ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​មិន​ឲ្យ​វិទ្យុ​សម្បុក​ឃ្មុំ​ពង្រីក​កម្លាំង​ផ្សាយ


លោក ម៉ម សូណង់ដូ នៅ​ក្នុង​ស្ទូឌីយោ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៣។
លោក ម៉ម សូណង់ដូ នៅ​ក្នុង​ស្ទូឌីយោ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៣។
រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​សំណើ​សុំ​ពង្រីក​ការ​ផ្សាយ​របស់​វិទ្យុ​សម្បុក​ឃ្មុំ​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រសួង​ព័ត៌មាន​អះអាង​ថា ​ពុំ​មាន​ហ្រ្វេកង់​វិទ្យុ​និង​ទូរទស្សន៍។​

ក្រសួង​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា​បាន​ច្រាន​ចោល​សំណើ​របស់​ស្ថានីយ៍​វិទ្យុ សម្បុក​ឃ្មុំជា​វិទ្យុ​ឯករាជ្យ​មួយ​កាលពី​ថ្ងៃអង្គារ​ចំពោះ​សំណើ​សុំពង្រីក​ការ​ផ្សាយ​របស់​ខ្លួន​នៅគ្រប់​ខេត្ត​ និង​សំណើ​សុំបើក​ស្ថាននីយ៍ទូរទស្សន៍​មួយ​ផង​នោះ។​

ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ផ្សាយ​បន្ត​កម្មវិធី​របស់​វីអូអេ​ និង​ស្ថានីយ៍វិទ្យុ​បរទេសផ្សេង​ទៀត​តាម​រលក​ធាតុ​អាកាស​ FM ​105 ​មេហ្គាហឺត​នោះ​ មាន​កម្លាំង​ផ្សាយ​១០​គីឡូវ៉ាត់​ដែល​គេ​ដឹង​ថា ​មិនអាច​ស្តាប់​ឮ​បាន​ទូទាំង​ប្រទេស​ដូច​ស្ថានីយ៍​ដទៃ​ទៀត​ទេ។​ ស្ថាននីយ៍​វិទ្យុ​នេះ​បាន​ដាក់​ពាក្យ​សុំ​ដល់​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ ទី៣​ខែមករា​ឆ្នាំ​២០១៤​ ដើម្បី​សុំ​បើក​ស្ថានីយ៍ផ្សាយ​បន្ត ​ឬ ​Relay​ និង​សុំ​បើក​ ស្ថានីយ៍​ទូរទស្សន៍​ថ្មីមួយ​របស់​ខ្លួន​តាម​ការ​ស្នើសុំ​របស់​ប្រជា​ពលរដ្ឋ។​

តែ​នៅ​ក្នុង​លិខិត​ចុះថ្ងៃ​ទី១៤​ខែ​មករា​ឆ្នាំ​២០១៤​ជាផ្លូវការ​ ផ្ញើរ​ជូនអ្នកស្រី​ឌិន ផាណារ៉ា ​ប្រធាន​ស្តីទី​វិទ្យុ​សម្បុក​ឃ្មុំ ​ លោក​ខៀវ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បាន​បញ្ជាក់​ថា៖​ «ក្រសួង​ព័ត៌មាន​មាន​ការ​សោក​ស្តាយ​ដោយ​ពុំ​មាន​សល់​ហ្វ្រេកង់​វិទ្យុ​ និង​ហ្រ្វេកង់ ​ទូរទស្សន៍​សម្រាប់​ផ្តល់​ជូន​តាម​ការ​ស្នើសុំ​របស់​លោក​ស្រី»។​

អ្នកស្រី​ហ៊ួន ផាណារី​ ជំនួយការ​ផ្ទាល់​របស់​លោក​ម៉ម សូណង់ដូ​ ម្ចាស់​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ បាន​ថ្លែង​បញ្ជាក់​ថា​ មក​ដល់​ពេលនេះ​ការ​បើក​ស្ថានីយ៍​ផ្សាយ​បន្ត​ឬ​ Relay ​សម្រាប់​វិទ្យុ​និង​ការ​បើក​ស្ថាននីយ៍​ទូរទស្សន៍​ក៏​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នោះ​ ទេ។​

អ្នកស្រី​បាន​អះអាង​បន្ថែម​ថា ​លោក​ម៉ម សូណង់ដូនឹង​ដឹកនាំ​ធ្វើ​មហា​បាតុ​កម្ម​ រាល់​សប្តាហ៍​ចាប់ពី​ថ្ងៃទី​២៧​ខែ​មករា​ឆ្នាំ​២០១៤​ នៅ​ឯ​សួន​ប្រជាធិប​តេយ្យ​ ហើយ​ ហែ​ក្បួន​ទៅមុខ​ក្រសួង​ព័ត៌មាន​ពី​ម៉ោង​៨ព្រឹក​ ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ដើម្បី​ទាម ទារការ​អនុញ្ញាត។​

«ផ្តល់​ហេតុ​ផល​មក​ថា​ មូលហេតុ​អី​ដែល​វិទ្យុ​គេ គេ​ឮ​ពេញ​២៤​ខេត្ត​ក្រុង​ថា ​មូល ហេតុ​អី​គេ​ឮ ​ហើយ​មូល​ហេតុ​អី​បាន​ជា​វិទ្យុ​សម្បុក​ឃ្មុំ​មួយ​ហ្នឹង​វា​អត់​ឮ​គ្រប់​២៤​ ខេត្ត​ក្រុង?​ ​គេចង់​បាន​ចម្លើយ​ពីក្រសួង​ព័ត៌មាន។​ រឿង​នេះ​ដែល​ប្រជា​ពលរដ្ឋ​ចង់​ បាន​ចម្លើយ​ពី​ក្រសួង​ព័ត៌មាន​ឆ្លើយ​មក​ឲ្យ​គេ​វិញ»។​

