ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពង្រឹង​តម្លាភាព​និង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​លើ​រថយន្ត​​ដាក់​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ


រូបឯកសារ៖ យោធា​ម្នាក់​ដក​ស្លាកលេខ​ចេញ​ពី​រថយន្ដ​មួយ​គ្រឿង​របស់​មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥។ ក្រសួង​ការពារ​ជាតិ​បាន​បញ្ជា​ឲ្យ​ដក​ហូត​នូវ​រាល់​ស្លាក​លេខ​ខុសច្បាប់ និង​ផុត​សុពលភាព​ចេញ​ពី​យានយន្ដ​របស់​មន្ត្រី​យោធា និង​ទាហាន។ (REUTERS)
រូបឯកសារ៖ យោធា​ម្នាក់​ដក​ស្លាកលេខ​ចេញ​ពី​រថយន្ដ​មួយ​គ្រឿង​របស់​មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥។ ក្រសួង​ការពារ​ជាតិ​បាន​បញ្ជា​ឲ្យ​ដក​ហូត​នូវ​រាល់​ស្លាក​លេខ​ខុសច្បាប់ និង​ផុត​សុពលភាព​ចេញ​ពី​យានយន្ដ​របស់​មន្ត្រី​យោធា និង​ទាហាន។ (REUTERS)

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​តម្លាភាព និង​ប្រសិទ្ធភាព ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសប្រមូល​ពន្ធ​លើ​យានយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ​ ខ.ម និង​ន.ប ក្នុង​គោល​ដៅ​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ការ​ប្រមូល​ពន្ធ។

វិធានការ​នេះ​ត្រូវ​បាន​ប្រកាស​ឡើង ស្រប​ពេល​មាន​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ ហើយ​ចំណូល​ជាតិ​បាន​ធ្លាក់​ចុះ​ផង​ដែរ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ស្វាគមន៍​វិធាន​ការ​ដាក់​បន្ទុក​ពន្ធ​ខាង​លើ​ ដោយ​លើក​ឡើង​ពី​ការប្រមូលថវិកា​បន្ថែម​ជូន​រដ្ឋ​ និង​ការ​ទប់​ស្កាត់​ការ​ប្រើប្រាស់​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ​ ដោយ​ខុស​ច្បាប់។​ លោក​ក៏​បាន​បង្ហាញ​ការព្រួយ​បារម្ភ​ជុំវិញការ​ប្រមូល​ពន្ធ​មិន​បាន​ពេញ​លេញ ដោយ​សារ​បក្ខពួក​និយម។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បារម្ភ​ជា​ទូទៅ មិន​មាន​ករណី​ដោយ​ឡែក​ជាក់​លាក់​អី​នោះ​ទេ ដោយ​សារ​បញ្ហា​ខ្សែ​បក្ខ​ពួក​នៅ​ស្រុក​ខ្មែរ​នៅ​មាន។ អញ្ចឹង​នៅ​ពេល​អនុវត្ត កន្លែង​ហ្នឹង​ដែល​ពិបាក។ ឧទាហរណ៍​មន្រ្តី​អនុវត្ត​ច្បាប់​គាត់​ធ្វើការ​របស់​គាត់​ហើយ ក៏​ប៉ុន្តែ​បុគ្គល​ហ្នឹង​គាត់​មាន​ខ្សែ ​គាត់​មាន​ខ្នង។ អញ្ចឹង​សួរ​ថា​តើ​អាច​ប៉ះពាល់​ដល់​ការ​អនុវត្ត​អត់?»។

លោក ប៉ិច ពិសី ​បន្ថែម​ថា​ដើម្បី​លើក​កម្ពស់​នូវ​តម្លាភាព អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់​ពន្ធដារ​ឲ្យ​បាន​ស្រប​តាម​នីតិវិធី កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ​ផ្នែក​រដ្ឋបាល និងលុប​បំបាត់​ការ​ទារ​ប្រាក់​សេវា​ខាង​ក្រៅ ក៏​ដូច​ជា​គ្រប់​គ្រង​ថវិកា​ប្រមូលបាន​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ឲ្យ​បាត់បង់ ដោយ​សារ​អំពើ​ពុក​រលួយ។

