ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ថ្កោលទោស​ការបង្ក្រាប​ហិង្សា​ខណៈ​ដែល​រដ្ឋាភិបាល​ហៅ​ចូលតុ​ចរចាវិញ


ក្រុម​ដែល​​រៀបចំ​ដោយ​​​អាជ្ញាធ​រ​ប្រឆាំង​​​បាតុកម្ម​​កំពុង​​បណ្តេញ​​បាតុករ​​អហិង្សា​​នៅ​ទីលាន​​ប្រជាធិបតេយ្យ​​
ក្រុម​ដែល​​រៀបចំ​ដោយ​​​អាជ្ញាធ​រ​ប្រឆាំង​​​បាតុកម្ម​​កំពុង​​បណ្តេញ​​បាតុករ​​អហិង្សា​​នៅ​ទីលាន​​ប្រជាធិបតេយ្យ​​
ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោលទោស​ចំពោះ​ការ​បណ្តេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យកាលពី​ថ្ងៃសោរ៍​ ក្នុង​ខណៈពេលជាមួយ​គ្នា​នេះ​ដែរ​គណបក្ស​ប្រឆាំង​នៅ​បន្ត​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​បាក់ទឹក​ចិត្ត​ហើយ​បន្ត​ការតស៊ូទាមទារ​របស់​ពួកគេ។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ចេញ​ផ្សាយ​កាលពីថ្ងៃ​សៅរ៍​ក្រុម​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣​បាន​ចាត់​ទុក​ថា​នេះ​ជា​«ករណីរ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែល​មិន​ អាច​ទទួល​យក​បាននិង​ធ្វើ​ឱ្យ​ប៉ះពាល់​ជាអវិជ្ជមាន​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា។
​ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ដែល​អាជ្ញាធរ​បាន​ប្រើ​វិធានការ​ក្តៅ​ក្នុង​ការ​ដោះស្រាយ​ការខ្វែងគំនិត​គ្នាដែល​កើត​មាន​ឡើង​ក្រោយ​ពីការ​បោះឆ្នោត​ជាតិ​កាលពីខែ​កក្កដា​ឆ្នាំ​មុន។

លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់ថា៖ «វាជាសញ្ញាអាក្រក់​សម្រាប់លទ្ធិ​ប្រជាធិបតេយ្យជាជំហានមួយ​ដើរ​ថយ​ក្រោយ​ដ៏ធំ​។ ជាពិសេស​ការបំបែក​ការ​ធ្វើ​បាតុកម្ម​នៅ ទីលាន​ប្រជាធិបតេយ្យ​នៅ ព្រឹក​នេះ​យើង​មើល​ទៅ វាមិន​មែន​ជារឿង​មួយ​ចាំ​បាច់​ទាល់តែ​សោះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ ទីនោះ​ទោះបី​គាត់​សុំ​ច្បាប់​ឬមិនសុំ​ច្បាប់​យ៉ាងហោចណាស់​គាត់​អត់​មាន​ធ្វើអ្វី ដែល​វាមាន​អំពើហិង្សា​ឬក៏​បំពាន​ច្បាប់​ណាទេ​គ្រាន់​តែ​គាត់​បាន​បំពេញ​តួរនាទី​របស់​គាត់​ជា​ពលរដ្ឋ​ក្នុង​ការ​តវ៉ា​ក្នុង​ការ​សម្តែង​មតិ​ហើយ​សម្តែង​មតិដោយ​សន្តិវិធី​ទៀត​អញ្ចឹង​ហើយ​បាន​ខ្ញុំ​សោក​ស្តាយមែន​ទែន​ ហើយ​វាស្រប​ជាមួយ​នឹង​ការ​បំបែក​ហិង្សា​ពីរថ្ងៃ​កន្លង​មក​ហើយ​។ អញ្ចឹង​ទេ​ការបំបែក​ព្រឹក​នេះ​វាជាសារ​ដ៏​ធំមួយ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន​សែន​ថា​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ​គឺ​មិន​ទទួល​អនុញ្ញាត​ឱ្យ​សម្តែង​មតិ​»។

