ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​និង​ព្រះ​សង្ឃ​បន្ត​ការ​ដើរ​ផ្សព្វ​ផ្សាយ​​អំពី​លោក កែម ឡី ខណៈ​ប៉ូលិស​ព្យាយាម​រារាំង


ក្រុមប៉ូលិសបានហាមឃាត់ក្រុម​យុវជន​និង​ព្រះ​សង្ឃ ដែល​បាន​បន្ត​ការ​ដើរ​ក្នុង​ខេត្ត​តាកែវដើម្បី​ផ្សព្វផ្សាយ​អំពី​​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ ៤​ឆ្នាំ​មុន។ (រូបថតដោយក្រុមយុវជនខ្មែរថាវរៈ)
ក្រុមប៉ូលិសបានហាមឃាត់ក្រុម​យុវជន​និង​ព្រះ​សង្ឃ ដែល​បាន​បន្ត​ការ​ដើរ​ក្នុង​ខេត្ត​តាកែវដើម្បី​ផ្សព្វផ្សាយ​អំពី​​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ ៤​ឆ្នាំ​មុន។ (រូបថតដោយក្រុមយុវជនខ្មែរថាវរៈ)

ក្រុម​យុវជន​និង​ព្រះ​សង្ឃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បន្ត​ការ​ដើរ​ក្នុង​ខេត្ត​តាកែវ ដើម្បី​ផ្សព្វផ្សាយ​អំពីលោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ ៤​ឆ្នាំ​មុន ដោយ​មាន​ការ​ឃ្លាំ​មើល​និង​ការព្យាយាម​រារាំង​ពី​ប៉ូលិស​ជា​បន្ត​បន្ទាប់។

ក្រុម​យុវជន​ដែល​មាន​ទាំង​ព្រះ​សង្ឃ​ផង​នោះ ប្រមាណ​ ២៥​ អង្គ​នាក់ មក​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ សកម្មជន​បរិស្ថាន​N1M​ និង​យុវជន​មាតា​ធម្មជាតិ​ផង។ នេះ​ជា​ថ្ងៃ​ពីរ​ហើយ​នៃ​ការ​ដើរ​ជា​ក្រុម​ ដើម្បី​ចូល​រួម​រំឭក​ព្រឹត្តិការណ៍បាញ់​សម្លាប់​លោក កែម ឡី។

កាល​ពី​ថ្ងៃ​ពុធ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​ និង​ធ្វើ​ពិធី​អ្វី​នៅ​ស្ថានីយ​ប្រេង​សាំង​កាល់តិច​ស្តុប​បូកគោ​ ក្នុង​ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ ជា​កន្លែងលោក​ កែម ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦។

លោក ហ៊ុន វណ្ណៈ អាយុ​ ៣៨ ​ឆ្នាំ ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​យុវជន​បាន​ដើរ​ពី​ផ្ទះ​លោក កែម ឡី ក្នុង​ខេត្ត​តាកែវ​តាម​ដង​ផ្លូវ ដើម្បី​ចែក​សៀវភៅ​អំពី​លោក កែម ឡី និង​ចែក​បន្តោង​សោ ដែល​មាន​រូប​លោក កែម ឡី ផង​ដែរ។ លោក​បន្ត​ថា​គោល​បំណង​នៃ​ការ​ដើរ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​វីរភាព​របស់​លោក កែម ឡី មុន​ថ្ងៃ​គម្រប់​ខួប ​៤​ឆ្នាំនៃមរណភាព​របស់​លោក ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែ​ក​នេះ។

លោក ហ៊ុន វណ្ណៈ បន្ថែម​ថា​ ការ​ដើរ​នេះ​ត្រូវ​បាន​តាម​ដាន​ដោយ​កម្លាំង​ប៉ូលិស​រាប់​សិប​នាក់ ហើយ​ពួកគេ​បាន​ព្យាយាម​ឃាត់ក្រុម​យុវជន​ចំនួន ​៥​ដង តែ​មិន​អាច​ទប់​ស្កាត់​បាន។ លោក​បញ្ជាក់​ថា​ ក្រុម​របស់​លោក​ធ្វើ​សកម្មភាព​នេះ​ត្រឹម​ត្រូវ​តាម​ច្បាប់ ដោយសារ​នេះ​ជា​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ខណៈ​អាជ្ញាធរ​ទាមទារ​លិខិត​អនុញ្ញាត​ការ​ធ្វើ​សកម្មភាព​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «អាជ្ញាធរ​ដែល​ជា​អ្នក​កាន់​ច្បាប់ អត់​យល់​ច្បាប់។ បែរ​ជា​ប្រជាពលរដ្ឋ​វិញ អ្នក​ពន្យល់​ច្បាប់​ទៅ​គាត់។ ហើយ​ទីពីរ​អាជ្ញាធរ​ខ្លួន​ឯង អ្នក​កាន់​ច្បាប់​ទៅ​រំលោភ​រដ្ឋធម្មនុញ្ញ»។

ក្នុង​ការ​ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​យុវជន​ដើរ​នោះ កម្លាំង​សមត្ថកិច្ចក៏​កាន់​កាំភ្លើង​វែង​ផង​ដែរ។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយពី​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG