ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«សួន​ប្រជាធិប​តេយ្យ»​ប្តូរទៅ​ជាយ​ក្រុងភ្នំពេញ ក្រោយ​​ប្រតិកម្ម​របស់​លោក​ហ៊ុន សែន


ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

សាលារាជ​ធានី​ភ្នំពេញ​ ថ្មីៗ​នេះ​ បាន​ចាប់​ផ្តើម​សាង​សង់​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ ដែល​ស្ថិត​នៅ​​​​ចម្ងាយ​ប្រមាណ​ជាង​៦​គីឡូ​ម៉ែត្រ​ពីរា​ជធានី​ភ្នំពេញ​ ជំនួស​ឲ្យ​ទីតាំង​ចាស់​ដែល​រដ្ឋាភិបាល​យល់​ថា​ ជា​​តំបន់​ពាណិជ្ជ​កម្ម​​ ការទូត​ និង​ទេសចរណ៍។​

ក្រោយ​ពី​មាន​ប្រតិកម្មខ្លាំងៗ​ពី​លោកនាយរដ្ឋ​មន្ត្រី​ហ៊ុន សែន​ទៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ ដែល​លោក​យល់​ថា​ មាន​ភាព​រញ៉េ​រញ៉ៃ​នោះ​ សាលារាជធានី​ភ្នំពេញ​បាន​រួសរាន់​កសាង​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មីមួយ​ ​ដែល​មាន​ឈ្មោះ​ថ្មី​ថា«សួន​ប្រជាធិប​តេយ្យ»​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​សម្តែងការ​មិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា​អសកម្ម​នានានៅ​ក្នុង​សង្គម។​

សាលារាជ​ធានី​ភ្នំពេញ​ ថ្មីៗ​នេះ​ បាន​ចាប់​ផ្តើម​សាង​សង់​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​ជាង​៦​គីឡូ​ម៉ែត្រ​ពីរា​ជធានី​ភ្នំពេញ​ ជំនួស​ឲ្យ​ទីតាំង​ចាស់​ដែល​រដ្ឋាភិបាល​យល់​ថា​ ជាតំបន់​ពាណិជ្ជ​កម្ម ការទូត​ និង​ទេសចរណ៍។​

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​បាតុករបាន​យក​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ដែល​មាន​ទីតាំង​នៅ​ក្បែរ​វត្ត​ភ្នំ​ ក្នុង​ខណ្ឌ​ដូនពេញ​ធ្វើ​ជា​ទីកន្លែង​តតាំង​ជាមួយរដ្ឋាភិបាល​ដើម្បី​តវ៉ា​ទៅ​លើ​បញ្ហា​ជាច្រើន​ រួម​មាន​លទ្ធផល​នៃ​ការ​បោះឆ្នោត ​ដែល​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ចោទ​ថា​ ត្រូវ​បាន​គៃ​បន្លំ​ ហើយនឹង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត។​

​លោក​ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលារាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA​ ថា រយៈពេលពីរ​ថ្ងៃ​មក​ហើយ​ ដែល​សាលា​រាជ​ធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​សាងសង់​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ ​ដែលត្រូវ​បាន​ប្តូរឈ្មោះ​មក​ជា​សួន​ប្រជា​ធិបតេយ្យ​វិញ។​

ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​មាន​ប្រសាសន៍​ថា​ ទីតាំងថ្មី​ ដែលស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ​ ​ក្នុង​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវនេះ​ នឹង​មិន​ទាក់ទង​នឹង​ចំនួន​មនុស្ស​ដែល​ចូល​រួម​ដើម្បី​សម្តែងមតិ​នោះ​ទេ ដរាបណា​ពួកគេ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ។​ លោក​អះអាង​ថា​ ទី​តាំង​ថ្មី​នេះផ្តល់​លទ្ធភាព​ឲ្យមនុស្ស​ច្រើន​ពាន់​នាក់​ប្រមូល​ផ្តុំគ្នា និង​សម្តែងមតិ។​

«ចំនួនៗ​ ឬ​ក៏​អី​ហ្នឹង​អត់​ពាក់​ព័ន្ធ​ជាមូយ​នឹង​ទីតាំង​ទេ​ គឺ​យើង​អនុវត្ត​ទៅ​តាម​ច្បាប់​ទាំង​អស់​ មាន​ន័យ​ថា​ ទីតាំង​ថ្មី​ ទីតាំង​ចាស់​ គឺ​ស្នើ​សុំ​ការ​អនុញ្ញាតក្នុង​ការ​ប្រើប្រាស់​ ហើយ​និង​ការ​សម្តែងមតិ​ហ្នឹង​ គឺយើង​ស្រប​តាមច្បាប់​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី​ទាំង​អស់។ អីចឹង​មាន​ន័យ​ថា​ យើង​អត់​មាន​អី​កែប្រែ​ទាំង​អស់​ អំពី​នីតិវិធី​នៃ​ការ​ធ្វើ​បាតុកម្ម​ ឬ​ក៏​ស្នើ​សុំ​ប្រើ​ប្រាស់​ទីលាន​ប្រជា​ធិបតេយ្យ»។​

សាលា​រាជ​ធានី​ភ្នំពេញបាន​សម្រេច​ប្តូរ​ទីតាំង​ទីលានប្រជា​ធិបតេយ្យ​ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​ក្នុងទិវា​ជន​ពិការ​កម្ពុជា​ កាល​ពីឆ្នាំ​មុន​ដែលថា ទី​តាំង​ចាស់​របស់​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​មិន​បាន​ហុច​ប្រយោជន៍​ដល់​កិច្ចការ​ជំនួញនោះ​ទេ​ ហើយ​ក៏​បង្ក​ភាព​អត់​សណ្តាប់​ធា្នប់​ផង​ដែរ។​ លោក​ថ្លែង​ថា៖​

«ជា​តំបន់​ពាណិជ្ជកម្ម​ ជា​តំបន់​អ្នក​ការទូត ​ជា​តំបន់​ទេសចរណ៍​ ជា​តំបន់​អី​ ហើយ​យើង​ធ្វើ​អា​តំបន់​រញ៉េរញ៉ៃ​នៅ​កន្លែង​ហ្នឹង​ អីចឹង​យក​ទៅ​ក្រៅ​ទៅ!»

លោក​ហ៊ុន​ ​សែន​បាន​បញ្ជាក់​ទៅ​ក្រុម​អ្នក​រិះ​គន់​អំពី​ការ​ប្តូរ​ទី​តាំង​នេះ​ថា​ ក្រុម​អ្នក​តវ៉ា​នឹង​នៅ​តែ​អាចបង្ហាញ​សាធារណជន​ឲ្យ​ដឹង​អំពីការ​បញ្ចេញ​មតិ​របស់​ពួកគេ​ដដែល​ ​ទោះ​បីជាទីលាន​ប្រជា​ធិបតេយ្យ​ថ្មីនេះ​នៅ​ឆ្ងាយ​ពី​រាជធានី​បន្តិច​ក្តី។​ លោក​ថ្លែង​ថា​ ​អ្នក​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ នៅតែ​អាច​មើល​ឃើញ​សកម្មភាព​សម្តែងមតិ​នៅ​ទី​តាំង​ថ្មី​នេះដដែល។​

លោក​ស៊ឹង សែនករុណា​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ប្រាប់​ VOA​ ​ថា ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​នេះ​នឹងនៅ​តែ​ជា​ទី​កន្លែង​ដែល​មិន​សក្តិ​សម​ដល់​ការ​បញ្ចេញ​មតិ ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​រឹត​ត្បិត​សិទ្ធិសេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ​នោះ។​ លោក​បានបន្តថា​ ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ។​

«ខ្ញុំ​គិត​ថា​ នៅទីតាំង​ថ្មី​ក៏​ដោយ​ ចាស់​ក៏​ដោយ​ បើសិន​ជា​មាន​ចេតនា​ក្នុង​ការ​រឹតត្បិត​ ទោះបីបង្កើត​ទីតាំង​ មួយ​ ពីរ​ បី​បន្ថែម​ទៅ​ទៀត​ ក៏​វា​អត់​ប្រយោជន៍​ដែរ។​ វា​សំខាន់​ទៅលើ​ឆន្ទៈ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទេ»។​

ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ហ៊ុម​ព័ទ្ធ​ និង​ដាក់​សម្ភារៈ​ការពារ​សន្តិសុខ​ដើម្បីមិន​ឲ្យបាតុករ​យកទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ធ្វើការតវ៉ា​អំពី​បញ្ហា​នានា​អស់​រយៈ​ពេលជា​ច្រើន​ខែមកហើយ​ ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​បំបែក​ និង​រុះរើ​តង់​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ដឹកនាំ​ដោយតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ទីនោះ។​ បន្ទាប់​ពី​បាតុកម្ម​ដ៏​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែកក្កដា​ ឆ្នាំ​ ២០១៤ ទីលាន​នេះ​ត្រូវ​បាន​បើក​ឲ្យ​ប្រើប្រាស់​ឡើងវិញ។ ​ទោះ​បី​ជាយ៉ាងណា​ក៏ដោយ​ រដ្ឋា​ភិបាល​បាន​បន្ត​រឹតត្បិត​មិន​ឲ្យ​ប្រជាជន​ជួប​ជុំ​ជា​ទ្រង់ទ្រាយធំ​ ញឹក​ញាប់​នៅ​ទីលាន​នោះ​ឡើយ៕

XS
SM
MD
LG