ទីលាន​ប្រជាធិបតេយ្យ​ដែល​នៅ​ចំកណ្តាល​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​ទីតាំង​បាតុកម្ម​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំងពីថ្ងៃ​ទី​១៥​ខែ​ធ្នូ​មក​ដោយ​ទាមទារ​ឱ្យ​មានបោះឆ្នោត​ជាតិ​ឡើង​វិញ​និង​ឱ្យ​លោក​ហ៊ុន សែន ដែលត្រូវបានសភាដែលមាន​តែគណបក្ស​ប្រជាជន​កម្ពុជាតែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ចុះ​ចេញ​ពីតំណែង។

ការតវ៉ារបស់​ពួកគេ​បាន​បញ្ចប់​យ៉ាងតក់ក្រហល់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​នៅ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​ដែលមាន​ជាច្រើន​ពាន់​នាក់​សហការ​ជាមួយ​នឹង​ក្រុម​បុរស​ដែល​ស្លៀកពាក់​ស៊ីវិលប្រដាប់​ដោយ​ដំបង​និង​បំពង់ទីប​បាន​មក​បណ្តេញ ពួកគេ​ចេញ​ដោយ​បង្ខំ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ការពារ​ការបណ្តេញ​ចេញនេះ​និងការបង្រ្កាបលើបាតុកម្ម​របស់​កម្មករ​ដែល​ឈាន​ដល់អំពើហិង្សា​នៅ​ផ្លូវ​វេងស្រេង​ កន្លងមក​ថា​ជាការ​រក្សា​សណ្តាប់​ធ្នាប់​សង្គមនិង​ការ​ពារ​ផលប្រយោជន៍​ដល់​អ្នក​វិនិយោគ​ទុន​នៅ កម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា​ក៏បានអំពាវឱ្យ​គណបក្ស​ប្រឆាំង​វិល​ចូល​មក​តុ​ចរចា​ឡើង​វិញ​ដើម្បី ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ ក្នុង​ប្រទេស​កម្ពុជា។​

នៅក្នុ​ងសន្និសីទ​សារព័ត៌មាន​នាថ្ងៃ​សៅរ៍​លោក​ កែវ​ រ៉េមី រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​បញ្ជាក់ថា៖ «គណបក្ស​ប្រជាជន​យល់​ឃើញ​ថា​ដំណោះស្រាយ​ដ៏ ប្រសើរ​បំផុត​គឺ​ការ​ចរចា​មិនមែន​ទាក់​ទង​ទៅ​នឹង​រឿងបាតុកម្មនោះទេ​។ ការ​ចរចា​គឺ​មាន​សារៈ​សំខាន់ណាស់​ វិល​ត្រឡប់​មក​តុ​ចរចា​ដើម្បី​ជជែក​គ្នា។ នេះ​គឺជា​រឿង​មួយ​ដ៏​ល្អបំផុត​ហើយ​គណបក្ស​ប្រជាជន​បើក​ទ្វារចំហរ​ជានិច្ច​ស្វាគមន៍​ចំពោះ​រាល់​ទង្វើ​រាល់​ការងារ​ណាដែល​គណបក្ស​សង្គ្រោះជាតិ​មាន​បំណងជជែក​វែកញែក​ជាមួយគ្នា​ដើម្បីរក​នូវ​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ជាតិ​សុខដុមដល់​ប្រជាពលរដ្ឋ​នៅ ទូទាំងប្រទេស»។​

លោក​ក៏បាន​អំពាវនា​វឱ្យ​កម្មករ​វិល​ចូលធ្វើការ​ងារ​វិញ​ដោយ​កុំជឿតាម​ការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះជាតិ​ហើយបញ្ឈប់​ការ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​ដល់​១៦០ដុល្លារសិន​និងទទួលយក​ប្រាក់​ខែ​១០០ដុល្លារ​ដែល​រដ្ឋាភិបាល​សម្រេច​ប្រគល់​ជូន។

