ភ្នំពេញ៖ មន្រ្តីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលបាននិយាយថា សួនប្រជាធិបតេយ្យដែលសាលាក្រុងភ្នំពេញគ្រោងនឹងដាក់សម្ពោធឲ្យប្រើបា្រស់នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ នឹងមិនធ្វើឲ្យសេរីភាពបញ្ចេញមតិនៅកម្ពុជាបានប្រសើរឡើងទេ ផ្ទុយទៅវិញវានឹងធ្វើឲ្យការសំដែងមតិកាន់តែធ្លាក់ចុះ។ សួនប្រជាធិបតេយ្យនេះអនុញ្ញាតឲ្យការជួបប្រជុំដើម្បីសំដែងមតិផ្សេងៗត្រឹមតែ២០០នាក់ប៉ុណ្ណោះ។
មន្រ្តីគណបក្សប្រឆាំងនិងមន្រ្តីអង្គការសង្គមស៊ីវិល នៅថ្ងៃអង្គារនេះ បានធ្វើការរិះគន់ចំៗ ចំពោះសួនប្រជាធិបតេយ្យដែលសាលាក្រុងភ្នំពេញគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ពួកគាត់និយាយថា សួននេះនឹងមិនធ្វើឲ្យការសំដែងមតិមានលក្ខណៈល្អប្រសើរឡើងទេ។
សួនប្រជាធិបតេយ្យនេះមានទំហំជាង១២០០ម៉ែត្រក្រឡា ដែលមានទីតាំងនៅខាងក្រោយស្ថានទូតសហរដ្ឋអាមេរិក ខ័ណ្ឌដូនពេញ។ ទីតាំងនេះមានបន្ទប់ទឹកចំនួនប្រាំបី ក៏ប៉ុន្តែបរិវេណបញ្ចេញមតិនេះគ្មានដើមឈើសម្រាប់ជ្រកទេ គឺមានតែដើមឈើតូចៗ ដែលសាលាក្រុងបានដាំនៅតាមសងខាងផ្លូវតែប៉ុណ្ណោះ។
សួនប្រជាធិបតេយ្យនេះបានធ្វើឡើងក្រោយពីរដ្ឋសភារបស់ប្រទេសកម្ពុជាបានអនុម័តច្បាប់ធ្វើបាតុកម្មដោយសន្តិវិធីកាលពីខែតុលា។ ហើយការសំដែងមតិនៅក្នុងសួនប្រជាធិបតេយ្យនេះត្រូវបានអនុញ្ញាតឲ្យមានអ្នកចូលរួមប្រមាណតែ២០០នាក់ប៉ុណ្ណោះ ដោយចាប់ផ្តើមពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច។
អ្នករកស៊ីលក់រថយន្តមួយរូប ដែលបានសុំមិនបញ្ចេញឈ្មោះ ហើយកំពុងអង្គុយនៅក្រោម ម្លប់ដើមឈើមួយកណ្តាលថ្ងៃត្រង់ក្បែរបរិវេណសួនប្រជាធិបតេយ្យនេះ បាននិយាយថា លោកគាំទ្រឲ្យមានបរិវេណសំដែងមតិនេះ។ លោកបានមានប្រសាសន៍ទៀតថា ការកំណត់ទីតាំងដើម្បីសំដែងមតិនេះគឺដើម្បី ជៀសវាងការតវ៉ានៅតាមទីសាធារណៈនានា ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
«កន្លែងណាដែលមិនប៉ះពាល់ប្រជាជនទីមួយ ទីពីរគឺកុំឲ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ។ កន្លែងណាទូលាយ ដែលអាចឈរជើងបាន គឺកន្លែងហ្នឹងជាកន្លែងត្រឹមត្រូវរបស់គេហើយ»។
លោករ៉ុង ឈុន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យកម្ពុជា ដែលធ្លាប់តែដឹកនាំធ្វើការតវ៉ាផ្សេងៗ នៅតាមទីសាធារណៈ បានមានប្រសាសន៍ថា ការកំណត់ទីតាំងឲ្យធ្វើការជួបប្រជុំ បែបនេះគឺធ្វើឲ្យសេរីភាពបញ្ចេញមតិធ្លាក់ចុះ។
លោករ៉ុង ឈុនបាននិយាយថា បើទោះបីជាមានទីតាំងសួនប្រជាធិបតេយ្យសម្រាប់ធ្វើការសំដែងមតិនៅទីនេះក៏ដោយ ក៏លោកនឹងមិនយកកន្លែងនេះធ្វើការតវ៉ាដើម្បីសំដែងមតិទេ។លោកបានមានប្រសាសន៍ថា លោកនឹងយកទីតាំងតាមទីសាធារណៈផ្សេងៗដែលលោកបានកំណត់ ហើយលោកគ្រាន់តែជូនដំណឹងទៅសាលាក្រុងតែប៉ុណ្ណោះ ដើម្បីធ្វើការតវ៉ា និងជួបប្រជុំគ្នាដើម្បីសំដែងមតិ។
«បើជំហររបស់យើងគឺយើងនឹងធ្វើអ្វីទៅតាមអ្វីយើងគ្រោងទុក ហើយយើងចង់សំដែងនៅមុខស្ថាប័នពាក់ព័ន្ធ។ យើងអត់អាចទៅសំដែងនៅក្នុងសួនសេរីភាព ដែលដាច់ស្រយាលឆ្ងាយពីស្ថាប័នជាតិកំពូលទេ»។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថា ទីតាំងដែលសាលាក្រុងបានកំណត់នោះ គឺនៅឆ្ងាយពីស្ថាប័នជាតិសំខាន់ៗ ដូច្នេះការតវ៉ា ដើម្បីសំដែងមតិមិនបានទទួលលទ្ធផលជាវិជ្ជមានទៅតាមបំណងប្រាថ្នារបស់អ្នកតវ៉ាទេ។
«បើដាក់ឆ្ងាយពីកន្លែងហ្នឹង សួរថាតើស្ថាប័នទាំងអស់ហ្នឹងបានដឹងឮដែរឬទេ? ដូច្នេះខ្ញុំយល់ឃើញថា គួរតែរកទីកន្លែងណា ដែលគៀកនឹងស្ថាប័នដែលធ្វើសេចក្តីសម្រេចសំខាន់ៗ ដើម្បីឲ្យគាត់បានស្វែងយល់ពីគោលបំណងរបស់ប្រជាពលរដ្ឋយើង ហើយយល់អំពីបញ្ហា ដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយ»។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សADHOCបានមានប្រសាសន៍ថា ការសំដែងមតិគឺដើម្បីដាក់សម្ពាធឲ្យអ្នកទទួលខុសត្រូវចេញមុខដោះស្រាយ។
លោកបានមានប្រសាសន៍ទៀតថា ប្រសិនបើយើងកំណត់ទីតាំងសម្រាប់សំដែងមតិ វាហាក់បីដូចជាការតវ៉ានេះមិនមានលទ្ធផលជាវិជ្ជមានទេ៕