ក្រុមសង្គមស៊ីវិលជំរុញឱ្យតុលាការក្រុងភ្នំពេញពិចារណាទម្លាក់បទចោទលើលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលត្រូវបានចោទប្រកាន់ពីបទ «មិនរាងចាល និងញុះញង់» ពាក់ព័ន្ធនឹងការបញ្ចេញមតិជុំវិញពលរដ្ឋរត់ភៀសខ្លួនចូលព្រៃ នៅខេត្តព្រះវិហារ។
លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះ ដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាង១០នាក់ ចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី៥ ខែមេសា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា ការថ្លែងរបស់លោក កើត សារ៉ាយ អំពីបញ្ហារបស់ប្រជាពលរដ្ឋជាសាធារណៈ និងតាមរយៈបណ្តាសារព័ត៌មាន គឺជាសិទ្ធិសេរីភាព។ លោកថា អាជ្ញាធរ ជាអ្នកមានអំណាចដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនៅពេលពលរដ្ឋជួបប្រទះបញ្ហាអ្វីមួយ ចំណែកអង្គការសង្គមស៊ីវិលគ្រាន់តែធ្វើកិច្ចសហការជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហាទាំងនោះតែប៉ុណ្ណោះ។
លោក អំ សំអាត បន្ថែមថា ករណីនេះគួរតែមានការជជែកគ្នារវាងលោក កើត សារ៉ាយ និងអាជ្ញាធរខេត្តព្រះវិហារ ដើម្បីឈានទៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។
លោកបញ្ជាក់ថា៖ «ផ្សព្វផ្សាយនូវព័ត៌មាន ឬការផ្តល់បទសម្ភាសន៍ ហើយក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយ និងយុត្តិធម៌សម្រាប់ពលរដ្ឋ អាហ្នឹងវាអត់មានអីខុសទេ។ ផ្ទុយទៅវិញ ប្រសិនបើមានព័ត៌មានអ៊ីចឹង អាជ្ញាធរដែលពាក់ព័ន្ធគួរតែត្រូវមានការសិក្សាស្រាវជ្រាវ ឬស៊ើបអង្កេតស្វែងរកការពិត ហើយនិងស្វែងរកដំណោះស្រាយ»។
លោក អំ សំអាត ក៏បានជំរុញឱ្យតុលាការដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ និងទម្លាក់ចោទបទចោទប្រកាន់ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស ការពារបរិស្ថាន និងការងារសង្គម។
លោក កើត សារ៉ាយ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។ នេះបើតាមលោក អំ សំអាត។
ចំណែកលោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ស្នើទៅអាជ្ញាធរខេត្តព្រះវិហារ សិក្សាស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លីដល់ប្រជាពលរដ្ឋ ជាជាងចោទប្រកាន់លើអ្នកបញ្ចេញមតិ ដើម្បីកុំឱ្យមានការរិះគន់ ឬថ្កោលទោសថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស។
លោកប្រាប់វីអូអេថា៖ «ការបង្ក្រាប វាមិនបានបង្ក្រាបអ្នកដែលបង្កើតបញ្ហានៅតំបន់នោះ តាំងពីឆ្នាំ២០១៧មក រហូតមកដល់ឥឡូវវាកាន់តែច្រើនទៅៗ បែរទៅជាចោទប្រកាន់ទៅលើអ្នកដែលមើលពីចំងាយវិញ។ […] យើងស្នើសុំដោយទទូចដល់អាជ្ញាធរខេត្ត គួរតែពិចារណាស្រាវជ្រាវរកភស្តុតាង ហើយចោទប្រកាន់ទៅលើអ្នកណាដែលទន្ទ្រានដី ឬដីក្រុមហ៊ុនដែលខុសច្បាប់ ល្អជាជាងដែលយើងមកដាក់ទោសលើអ្នកដែលគ្រាន់តែបញ្ចេញមតិរិះគន់»។
ក្រុមសង្គមស៊ីវិល សហគមន៍ចំនួន៥៤ នៅថ្ងៃចន្ទនេះក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និងដោះលែងលោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ ពួកគេថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត សារ៉ាយ គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី និងលោក អ៊ី រិន្ទ បានទេនៅថ្ងៃពុធនេះ។
នេះជាលើកទី២ ដែលលោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់»។ កាលពីឆ្នាំ២០២១ តុលាការបានផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូបនាពេលនោះ។
នៅថ្ងៃទី៦ ខែមេសា លោក កើត សារ៉ាយ ត្រូវបានបញ្ជូនទៅតុលាការ ហើយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែមេសា។
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការដដែលរៀបរាប់ថា ក្រុមរបស់លោក កើត សារ៉ាយ បានបញ្ជូនរូបភាពជួបជាមួយពលរដ្ឋដែលរត់ចូលក្នុងព្រៃក្នុងខេត្តព្រះវិហារ ឱ្យបណ្តាញផ្សព្វផ្សាយក្រៅប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល និងមិនសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ ដែលអាជ្ញាធរចង់ស្វែងប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃនោះ។
ការចាប់ខ្លួនលោក កើត សារ៉ាយ កើតមានឡើងបន្ទាប់ពីលោកបានទៅជួបប្រជាពលរដ្ឋដែលរត់ចូលព្រៃដោយផ្ទាល់ និងធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងស្ថានភាពរបស់ពួកគេ ក្រោយពេលប្រជាពលរដ្ឋមួយចំនួនដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានប៉ះទង្គិចហិង្សាជាមួយសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី៦ ខែមីនា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន។
ក្រុមប្រជាពលរដ្ឋដែលអះអាងថាកំពុងស្ថិតក្នុងព្រៃ ប្រាប់វីអូអេនាពេលកន្លងមកថា ពួកគេរត់ចូលព្រៃដោយសារគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ ក្រោយមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរចម្រុះ និងប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបណ្តេញពលរដ្ឋចេញពីលំនៅឋាន។
រដ្ឋបាលខេត្តព្រះវិហារ តែងតែចេញសេចក្តីប្រកាសព័ត៌មាន ដោយបានអះអាងថា អាជ្ញាធររកមិនឃើញពលរដ្ឋណាម្នាក់ ដែលរត់គេចខ្លួនក្នុងព្រៃនោះទេ។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យសាលាខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងព្រៃ មករស់នៅផ្ទះសម្បែងវិញ។ លោកបន្តថា អាជ្ញាធរកំពុងរកតាមចាប់ខ្លួនស្ត្រីម្នាក់ដែលតែងផ្តល់ព័ត៌មានឱ្យវិទ្យុបរទេសមួយ ចំណែកពលរដ្ឋផ្សេងទៀត គឺមិនមានទោសពៃរ៍អ្វីនោះទេ។
បើតាមអង្គការលីកាដូ ក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ច កាលពីខែមីនា ឆ្នាំ២០១១ នៅក្នុងឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ អង្គការលីកាដូបន្ថែមថា ការទទួលបានដីសម្បទាននេះធ្វើឱ្យកើតមាននូវជម្លោះដីធ្លីជាមួយពលរដ្ឋរាប់រយគ្រួសារដែលរស់នៅទីនោះ៕
វេទិកាបញ្ចេញមតិ