«រាជរដ្ឋាភិបាល​សូម​អំពាវនាវសូម​ឱ្យ​ប្រជាពលរដ្ឋ​កម្មករ​ កម្មការិនី​ប្អូនៗ​កុំ​ឱ្យ​ធ្វើ​ជា​កង្កែប។ ​កង្កែបខ្ញុំ​ចង់​និយាយ​ថា​គ្រាន់​តែ​គេយក​បបក់​កង្កែប​គេយក​ផ្កាពណ៌​ក្រហម​ពណ៌ ខៀវ ពណ៌​ស្វាយ​ក៏​ស៊ីនុយដែរ​តាម​ពិតផ្កាសោះមិន​មែន​ជានុយពិតប្រាកដ​។ សូម​កុំ​ឱ្យ​ធ្វើ​ជា​កង្កែប​។ ការសន្យារបស់​គណបក្ស​សង្គ្រោះជាតិ​គ្រាន់តែ​ថា​មាត់​ទទេរទេតើ»។

រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ថា​គឺមាន​ក្រុមអ្នក​ដែល​ញុះញង់​មក​ពី​ប្រភព​មិនច្បាស់លាស់​មួយ​ចូលរួម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​បង្ក​ឱ្យ​មាន​អំពើ​ហិង្សាក្នុង​ពេល​កន្លងមក​ហើយ​រដ្ឋាភិបាល​មាន​ភស្តុតាងគ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​នៅ ក្នុងតុលាការ។​

លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក បាន​យល់ឃើញ​ថា​វាគ្មាន​ហេតុផល​ណា​មួយ​ដែល​រដ្ឋាភិបាល​ចាំ​បាច់​ដល់​ប្រើ​កម្លាំង​ហិង្សា​បង្ក្រាប​លើ​ការតវ៉ា​របស់​កម្មករ​និង​សកម្មជន​គណបក្ស​ប្រឆាំង​ឡើយ។ ហើយ​វា​ក៏​ជា​ការ​រៀបចំ​នូវ​ឆាក​ចរចា​មួយ​ដែល​មិន​មាន​តុល្យភាព​គ្នា​នៃ​ភាគី​ទាំងសងខាង។

«ខ្ញុំយល់​ថាអ្វី​ដែល​ជា​ការ​ចរចា​លើកឡើង​ប៉ុន្មានថ្ងៃ​មុន​នេះ​ នោះគឺ​ជា​ភាសា​នយោបាយ​មួយ​ហើយ​ការបង្ក្រាបលើ​បាតុករ​គឺ​ជា​ការ​ដាក់​គំនាប​ដើម្បីឱ្យ​មេក្រុម​ប្រឆាំង​ធ្វើ​ការ​ដោះស្រាយ​ឬក៏​ចរចា​ដើម្បី​បញ្ចប់​នូវ​រាល់​បញ្ហា​ទាំងឡាយ​ក៏ប៉ុន្តែ​ការបង្រ្កាបបែបនេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ប្រៀបខ្លាំង​ទៅលើ​ភាគី​ចរចា​ម្ខាង​ទៀត​រួចទៅហើយ»។​

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំងពីរ​រូបគឺ​លោក​សម រង្ស៊ី ​និង​លោកកឹម សុខា​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដីកាឱ្យទៅ​បំភ្លឺ​នៅ ថ្ងៃ​ទី​១៤ខែមករា​ពី​បទទាក់​ទង​នឹង​ការ​ញុះ​ញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ជាមួយ​គ្នា​នេះ​ដែរ​តុលាការ​ក៏​កោះអញ្ជើញ​លោក​រុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ឱ្យ​ចូល​បំភ្លឺ​ក្នុង​បទចោទដូច​គ្នា​នេះដែរ។​

ប៉ុន្តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិហាក់​មិន​បង្ហាញ​ការចុះ​ញ៉ម​ចំពោះ​ការបង្រ្កាប​ដោយ​ហិង្សានិង​ការ​ប្រើផ្លូវ​តុលាការ​នេះ​ទេ​ដោយបាន​អំពាវនា​វ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ឡើង​ដើម្បី​យក​ឈ្នះ លើ​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន។

