ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​រិះគន់​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត


​ស្លាក​ឈ្មោះ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
​ស្លាក​ឈ្មោះ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

គណ​បក្ស​ប្រ​ជាធិប​តេយ្យ​មូល​ដ្ឋាន ហៅ​កាត់​ថា​គ.ប.ម បង្ហា​ញ​ការ​ខក​ចិត្ត និង​ចាត់​ទុក​ការ​អនុ​ម័ត​របស់​រដ្ឋសភា​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា លើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​លើក​ស្ទួយ​ដំណើរ​ការលទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​វា​ជា​ការ​រឹត​ត្បិត​អ្នក​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត។

កាល​ពី​ថ្ងៃទី​២៣ ខែមិនថុនា ឆ្នាំ​២០២៣ ​រដ្ឋសភា​ដែល​គ្រប់​គ្រង​ទាំង​មូល​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ទាំង​ស្រុង ដែល​ច្បាប់​នេះ​នឹង​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​អ្នក​នយោ​បាយ និង​ធានា​ថា​មន្រ្តី​គណបក្ស​ជំទាស់​នឹង​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ បើ​ទោះ​មិន​មាន​វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ចុះថ្ងៃទី​២៣ ខែ​មិថុនា ការ​វិសោធន​កម្ម​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​«លទ្ធិប្រជាធិប​តេយ្យ​កាន់តែ​រួមតូច»​ ព្រម​ទាំង​នាំ​ឱ្យ​មាន​«ភាព​ភ័យ​ខ្លាច ភាន់​ច្រឡំ» និង​មាន​ឥទ្ធិពល​លើ​ការ​សម្រេ​ច​ចិត្ត​លើ​អ្នក​បោះ​ឆ្នោ​ត​ផង​ដែរ​។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់ថា​៖«​គ.ប.ម យល់​ឃើញ​ថា​ការ​ធ្វើវិសោធនកម្ម​ច្បាប់​នេះ​ គឺជា​ការប្រើប្រាស់​អំណាច​នីតិ​បញ្ញត្តិ​ជា​ឧបករណ៍ ដើម្បី​យុទ្ធសាស្ត្រ​កេង​ចំណេញ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ​ដើម្បី​បង្ក្រាប​ បំបាក់​ រឹតត្បិត​កម្លាំង​គណបក្ស​ដែល​ជា​គូប្រកួត​»។

គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​បន្ថែម​ថា៖ «គ.ប.ម យល់​ឃើញ​ថា​ច្បាប់​នេះ គឺ​នៅ​មាន​មន្ទិល​និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន ទាក់​ទង​ទៅ​នឹង​នីតិវិធី​នៃ​ការ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ហេតុ​ផល និង​ការ​គ្រប់គ្រង​ទិន្នន័យ​ឈ្មោះ​អ្នក​ដែល​ខក​ខាន​មិន​បាន​ទៅ​បោះ​ឆ្នោត។ ការ​ហាម​ឃាត់​មិន​ឱ្យឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោតរហូត​ដល់​ទៅ​រយៈ​ពេល​១០​ឆ្នាំ ដោយ​សារ​ការ​ការ​ខកខាន​មិន​បាន​ទៅ​បោះ​ឆ្នោត ជា​លក្ខខណ្ឌ​មិន​សម​ហេតុ​ផល​នោះ​ទេ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក យ៉េង វីរៈ ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​បាន​នៅ​ឡើយ​ទេ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏អំពាវនាវ​ឱ្យ​ប្រជាពល​រដ្ឋ​តាម​ដាន​យ៉ាងយ​ក​ចិត្ត​ទុក​នូវ​ទង្វើរបស់តំណាង​រាស្ត្រ និង​អ្នក​អនុម័ត​ច្បាប់​ ដើម្បី​ជា​មូល​ដ្ឋាន​នៅ​ក្នុង​ការ​ជ្រើសរើសអ្នក​តំណាង​របស់​ខ្លួន​ដែល​តម្កល់​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​និង​ប្រយោ​ជន៍​ជាតិ​ជាធំ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន​ លោក គីមសួរ ភិរិទ្ធ​ ប្រាប់​វីអូអេ​ថា​ការ​អនុម័ត​វិសោធន​កម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​តក់​ក្រហល់ ខណៈ​លោក​រិះគន់​ថា​វិសោធន​កម្ម​នេះប៉ះពាល់សិទ្ធិ​រប​ស់​ប្រជាពល​រដ្ឋ។

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖ «ការ​ធ្វើវិសោធនកម្ម​ជា​ទូទៅ​ក្នុង​ផល​ប្រយោជន៍​ច្បាប់​ គឺ​គេ​គិត​ពី​ការ​ធ្វើ​ម៉េច​លើក​ស្ទួយ​ជីវភាព​ប្រជាពល​រដ្ឋ និង​លើក​តម្កើង​សិទ្ធិ។ ហើយ​ការ​ធ្វើវិ​សោធន​កម្ម​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ប្រជាពល​រដ្ឋ និង​បាត់​បង់​សិទ្ធិ​ គេ​មិន​គួរ​ធ្វើ​ទេ ពីព្រោះ​តម្លៃ​នៃ​ច្បាប់ គឺស្ថិត​នៅ​លើ​ការ​បម្រើ​ផល​ប្រយោ​ជន៍​មនុស្ស​ទូទៅ មិន​មែន​សម្រាប់​មនុស្ស​មួយ​ក្រុម ឬ​ក៏​បុគ្គល​អីទេ​។ អាហ្នឹង​គឺ​អ៊ីចឹង»។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា​នេះ​ជា​សេរី​ភាព​នៃការ​បញ្ចេញ​មតិ​របស់​អ្នក​រិះគន់ ប៉ុន្តែ​លោក​ថា​រដ្ឋសភា​តែង​តែ​អនុម័ត​ច្បាប់ ដើម្បី​ប្រយោ​ជន៍​របស់​ប្រជា​ជាតិ​ទាំងមូល​។

លោក​បញ្ជាក់ថា​៖ «បើ​សិន​ជា​យើ​ងស្ថិត​នៅ​ក្នុង​របប​លទ្ធិ​ប្រជាធិប​តេយ្យ​ ហើយ​គាត់​យល់​ច្បាស់​មែន​ទែន​ហ្នឹង​ គាត់​ត្រូវ ​Lobby(បញ្ចុះ​បញ្ចូល​) ត្រូវ​ជជែក​គ្នា​ជាមួយ​អង្គ​នីតិ​បញ្ញត្តិ​ ក្នុង​ការ​សម្រេច​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់ មិន​មែន​គ្រាន់​តែ​ជា​ការ​វាយ​តម្លៃ​ចុង​ក្រោយ។ ការ​វាយ​តម្លៃ​ចុង​ក្រោយ​ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​គ្រាន់​តែ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​នៅ​ក្នុង​ន័យ​នយោ​បាយ​តែ​ប៉ុណ្ណោះ មិន​មែន​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នៃ​របប​លទ្ធិ​ប្រជា​ធិប​តេយ្យ​នោះ​ទេ»។

បើ​តាម​វិសោធនកម្ម​ច្បាប់​នេះ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត កំណត់​ថា​លុះ​ត្រា​តែ​បេក្ខជន​បាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុង​ក្រោយ​ជាប់​គ្នា​ ទើប​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​បាន លើក​លែង​តែ​ករណី​ដែល​ការ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នេះ​មាន​មូល​ហេតុ​សម​ស្រប។

អ្នកសារព័ត៌មាន មកស្តាប់ការអនុម័តសេចក្តីព្រាងច្បាប់«វិសោធនកម្មច្បាប់បោះឆ្នោត» ក្នុងរដ្ឋសភា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។(លាស់ លីបលីប/ វីអូអេ)
អ្នកសារព័ត៌មាន មកស្តាប់ការអនុម័តសេចក្តីព្រាងច្បាប់«វិសោធនកម្មច្បាប់បោះឆ្នោត» ក្នុងរដ្ឋសភា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។(លាស់ លីបលីប/ វីអូអេ)

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ក៏​ត្រូវបាន​កំណត់​ដូច​គ្នា​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ដែល​តម្រូវ​ឱ្យ​បេក្ខជន​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជា​សកល​ពីរ​ដង​ជាប់​គ្នា ទើប​អាច​ឈរ​ឈ្មោះ​បាន។

វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិនិត្យ​បន្ត មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ប្រញាប់​ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ នា​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​ ខាង​មុខ។

នៅថ្ងៃ​ចន្ទនេះ ​អង្គការសមាគម​សង្គម​ស៊ីវិល​ជាង២០ ​ក្នុងនោះ​មានអង្គការ​ខុមហ្រ្វែល ​អង្គការ​តម្លាភាព​កម្ពុជា ​សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍រួម​មួយ​ ដោយ​ស្នើពន្យារពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត។

អង្គការ​ទាំងនោះលើក​ឡើង​ថា​ពួកគេ​«មានកង្វល់​យ៉ាង​ខ្លាំង​ចំពោះការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត នៅមុន​ការបោះឆ្នោត​ថ្នាក់ជាតិ​ដែល​ខិតជិត​ចូល​មក​ដល់​ខាងមុខ​នេះ ។ ការ​ធ្វើវិសោធនកម្ម​នេះ ធ្វើ​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់​ និង​ពុំបាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ដែល​នេះគឺជាការ​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ ដែល​តម្រូវ​ឱ្យមាន​ការចូល​រួម​មតិ​យោបល់​ពីភាគី​ពាក់ព័ន្ធ»។

ពួកគេ​បន្ថែមថា៖ «យើងខ្ញុំ​ស្នើឱ្យ​ព្រឹទ្ធសភា ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិចារណា​ឡើងវិញ ចំពោះ​សំណើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ ដោយគួរ​ធ្វើឡើង​នៅ​បន្ទាប់​ពីការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ឆ្នាំ​២០២៣ ​ដើម្បី​ឱ្យមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សា និង​ពិភាក្សា​លើ​ផល​ប៉ះពាល់​ប្រជាធិបតេយ្យ​ដោយ​សេរី​ សេរីភាព​នៃការ​បញ្ចេញមតិ​របស់​អ្នក​បោះឆ្នោត សិទ្ធិ​បោះឆ្នោត​ និង​ឈរ​ឈ្មោះជា​បេក្ខជន»៕

XS
SM
MD
LG