួន​រូប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​ប្រមុខ​ដឹក​នាំ​នៃ​គណបក្ស​ជាប់​ឆ្នោត​បាន​ថ្លែង​ពី​សុទិដ្ឋិនិយមចំពោះ​ឯករាជ្យភាព​នៃ​អង្គភាព​ថ្មី​នេះ។

តំណាងរាស្ដ្រ​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បានបោះ​ឆ្នោតជា​កញ្ចប់​ដោយ​គូស​លើ​សន្លឹក​ឆ្នោត​ដែល​មាន​ឈ្មោះ​បេក្ខជន​ទាំង​ប្រាំបួន​រូប​រួច​ជាស្រេច​និង​យក​ទៅ​ទម្លាក់​ក្នុង​ប្រអប់​ឆ្នោត។

រូប​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ចេញ​ពី​សាល​ប្រជុំ​ក្នុង​បង្ហាញ​ពី​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភាជាតិ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោតផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ឯ​រដ្ឋសភា​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)
រូប​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ចេញ​ពី​សាល​ប្រជុំ​ក្នុង​បង្ហាញ​ពី​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភាជាតិ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោតផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ឯ​រដ្ឋសភា​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​បាន​ប្រកាសបន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​រួច​ថា​លោក​ស៊ិក ប៊ុនហុក តំណាងរាស្ដ្រ​មណ្ឌល​កំពង់ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែងតាំង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គជប) ​លោក​គួយ ប៊ុនរឿន ​អតីត​អ្នក​តំណាង​រាស្ដ្រ​និង​ជា​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការ​បោះ​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែងតាំង​ជា​អនុ​ប្រធាន​គ.ជ.ប។​

ក្រៅ​ពី​នោះ​ឥស្សរជន​ចំនួន​ប្រាំពីរ​រូបទៀត​ត្រូវ​តែងតាំង​ជា​សមាជិក​រួម​មានលោក​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​និង​ជា​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ដ៏​ល្បីល្បាញ​មួយ​រូប ​លោក​ហ៊ីង ធីរិទ្ធ ​អតីត​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ដក​ហូត​តំណែង​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​នយោបាយ​ដ៏​ចម្រូង​ចម្រាស ​និង​លោកស្រី​តែ ម៉ានីរ៉ុង ​ដែល​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សមាជិក។​

សមាស​ភាព​សមាជិក​បី​រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រួម​មាន​លោក​មាន សាទិ ​និង​លោក​ឯម សូផាត ​ជា​អតីត​សមាជិក​គជប​ចាស់ ​និង​លោក​ទូច​ សុន ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ចូល​និវត្តន៍។ ​រីឯ​លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិក ​ក៏ត្រូវ​តែងតាំង​ជា​សមាជិក​គជប ​ថ្មី​ដែរ។

​លោក​ហេង សំរិន​ បាន​ស្នើ​ឲ្យ​សមាជិក​សភា​ស្វាគមន៍​សមាជិក​ថ្មី​របស់​គ.ជ.ប​នេះ។
ដោយ​ឡែក​ទាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ទាំង​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​ឡើង​ថ្លែង​ការណ៍​បន្ត​បន្ទាប់​គ្នាដោយ​ក្រើន​រំលឹក​ឲ្យ​សមាជិក​និង​អ្នក​ដឹក​នាំ​គ.ជ.ប​ថ្មី​ប្រកាន់​ជំហរ​ឯករាជ្យ។

លោក​ហ៊ុន សែន ​ថ្លែង​ថា​សមាជិក​គ.ជ.ប ​ត្រូវ​លាលែង​ពី​បក្ស​នយោបាយ​ក្រោយ​ពី​ជាប់​ឆ្នោត​នេះ​ទៅ។