វីអូអេ​មិន​អាចទាក់​ទង​មេដឹកនាំ​ទាំងពីរ​នៃ​គណបក្ស​សង្គ្រោះជាតិ​បាន​ទេកាលពីល្ងាចថ្ងៃ​សៅរ៍ប៉ុន្តែលោក​សម រង្ស៊ី​ប្រធានគណបក្សបាន​ចេញ​ផ្សាយ​នូវ​សារ​ខ្លីៗ​នៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដែលមាន​ខ្លឹម​សារ​ថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន កម្មករ កម្មការិនី និង​កូន​ក្មួយ​យុវជន​ទាំងអស់​ក្រោកឡើង​រួមគ្នា​ជាមួយ​គណបក្សសង្រ្គាះជាតិ ហើយ ប្រកាន់ខ្ជាប់នូវធម៌អហិង្សា ដើម្បី​យក​ឈ្នះ​លើ​អំណាច​ផ្តាច់ការ​នា​ពេល​នេះ»។

អ្នក​វិភាគ​នយោបាយ​ក្នុង​រដ្ឋ​ម៉ារីឡែន សហរដ្ឋ​អាមេរិក​លោក គុជ ចាន់លី បាន​យល់​ឃើញ​ថា​កិត្តិនាម​របស់​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​រងផលប៉ះពាល់​យ៉ាង​ខ្លាំង​ហើយ​ពិបាក​ក្នុង​ការស្តាទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើងវិញ។​

«នៅ​ពេល​នេះរាជរដ្ឋាភិបាល​ទោះបី​ខាងមុខ​ទៀត​មាន​ឱកាស​ដឹកនាំ​ឬកាន់កាប់​អំណាច​តទៅទៀត​ក្តី ក៏​ខ្ញុំ​យល់​ឃើញ ថា​នឹង​អស់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ហើយ​ពីព្រោះ​នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​ដូច​ជា​យល់​ច្បាស់​ណាស់​ថា​រដ្ឋាភិបាល​មិនមែន​ជា​រដ្ឋាភិបាល​ប្រជាពលរដ្ឋ​ទេ​ប៉ុន្តែ​គឺជា​ឃាតករ​នៃ​ប្រជាពលរដ្ឋ​វិញ​ព្រោះ លោក​ប្រើ​កម្លាំង​អាវុធ​យុទ្ធភ័ណ្ឌ​ឆ្លើយតប​ទៅនឹង​ការ​សុំ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ»។

ការ​បណ្តេញ​ចេញ​ដោយ​ហិង្សានេះ​កើត​ឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៥​នៃ​ជ័យ​ជម្នះ​៧មករា។ ហើយ​ក៏​មាន​រយៈ​ពេល​ពីរថ្ងៃ​មុន​ពេល​ដែល​កាលបរិច្ឆេទ​កំណត់​សុំ​ឱ្យ​លោក​គ្រូ​អ្នក​គ្រូ​នៅ ទូទាំង​ប្រទេស​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​ដែល​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ ថ្ងៃ​ច័ន្ទ​ទី​៦​ខែ​មករា​ដើម្បី​ទាមទារ​ប្រាក់​ខែ​ឱ្យ​បាន​ចំនួន​មួយ​លាន​រៀល។ គេនៅ​មិន​ទាន់​ដឹង​ថា​ តើ​កូដកម្មនេះ​នៅ​បន្ត​ឬ​យ៉ាង​ណា​ទេ​បន្ទាប់​ពី​គម្រោង​មហាបាតុកម្មរបស់​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រោង​ធ្វើ​នៅ ថ្ងៃ​អាទិត្យ​ទី៥​ ខែ​មករា​នេះ​ត្រូវ​បាន​គណបក្ស​សម្រេច​លុបចោល​យ៉ាង​តក់​ក្រហល់​ហើយ​ធ្វើ​តែ​កម្មវិធី​បង្សុកូល​ដើម្បី ឧទ្ទិស​មគ្គផល​ដល់​ជន​រងគ្រោះ​បាត់​បង់​ជីវិត​យ៉ាង​ហោចណាស់​៤នាក់​ ពីការ​បង្ក្រាបយ៉ាង​ឃោរឃៅរបស់​អាជ្ញាធរនៅ​ផ្លូវ​វេងស្រេង​វិញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG