សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តសួរ លោក កឹម សុខា ទាក់ទងនឹងការប៉ុនប៉ងធ្វើបដិវត្តន៍ ក្រោមរូបភាពនៃការធ្វើបាតុកម្មនានានៅក្នុងប្រទេស ដូចជាបាតុកម្មនៅទីលានប្រជាធិបតេយ្យចាស់ និងយុទ្ធនាការមួយចំនួនដូចជាយុទ្ធនាការកណ្តាប់ដៃ យុទ្ធនាការផ្កាឈូក និងយុទ្ធការថ្ងៃចន្ទពណ៌ខ្មៅ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ នេះបើតាមសហមេធាវីលោក កឹម សុខា និងមន្រ្តីការពារសិទ្ធិមនុស្ស។
ថ្លែងជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុនសាលាឧទ្ធរណ៍ភ្នំពេញ អ្នកស្រី ម៉េង សុភារី បានបញ្ជាក់ថា តុលាការបានចោទសួរ លោក កឹម សុខា ពីការធ្វើបាតុកម្មនានាកន្លងមក ក៏ដូចជាគម្រោងនៃការធ្វើបដិវត្តន៍ដោយបានលើកអង្គហេតុមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងលោក។
អ្នកស្រីថ្លែងថា៖ «ហើយចំណុចមួយទៀតហ្នឹងក៏មានការចោទប្រកាន់រឿងថាធ្វើបដិវត្តន៍ ដោយលើកយកការកាន់ផ្កាឈូក លើកសញ្ញាក្តាប់ដៃ អ្នកពាក់អាវខ្មៅ យកអស់ហ្នឹងមកសួរ ប៉ុន្តែកូនក្តីយើងខ្ញុំឯកឧត្តម កឹម សុខា គាត់បានធ្វើការបញ្ជាក់ហើយថា អត់មានពាក់ព័ន្ធអីនឹងគាត់ទេ»។
បើតាមអ្នកស្រី ម៉េង សុភារី លោកកឹម សុខា បានបដិសេធនៅចំពោះមុខតុលាការថា លោកមិនក្បត់ជាតិជាដាច់ខាត ហើយសកម្មភាពនៃអង្គហេតុដែលតុលាការបានលើកឡើង និងចោទសួរនោះមិនជាប់ពាក់ព័ន្ធនឹងលោកនោះទេ។
អ្នកស្រីបន្ថែមថា៖ «យើងឃើញថាភស្តុតាងទាំងអស់ហ្នឹងដែលយកមកយើងឃើញថាវាអត់ធ្ងន់ល្មម វាអត់ទាន់គ្រប់គ្រាន់ដែលបង្ហាញថាកូនក្តីយើងខ្ញុំបានប្រព្រឹត្តបទល្មើស ពីព្រោះអីដូចយើងបាននិយាយការទាក់ទងរឿងបាតុកម្ម យកភស្តុតាងអ្នកកាន់ផ្កាឈូក អ្នកអីណាដែលអត់ជាប់ពាក់ព័ន្ធនឹងគាត់ ហើយសាមីខ្លួនគេក៏បានឆ្លើយទៅទៀតហ្នឹង។ ឯកឧត្តម កឹម សុខា គឺអត់មានបានផ្សំគំនិត អត់មានបញ្ជា អត់ពាក់ព័ន្ធនឹងអ្នកណាធ្វើ បើអ្នកណាធ្វើអីទទួលខុសត្រូវរឿងហ្នឹងទៅ គាត់បានបញ្ជាក់អ៊ីចឹងហើយ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងថា តុលាការបានបន្តសួរលោក កឹម សុខា ពីយុទ្ធការមួយចំនួនក្នុងនោះមានដូចជា យុទ្ធនាការកណ្តាប់ដៃ យុទ្ធនាការផ្កាឈូក និងយុទ្ធការថ្ងៃចន្ទពណ៌ខ្មៅ តែលោកកឹម សុខាបានប្រកែកថា លោកគ្មានតួនាទីណាមួយក្នងយុទ្ធនាការដែលតុលាការបានលើកយកមកបង្ហាញនៅព្រឹកថ្ងៃព្រហស្បតិ៍។
លោកថ្លែងថា៖ «ហើយយុទ្ធនាការនេះគឺ ដូចជាយុទ្ធនាការកណ្តាប់ដៃ ឬមួយក៏ផ្កាឈូក ឬមួយក៏ថ្ងៃចន្ទពណ៌ខ្មៅ ហើយផ្កាឈូកនោះគឺដូចជាការបង្កើតព្រឹត្តិការណ៍ច្បិចៗយកមកចោទប្រកាន់គាត់ថា គាត់ធ្វើយុទ្ធនាការដោយខុសច្បាប់»។
ក្នុងសវនាការលើកទី៦នេះ លោកកឹម សុខាក៏បានបកស្រាយពីយុទ្ធសាស្ត្រ «ខ្លៅ ខ្លាច ឃ្លាន» ដែលលោកគ្រាន់តែចង់ឱ្យប្រជាពលរដ្ឋនៅក្នុងសង្គមលុបបំបាត់ និងលែងមានភាពខ្លៅ ខ្លាច ឃ្លាន តែប៉ុណ្ណោះ។ នេះបើតាមលោកយី សុខសាន្ត។
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសពពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត(គប់គិត) ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិកាលពីឆ្នាំ ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។ សិទ្ធិនយោបាយរបស់លោកទាំងអស់ត្រូវបានដកហូតហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោកឃុន លាងម៉េង ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា សវនាការលោក កឹម សុខា លើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ប៉ុន្តែលោកមិនឆ្លើយតបនឹងសំណួរផ្សេងទៀត ជុំវិញដំណើរការកាត់ក្តីដែលនៅបន្តសួរដេញដោលលោកកឹម សុខារឿងបាតុកម្មក្រោយឆ្នាំ២០១៣។
បន្ទាប់ពីសវនាការលើកទី ៦ត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក កឹម សុខា នឹងត្រូវមកបង្ហាញខ្លួននៅក្នុងការជំនុំជម្រះលើកទី ៧ នៅថ្ងៃទី ២៥ ខែមេសា ខាងមុខនេះ។
កាលពីសវនាការលើកទី៥ លោកកឹម សុខា បានស្នើឱ្យតុលាការសាលាឧទ្ធរណ៍សម្រួលឱ្យលោកបានជួបជុំក្រុមគ្រួសារក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តែតុលាការមិនទាន់ឆ្លើយតបសំណើនោះទេ។ នេះបើតាមសហមេធាវីការពារក្តីលោកកឹម សុខា។
គិតចាប់តាំងពីពេលដែលលោកកឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ឃុំខ្លួននៅតែក្នុងផ្ទះកាលពីឆ្នាំមុននោះ គេមិនទាន់ដឹងថា កូនៗលោកកឹម សុខា ឬភរិយាអាចជួបប្រាស្រ័យទាក់ទងជាមួយលោកកឹម សុខាបានឬយ៉ាងណាទេ៕
វេទិកាបញ្ចេញមតិ