ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ចំនួន ៣០ នៅថ្ងៃព្រហស្បតិ៍នេះ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។
ការទាមទារនេះធ្វើឡើងមួយថ្ងៃ មុនពេលគម្រប់ខួបបួនឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយនិងសង្គមដ៏មានប្រជាប្រិយភាពនិងទទួលបានការគោរពច្រើននៅក្នុងប្រទេសកម្ពុជារូបនេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការទាំងនេះបានលើកឡើងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការណាមួយ ក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងនោះឡើយ។
ក្រុមអង្គការដែលរួមមានអង្គការលើកលែងទោសអន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មការអ្នកច្បាប់អន្តរជាតិនិងអង្គការ Not1More (N1M) ជាដើម បានសរសេរថា៖
«ដោយសារកង្វះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតដោយឯករាជ្យ ក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងកង្វះទំនុកចិត្តពីសំណាក់សង្គមស៊ីវិលលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គណៈកម្មការនោះគួរតែត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ និងមានការចូលរួមពីអ្នកជំនាញឯករាជ្យ»។
ភ្លាមៗក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅស្តារម៉ាតក្នុងស្ថានីយ៍ចាក់សាំងកាល់តិចស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ដែលអះអាងថាខ្លួនមានឈ្មោះ «ជួប សម្លាប់» ហើយថែមទាំងបានសារភាពចំពោះឧក្រិដ្ឋកម្មនេះ ដោយលើកហេតុផលថា លោក កែម ឡី បានជំពាក់លុយខ្លួន ហើយមិនសង។
ប៉ុន្តែមនុស្សជាច្រើនរួមទាំងក្រុមគ្រួសាររបស់លោក កែម ឡី ផ្ទាល់ផង និយាយកន្លងមកថា បុរសដែលមានរហស្សនាមថា ជួប សម្លាប់ នោះគឺគ្រាន់តែជាឃាតកសិប្បនិម្មិតតែប៉ុណ្ណោះ រីឯមេខ្លោងដែលនៅពីក្រោយឃាតកម្មនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
តុលាការកម្ពុជាគ្រប់ជាន់ថ្នាក់បានសម្រេចផ្តន្ទាទោសបុរសឈ្មោះ អឿត អាង ដាក់ពន្ធនាគារអស់មួយជីវិតចំពោះឃាតកម្មនេះ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានតាមសារអេឡិចត្រូនិកបន្ថែមលើសេចក្តីថ្លែងការណ៍រួមនេះ ថា៖
«អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលពាក់ព័ន្ធ គួរតែដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយ ពីព្រោះថា មានតែធ្វើដូច្នេះទេ ទើបអាចមានលទ្ធភាពនៃការទទួលបានយុត្តិធម៌ពិតប្រាកដសម្រាប់លោក កែម ឡី»។
ការបាញ់សម្លាប់លោក កែម ឡី បានកើតឡើង ក្រោយពីអ្នកវិភាគរូបនេះបានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីវិទ្យុអំពីរបាយការណ៍ស៊ើបអង្កេតមួយរបស់អង្គការ Global Witness ដែលមានចំណងជើងថា «HOSTILE TAKEOVER ឬ «ការកាន់កាប់ដោយអរិភាព»។ របាយការណ៍នេះ រៀបរាប់ពិស្តារ អំពីអំពើពុករលួយដែលរីកសុះសាយនៅកម្ពុជា ដោយមានភ្ជាប់លោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសាររបស់លោកផងដែរ។
វីអូអេ មិនអាចទាក់ទងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ ត្រឹមម៉ោងផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ប៉ុន្តែលោក ជិន ម៉ាលីន ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ នោះបានមានប្រសាសន៍ប្រាប់វីអូអេកាលពីថ្ងៃពុធថា ការលើកឡើងអំពីលោក កែម ឡី ជារៀងរាល់ឆ្នាំនេះ គឺគ្រាន់តែជាការ «កេងចំណេញខាងនយោបាយទៅលើសពរបស់លោក» តែប៉ុណ្ណោះ។
«ការលើកឡើងគឺលើកឡើងដោយគំនុំគុំកួន ដើម្បីធ្វើការរិះគន់តែប៉ុណ្ណោះទេ មិនមានមូលដ្ឋានទេ។ ការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺជាករណីឃាតកម្ម អ៊ីចឹងទេត្រូវតែយកយន្តការច្បាប់មកអនុវត្ត គឺដំណើរការនីតិវិធីរបស់តុលាការ ទៅតាមទិដ្ឋភាពច្បាប់ដែលមានជាធរមាន»៕