បើ​យោង​ទៅ​តាម​លិខិតរបស់ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ចុះ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្គាប់​ឲ្យ​ម្ចាស់​យាន​យន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ​ខេមរ​ភូមិ(ខ.ម) និង​នគរបាល (ន.ប) ដែល​មាន​ចង្កូត​ឆ្វេង និង​ពុំ​ទាន់​មាន​ចុះ​បញ្ជី​ជា​ទ្រព្យ​របស់​រដ្ឋ បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​តាម​ច្បាប់ និង​បទបញ្ញត្តិ​ជា​ធរមាន។ លើស​ពី​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​ការហាម​ឃាត់លើ​ការ​នាំ​ចូល និង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ ដែល​មិន​មាន​ការ​អនុញ្ញាត​ពិសេស។

លិខិត​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ក្រោយ​មាន​ការ​ឯកភាព​ពី​នាយករដ្ឋមន្រ្តី ក៏​បាន​បង្គាប់​ឲ្យ​បង់​ពន្ធ​ចំពោះ​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុង​ស្រុក និង​តម្រូវ​ឲ្យ​មាន​ការ​កែ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង​ឲ្យ​ស្រប​តាម​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​មុន​កាល​កំណត់​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២២។ បើ​មិន​ធ្វើ​តាម​ទេ រថយន្ត​ចង្កូត​ស្តាំ​ដែល​បង្រ្កាប​បាន នឹង​ត្រូវ​បំបែក​ជា​គ្រឿង​បន្លាស់ ឬ​កម្ទេចចោល។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ថ្លែង​ប្រាប់​VOA​ថា​លោក​បាន​សង្កេត​មើល​វិធាន​ការ​ប្រមូល​ពន្ធ​នេះ​កាល​ពី​កន្លង​ទៅ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​ទៅ​លើ​ប្រសិទ្ធ​ភាព​ខ្ពស់​នៃ​ការ​វិធានការ​នេះ។ លោក​ជំរុញ​ឲ្យ​មាន​យុទ្ធនា​ការ​បង្រ្កាប​ជា​ប្រចាំ​រយៈ​ពេល​វែង និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​តឹង​រ៉ឹងលើ​បុគ្គល​ដែល​គេច​វេះ​ពី​ការ​បង់​ពន្ធ។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​យើង​គ្រាន់​តែ​ថា​ធ្វើ​យុទ្ធនាការ​ម៉ា​ឈុល​ៗ ទី​មួយ​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​អាច​ខាត​បង់ ​បាទ។ ខាត​បង់​យ៉ាង​ម៉េច? មាន​ន័យ​ថា​អ្នក​ខ្លះ​ គាត់​ឃើញ​ថា​គេ​ធ្វើ​អញ្ចឹង​ទៅ​បាន។ ហើយ​វិធាន​ការ​រដ្ឋ​ហ្នឹង​ ម៉ាឆាវ ម៉ា​ឆាវ អញ្ចឹង​ទៅ។ ធ្វើ​ឲ្យ​គាត់​លែង​ខ្លាច​វិធានការ​រដ្ឋ។ ហើយ​គាត់​យល់​ថា​គេច​ផុត​មួយ​រយៈ​នេះ​ទៅ មាន​អី​ គាត់​អាច​ប្រើ​ប្រាស់​ធម្មតា​ឡើង​វិញ​បាទ»។

មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​ បានស្នើ​ឲ្យ​រឹត​បន្តឹង​ការប្រយុទ្ធនឹងអំពើ​ពុក​រលួយ តាម​រយៈ​ការ​ចាត់​វិធាន​ការផ្លូវ​ច្បាប់លើ​រាល់​មន្រ្តី​ដែល​សម្រប​សម្រួល​មិន​ឲ្យ​មាន​ការ​បង់​ពន្ធ​ចំពោះ​រថយន្ត​ស្លាក​លេខ​ពី​ក្រសួង​ស្ថាប័ន​រដ្ឋ ហើយ​ប្រើប្រាស់​ជា​លក្ខណៈ​ឯក​ជន។

លោកបន្ត​ថា​ បន្ថែម​ពី​នេះ ដើម្បី​ពង្រឹង​តម្លាភាព​ រដ្ឋាភិ​បាល​ត្រូវ​បញ្ជាក់​ពីអត្រា​ពន្ធ​និង​និតីវិធី​បង់​ពន្ធឲ្យ​បាន​ច្បាស់លាស់​ដល់​សាធារណជន​ បង្ហាញ​ចំនួន​យានយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ការ​ប្រព្រឹត្ត​ឲ្យ​ស្មើភាព​ក្នុង​ការ​យក​ពន្ធ និង​ការ​ប្រកាស​ពី​ចំនួន​ពន្ធ​ដែល​ប្រមូល​បាន។

លិខិត​ចុះ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១​របស់​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដាក់​ទៅ​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម ដែល​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋគ្រប់គ្រង​ដោយ​ក្រសួង​ការពារ​ជាតិ សរុប​មាន​ចំនួន​៦៣៧៤​គ្រឿង ហើយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​រថយន្ត​ប្រភេទ​ទេស​ចរណ៍ ដែល​មាន​ចំនួន​៥៨៣៨​គ្រឿង។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា បាន​បង្ហាញ​មន្ទិល​ជុំវិញ​ការ​អនុញ្ញាត ឬ​គោល​ការណ៍ចំពោះ​ការ​ប្រើ​ប្រាស់​រថយន្ត​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដោយ​លោក​លើក​ឡើង​ពី​ការ​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​ប្រយោជន៍​បុគ្គល​ផ្ទាល់​ខ្លួន។ លោក​បន្ថែម​ថា​ចំណាត់​ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​ពី​សំណាក់​រដ្ឋា​ភិបាល​ឆ្លុះ​បញ្ចាំងពី​កាតព្វ​កិច្ចរបស់​ពលរដ្ឋ ដើម្បី​ជួយ​បំពេញ​ចំណូល​រដ្ឋ និង​ជា​មធ្យោ​បាយ​រួម​ចំណែក​កាត់​បន្ថយ​ការ​គេច​វេះ​បង់ពន្ធ។

លោក​ថ្លែង​ថា​៖ «រូបភាព​មួយ​ចំនួន​ដែល​យើង​បាន​ឃើញ ជា​ពិសេស​រថយន្ត​ទំនើប ដែល​មាន​តម្លៃ​ចាប់​ពី​ពីរ​ម៉ឺនឡើង​ទៅ​រហូត​ដល់​ជាង​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ គឺ​ដូច​ជា​មាន​ការ​ពាក់​ព័ន្ធ​ច្រើន​ជាមួយ​នឹង​ការ​ប្រើប្រាស់​ស្លាក​លេខ​ន.ប និង ខ.ម ហើយ​និង​រដ្ឋ។ អញ្ចឹង​បើ​បាន​ពួក​គេ​បំពេញ​កាតព្វ​កិច្ច​ពន្ធ​គយ ក៏​ជា​រឿង​មួយ​ល្អ​ដែរ សម្រាប់​ប្រយោជន៍​ជាតិ»។

យ៉ាង​ណា​ក្តី លោក​បន្ថែម​ថា​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព អាជ្ញាធរ​ត្រូវ​ចាត់​វិធាន​ការ​ត្រួត​ពិនិត្យ​តាម​ទី​សា​ធារណៈ និង​ការ​ចុះ​បង្រ្កាប​ភ្លាមៗ​ គួប​ផ្សំ​នឹង​ការ​តាម​ដាន និង​លុប​បំបាត់សកម្មភាព​លួច​ធ្វើ​ស្លាក​លេខ​ស៊ីវិល​ក្លែង​ក្លាយ ក្រោយ​ដាក់​ចេញ​វិធាន​ការយក​ពន្ធ​ខាង​លើ​នេះ។

VOA​ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​បញ្ជាក់​បន្ថែម​ពី​លោក​ មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

គួរ​បញ្ជាក់​ថា​ចំណាត់​ការ​របស់​នាយក​រដ្ឋមន្រ្តី ធ្វើ​ឡើង​តាម​លិខិត​ស្នើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដែល​សុំ​ការ​ឯកភាព​ពី​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​លើ​យាន​យន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​ក្រសួង​ស្ថាប័ន​រដ្ឋ។

លិខិត​ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថាយាន​យន្ត​នាំ​ចូល​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​ថវិកា​ជាតិ។ ហើយ​ក្នុង​ឆ្នាំ​២០១៩ ចំណូល​ពី​ក្រុម​ទំនិញ​នេះ​រ៉ាប់​រង​ជាង​ពាក់​កណ្តាល​(៥៣%)​នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ខណៈ​នៅ​ឆ្នាំ​២០២០ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៤៣% ដោយសារ​ទីផ្សារ​យាន​យន្ត​រង​ផល​ប៉ះ​ពាល់ពី​វិបត្តិ​ជំងឺ​កូវីដ​១៩៕

XS
SM
MD
LG