«គណ​បក្ស​ទាំង​អស់​សុទ្ធ​តែ​ផ្ញើ​ជោគ​វាសនា​លើ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ​ឯង។​ដូច្នេះ​សង្ឃឹម​ថា​ឯកឧត្តម​ លោកជំទាវ​ ប្រធាន ​អនុ​ប្រធាន​ សមាជិក ​សមាជិកាកុំ​មក​សួរ​បក្ស​តទៅ​ទៀត។ ​ហើយ​កុំ​សួរ​អ្នក​ណា​ទៀត​អំពី​ដំណើរ​ការ​របស់​ខ្លួន​ រាប់​ទាំង​អគ្គលេខាធិការ ​អគ្គលេខាធិការ​រង​និង​អ្នក​ដទៃ​ទៀត​គឺ​ត្រូវ​រៀប​ចំ​ដោយ​ខ្លួនឯង​ទាំង​អស់»។

លោក​ សម រង្ស៊ី ​វិញ​ដាស់​តឿន​ឲ្យ​សមាជិក​គ.ជ.ប​ថ្មី​បំពេញ​ការងារ​ដោយ​គោរព​តាម​មនសិការ​ជា​គោលការណ៍។

«មិន​ត្រូវ​មាន​ក្រុម​អ្នក​នយោបាយ​ណា ​ក្រុម​ណា ​បក្ស​ពួក​ណា​ប៉ុនប៉ង​សំឡុត ​ណែនាំ ​អូសទាញ​សន្យា​អ្វី​ជា​ផ្ទាល់​ខ្លួន​ចំពោះ​លោក​ជំទាវ ​ឯក​ឧត្តម​រំពឹង​តែ​លើ​សម្បជញ្ញៈ។​សូម​ឲ្យ​សម្រេច​ដោយ​ខ្លួន​ឯង​តាម​សម្បជញ្ញៈ​រៀងៗ​ខ្លួន»។

លោក​ស៊ិក ប៊ុនហុក ​ប្រធាន​គ.ជ.ប ​ថ្មី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​លោក​នឹង​ដឹក​នាំ​ឲ្យ​មាន​ឯករាជ្យ​និង​តម្លាភាព។

«យើង​នៅ​ក្នុង​គ.ជ.ប​ហ្នឹង​មិន​មែន​ទៅ​ប្រទាញ​ប្រទង់​គ្នា​ទេ ​គឺ​អនុវត្តន៍​ច្បាប់​ជា​កំពូល។ទោះ​ជា​សមាស​ភាព​ពី​ខាង​ណា​ក៏ដោយ​ប៉ុន្តែ​យើង​នៅ​ក្នុង​ការ​ដឹក​នាំ​នេះ​ យើង​ជា​គ.ជ.ប ​ជា​អ្នក​ឯករាជ្យ ​ត្រូវ​ធ្វើ​ការ​ដោយ​ឯករាជ្យ ​តម្លាភាព។​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​អាច​ទទួល​យក​បាន»។

សមាជិក​គ.ជ.ប ​លោករ៉ុង ឈុន ​ដែល​ធ្លាប់​ជា​សកម្មជន​ជំទាស់​ដ៏​សកម្ម​មួយ​រូប​បាន​បញ្ជាក់​ជំហរ​អំពី​ការ​ប្រឆាំង​នឹង​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត។

«ខ្ញុំ​នឹង​ប្រកាន់​ជំហរ​ស្មោះ​ត្រង់​នឹង​ជាតិ ​ស្មោះ​ត្រង់​នឹង​ប្រជារាស្ដ្រ​ធ្វើ​ម៉េច​ឲ្យ​សន្លឹក​ឆ្នោត​បង​ប្អូន​ប្រជារាស្ដ្រ​ហ្នឹង​គង់វង្ស​ មិន​មាន​បុគ្គល​ឬ​អ្នកនយោបាយ​ណា​កេង​បន្លំ​នោះ​ទេ»។

ប្រធាន​ អនុប្រធាន​ និង​សមាជិក​គ.ជ.ប ​ថ្មី​ត្រូវ​លាលែង​ពី​តួនាទីនៅ​តាម​ស្ថាប័ន​រៀងៗ​ខ្លួន។

បើ​យោង​តាម​ការ​ឯកភាព​នៃ​គណបក្ស​ទាំងពីរ​សមាជិក​និង​ប្រធាន​និង​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។​ហើយ​ពិធី​ផ្ទេរ​តំណែង​នៃ​សមាស​ភាព​គ.ជ.ប​ចាស់​មក​គ.ជ.ប​ថ្មី​វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៣​ខែ​មេសា គឺ​មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ផ្តើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG