ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​សម្តែង​ក្តី​បារម្ភ​​​ចំពោះ​ការ​កាត់ទោស​ទ្រង់ទ្រាយ​ធំ​ចុង​ក្រោយ​បង្អស់​នៅ​កម្ពុជា


រូបឯកសារ៖ រថយន្ត​ប៉ូលិស ដឹក​សកម្មជន​បក្ស​ជំទាស់​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សម្តែង​នូវក្តីបារម្ភជុំវិញការ​កាត់ទោសទ្រង់ទ្រាយ​ធំ​មួយ​របស់​កម្ពុជា​ទៅ​លើ​ក្រុម​មន្ត្រី​គណបក្សប្រឆាំង​ ដែលក្នុង​នោះក៏​រួម​មាន​ទាំង​សកម្មជនខែ្មរ​អាមេរិកាំង​ម្នាក់​ផង​ដែរ។ សហរដ្ឋ​អាមេរិក​ព្រមាន​ថានេះជា​ការ​បង្ហាញ​នូវ​សកម្មភាព ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។

តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​បាន​កាត់​ទោសមន្ត្រី​គណបក្សប្រឆាំង​ប្រមាណ​ចំនួន ៦០ នាក់ នៅ​ក្នុង​សវនាការ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ការណ៍​នេះ​កើត​មាន​ឡើង ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​កាន់​តំណែង​ជា​យូរ​មក​ហើយ​នោះ និង​ដែល​ទើប​តែ​បានចូលរួម​ក្នុងកិច្ចប្រជុំ​ពិសេស​អាមេរិក-អាស៊ាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​មុន​ ​ធ្វើ​ការ​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា នៅ​មុន​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​ក្រោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក Ned Price បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋអាមេរិក​មានការ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​កាត់​ទោសទ្រង់ទ្រាយ​ធំ​មួយកាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនាកន្លង​ទៅ​នេះ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំងនៅក្នុង​ប្រទេស​កម្ពុជា​ ដែលក្នុង​ចំណោមនោះក៏​មាន​មេធាវីខ្មែរ​អាមេរិកាំង​កញ្ញា សេង ធារី ​ម្នាក់​ផង​ដែរ»។

លោក​ Price បាន​ថ្លែង​បន្ថែម​ទៀត​ថា​ ការ​កាត់​ទោស​នេះ«គឺ​ជាឧទាហរណ៍​ចុង​ក្រោយ​បង្អស់​នៃ​ការ​គំរាម​កំហែង​ ការ​បំភិតបំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​និង​មេដឹកនាំ​នយោបាយ​ប្រឆាំង»។ លោក​ថ្លែង​ទៀត​ថា៖ «សកម្មភាព​ទាំង​នេះ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យពហុបក្ស​ និង​នីតិរដ្ឋ»។

ចុងចោទនៅ​ក្នុង​សវនាការ​នោះ​ បាន​ទទួល​រង​ការ​ចោទ​ប្រកាន់មួយ​ចំនួន​ ដែល​រាប់​ចាប់តាំង​ពី​អំពើ​ក្បត់ជាតិ រហូត​ដល់ការ​ញុះញង់​និង​ការ​ឃុបឃិត ​ជុំវិញគម្រោង​ផែន​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​មិន​បាន​ជោគជ័យ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺ​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩​ ហើយ​ដែល​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា​សកម្មភាព​មួយ​ដែល​ប៉ុនប៉ង​មិន​បាន​សម្រេច​ក្នុង​ការ​ទម្លាក់​លោក​ ហ៊ុន សែន ចេញ​ពី​អំណាច។

ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ ដែល​ត្រូវ​កាត់ទោស​នោះ​ ​ធ្លាប់​ជា​មន្ត្រី​ជាន់​ខ្ពស់នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​រំលាយ​ទៅ​ហើយ​ ហើយ​ដែល​បានធ្វើ​ការ​រៀប​ចំ​ដោយ​ផ្ទាល់​ចំពោះគម្រោងការ​នៃ​ការ​វិល​ត្រឡប់របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​ មនុស្ស​ជា​ច្រើន​ផ្សេងទៀត​ត្រូវ​បាន​កាត់​ទោស​ ដោយ​សារ​តែ​ពួក​គេ​គ្រាន់​តែ​បាន​បង្ហោះ​សារ​គាំទ្រការ​វិល​ត្រឡប់​នោះ​នៅ​លើ​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ។

លោក Price និយាយ​ថា​ សហរដ្ឋអាមេរិកអំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែងជន​ទាំង​អស់​នោះ​ ​ដែល​ក្នុង​នោះ​ក៏​មាន​កញ្ញា សេង​ ធារី​ ផង​ដែរ​ ដែលត្រូវ​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌ ដើម្បី​ការពារ​សេរីភាពនៃការ​បញ្ចេញ​មតិ​ សេរីភាព​នៃ​ការ​បង្កើត​សមាគម និង​សេរីភាព​នៃការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី»៕ ​

XS
SM
MD
LG