ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ថា ​ក្រោយ​ព្រឹត្តិការណ៍​៩ វិច្ឆិកា ទំនាក់ទំនង​លោក​ជាមួយ​លោក សម រង្ស៊ី បាន​ដល់​ផ្លូវ​បំបែក


រូប​ឯកសារ៖ លោក កឹម សុខា និង​លោក សម រង្ស៊ី ក្នុង​អំឡុង​​បាតុកម្ម​មួយ​របស់​អតីត​​គណបក្ស​សង្គ្រោះជាតិ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៤។

លោក កឹម សុខា មេដឹកនាំ​នយោបាយ​ជំទាស់ បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គិត​ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​៩ វិច្ឆិកា​ ឆ្នាំ​២០១៩​ នោះ​មក​ ទំនាក់​ទំនង​រវាង​លោក​ និង​លោក​សម រង្ស៊ី បាន​ដល់​ទី​បញ្ចប់។ នេះ​បើ​តាម​អង្គការ​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​សវនាការ​របស់​លោក កឹម សុខា។

លោក កឹម សុខា កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​ សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​កន្លង​មក​ទាំង​លោក កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូងចម្រាស​នេះ។

នាយករង​ទទួល​បន្ទុក​ឃ្លំាមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូលោក​ អំ សំអាត ឱ្យ​ដឹង​ថា​ សវនាការ​របស់​លោក​កឹម សុខា នៅ​ថ្ងៃ​ពុធ​នេះ​ មាន​ការ​សួរ​ភ្ជាប់​ទំនាក់ទំនង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី​ ក្នុង​ព្រឹត្តិការណ៍​មាតុភូមិនិវត្តន៍​មិន​ជោគជ័យ​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។

លោក​ប្រាប់​វីអូអេ​នៅ​ ថ្ងៃ​ពុធ​នេះ​ថា៖ «មាន​ការ​បក​ស្រាយ​ពី​ឯកឧត្តម ​កឹម សុខា​ ថា​ លោក​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ឯកឧត្តម​ សម រង្ស៊ី​ ទៀត​ទេ។ ហើយ​សូម្បី​តែ​នៅ​ពេល​ការ​វិល​ត្រឡប់​មក​វិញ​របស់​ឯកឧត្តម សម រង្ស៊ី​ ក្នុង​គម្រោង​៩ វិច្ឆិកា​ ២០១៩​ហ្នឹង​ គឺ​ឯកឧត្តម ​កឹម សុខា​ មិន​បាន​គាំទ្រ​ និង​ចូលរួម​ ហើយ​លោក​លើក​ឡើង​ថា ​បាន​ហាម​មិន​ឱ្យ​ក្រុម​របស់​គាត់​ ឬ​ក៏​អ្នក​គាំទ្រ​របស់​គាត់​ហ្នឹង​ចូលរួមផងដែរ។ ហើយ​ចាប់​ពី​ពេល​នោះ​មក​ ឯកឧត្តម​ កឹម សុខា ​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ហ្នឹង​ឯកឧត្តម​ សម រង្ស៊ី​ និង​ក្រុម​ឯក​ឧត្តម​ សម រង្ស៊ី​ទៀត»។

លោក​បន្ថែម​ថា៖ «ហើយ​ឯកឧត្តម ​កឹម សុខា​ លោក​ថា​ នៅ​ពេល​ដែល​ចប់​បញ្ហា​រឿង​របស់​គាត់​ លោក​នឹង​ធ្វើ​សន្និសីទ​ និង​ការ​បកស្រាយ​ ទៅ​លើ​រឿង​មិន​មាន​ការ​ពាក់​ព័ន្ធ​រវាង​ឯកឧត្តម​ កឹម សុខា​ ទៅ​នឹង​ឯក​ឧត្តម​ សម រង្ស៊ី​ ហ្នឹង។ ហើយ​ចំណុច​នេះ​ ឯក​ឧត្តម​ កឹម សុខា បាន​បញ្ជាក់​ថា​ កឹម សុខា​ និង​ សម រង្ស៊ី​ មិន​មែន​ជា​មនុស្ស​តែ​មួយ​ទៀត​ទេ​ ដូច​ការ​លើក​ឡើង​នោះ​ទេ»។

បើ​តាម​លោក អំ សំអាត​ សវនាការ​លើក​នេះ​ ក៏​ផ្តោត​លើ​តួនាទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​បាតុកម្ម​ដែល​បាន​កើត​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ និង​ផ្លូវ​វេងស្រេង​ផង​ដែរ។

សហមេធាវី​ការពារ​ក្តី​លោក កឹម សុខា​ គឺ​លោក ផែង ហេង​ ប្រាប់​វីអូអេ​ក្រោយ​សវនាការ​ថា ​ក្នុង​ការ​សួរ​ដេញដោល​នៅ​ថ្ងៃ​ពុធ​នេះ មិន​មាន​ការ​វិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​ ពោល​គឺ​គ្មាន​ការ​បង្ហាញ​ភ័ស្តុតាង​បន្ថែម​ តែ​មាន​ការតាំង​សំណួរ​ពី​ភាគី​អយ្យការ​ខ្លះៗ​ប៉ុណ្ណោះ​ ជុំវិញ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង និង​ការ​ចោទ​សួរ​សម្តីរបស់​លោក​ ហូរ វ៉ាន់ អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ថា​មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពី​ក្រោយ​ ឬ​យ៉ាង​ណា​នោះ។

នៅ​ពេល​សួរ​អំពី​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​លោក កឹម សុខា​ និង​លោក សម រង្ស៊ី នោះ​ លោក​ ផែង​ ហេង​ ពន្យល់​ថា​ ការ​អត្ថាធិប្បាយ​របស់​លោក ​កឹម សុខា​ អំពី​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​គាត់​ និង​លោក សម រង្ស៊ី​ កើត​ឡើង​ក្រោយ​ការ​ចោទ​សួរ​របស់​តំណាងអយ្យការ។

បើ​តាម​លោក​ ផែង ហេង​ លោក​ កឹម សុខា​ បាន​ថ្លែង​ថា​ ទំនាក់ទំនង​រវាង​គាត់​ និង​លោក​ សម រង្ស៊ី បាន​ដាច់​ស្រេច​គ្នា​ ព្រោះ​លោក ​សម រង្ស៊ី​ បាន​ជួយ​ឃោសនា​ឱ្យ​ និង​បាន​នៅ​ពី​ក្រោយ​គណបក្ស​ភ្លើង​ទៀន​ដែល​បានចូល​រួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ដោយ​មាន​ការ​សម្រួល​ពី​សំណាក់​រដ្ឋាភិបាល។ ត្រង់​ចំណុច​នេះ លោក​ កឹម សុខា​ ថា​គាត់និង​លោក​ សម រង្ស៊ី មិន​មែន​ជា​មនុស្ស​តែ​មួយដូច​មុន​ទេ។

គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល កាល​ពី​ចុង​ឆ្នាំ​២០១៧ កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាងគណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក​ កឹម សុខា និង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១២។

កាល​ពី​ចុង​ឆ្នាំ​២០២១ លោក​ កឹម សុខា​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជា​អក្សរ​ថា​លោក ​សម រង្ស៊ី ​និង​សហការី​នៅ​តែ​បន្ត​យក​ឈ្មោះ ​និង​រូបថត​របស់​លោក​ទៅ​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​នានា ​ដែល​លោក​ថា​ «មិន​មាន​ការ​អនុញ្ញាត ​ឬ​ការ​គាំទ្រ»​ ពី​រូប​លោក​ឡើយ។ លោក​បន្ថែម​ថា​ លោក​ សម រង្ស៊ី ​និង​សហការី​បាន​ដើរ​ចេញ​ពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការ​រួបរួម​ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ។

ដោយ​សារ​សកម្មភាព​ទាំង​នោះ លោក កឹម សុខា បញ្ជាក់​ក្នុង​សារ​របស់​លោក​ថា ​សម រង្ស៊ី​ និង កឹម សុខា «មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ»។ ប៉ុន្តែ​លោក សម រង្ស៊ី អះអាង​ថា ​សារ​របស់​លោក​ កឹម សុខា ធ្វើ​ឡើង​ដោយសារ​លោក​រង​ការ​គំរាមកំហែង ខណៈ​លោក​នៅ​ជាប់​ក្តីក្តាំ​នៅ​តុលាការ។

គួរ​រំឭក​ឡើង​វិញផង​ដែរ​ថា ​ នៅ​ក្នុង​សវនាការ​មុនៗ​ ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ដាក់​បង្ហាញ​ភ័ស្តុតាង​ជាច្រើន។ ​ភ័ស្តុតាង​ទាំង​នោះ​ រួម​មាន​ឃ្លីប​វីដេអូ ​ រូប​ថត​ ឯកសារ​ព័ត៌មាន​ជា​វីដេអូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ភ័ស្តុតាង​ទាំង​នោះ ​មាន​ខ្លះ​បង្ហាញ​ពី​សកម្ម​ភាព​នៃ​ការ​ចាប់​ផ្តើម​រៀបចំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​២០១២ សកម្ម​ភាព​ដឹកនាំ​បាតុកម្ម​របស់​លោក ​កឹម សុខា​ និង​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត​គឺ​លោក​ សម រង្ស៊ី​ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​របាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ប៉ុន្តែ​ភ័ស្តុតាង​សំខាន់​មួយ​ដែល​តំណាង​អយ្យការ​យក​មក​ចោទ​ប្រកាន់​លោក ​កឹម សុខា​ គឺ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ អំពី​ការ​ទទួល​បាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ប្រទេស​លោក​សេរី ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។ ភ័ស្តុតាង​នេះ​ ក៏​នាំ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ៕

XS
SM
MD
LG