ការ​បដិសេធ​មិន​ផ្តល់​អាជ្ញា​បណ្ណ​ពង្រីក​កម្លាំង​ផ្សាយ​របស់ស្ថានីយ៍វិទ្យុ​សម្បុក​ឃ្មុំ​នេះ​មាន​ការ​រិះគន់​ពីក្រុម​អ្នក​វិភាគ​ផ្នែក​ព័ត៌មាន ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ចង់​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ សម្រាប់​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។​

លោកមឿន ​ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ ព័ត៌មាន​ បាន​អះអាង​ថា​ ការ​ប៉ុនប៉ង​ចង់​ពង្រីក​ការ​ផ្សាយ​របស់​វិទ្យុ​សម្បុក​ឃ្មុំ​ ជា​រឿង​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ចែង។ ​ហើយ​រឿង​នេះ​មាន​ផល​ប្រយោជន៍​មិន​ត្រឹមតែ​សម្រាប់​ពលរដ្ឋ​ទេ​ តែ​សម្រាប់​រដ្ឋាភិបាល​ផង​ដែរ​ក្នុង​ស្ថាន​ភាព​ដែល​មាន​បណ្តាញ​ព័ត៌មាន​គាំទ្រ​គណបក្ស​កាន់​អំណាច​ស្ទើរ​តែ​ទាំង​អស់។​

«នៅក្នុង​សង្គម​ប្រជាធិប​តេយ្យ​ដើម្បី​ឲ្យ​សង្គម​រីក​ចម្រើនដើម្បី​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ អាច​បម្រើ​ប្រជា​ពលរដ្ឋ​បាន​ល្អ​ប្រសើរ​ទៅតាម​តម្រូវ​ការ​និង​ចំណង់​ចំណូល​ចិត្ត​ ប្រជា​ពលរដ្ឋ​បាន​ ទាល់តែ​មាន​ការ​ឆ្លុះ​បញ្ចាំង​ដោយ​ឯករាជ្យ។​ អញ្ចឹង​បើ​សិន​ជា​ មិន​មាន​ការ​រិះគន់​ មិនមាន​ការ​ឆ្លុះ​បញ្ចាំង​ដោយ​ឯករាជ្យ​ទេ​ រដ្ឋាភិបាល​មិន​ដឹង​ ថា​ ខ្លួន​ឯង​ត្រូវ​កែ​លម្អ​ខ្លួន​ឯង​យ៉ាង​ម៉េច​ទេ»។​

លោក​ អ៊ូ វីរ: ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា​ ការ​មិន​ផ្តល់ អាជ្ញាបណ្ណ​ដល់វិទ្យុ​សម្បុក​ឃ្មុំ​ដើម្បី​ពង្រីក​ការ​ផ្សាយ​របស់​ខ្លួន​នេះ​មិន​មែន​ជា​រឿង​ផ្ញាក់​ផ្អើល​ទេ។​ រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​មិនចង់​បាន​តុល្យភាព​នៃ​ព័ត៌មាន​ទេ​ ហើយ​ព្យាយាម​រិតត្បិត​ព័ត៌មាន​វិញ​ដើម្បី​ផល​ប្រយោជន៍​ គណបក្ស​ខ្លួន​ប៉ុណ្ណោះ។​

«បើ​សិន​ជាអត់​មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ទេ​ ដំណើរ​ការ​ប្រជាធិប​តេយ្យ​នឹង​ បរាជ័យ​ តែ​ទី២​គឺដើម្បី​ចង់​ជៀស​វាង​ប្រទេស​យើង​ពី​ការ​ប្រេះឆា​ ព្រោះអី​ ឥឡូវ​នេះ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ប្រទេស​ប្រេះឆា​ បាន​ន័យ​ថា​ ខាង​រដ្ឋាភិបាល​គាត់​គ្រប់គ្រង​ទូរទស្សន៍​ហ្នឹង​គឺ​ទូរទស្សន៍​នីមួយៗ​មិន​មែន​ជា​កន្លែង​ប្រភព​នៃ​ព័ត៌មាន​ទេ​ ទៅ​ជា​ប្រភព​នៃ​ការឃោសនា​របស់​គណបក្ស​កាន់​អំណាច។ ​អញ្ចឹង​យើង​ព្រួយ​បារម្ភ​មែន​ទែន ​ព្រោះអី​នៅ​ពេល​ដែល​ធ្វើ​អញ្ចឹង​ ប្រជា​ពលរដ្ឋ​នឹង​ចាប់​ ផ្តើម​ខឹង​សម្បារ ​ហើយ​នឹង​មាន​ការ​ប្រេះឆា​នៅ​ក្នុង​សង្គម។ ​ហើយ​ដើម្បី​ការពារ​បាន​ ទាល់​តែ​មាន​សារ​ព័ត៌មាន​ឯករាជ្យ ដែល​អាច​ផ្សព្វផ្សាយ​នៅ​គោល​ជំហរ​ឯករាជ្យ​និង​គ្រប់ជ្រុង​ជ្រោយ»។​

លោក​វីរ:​បាន​អះអាង​ថា ​លោក​ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​អាជ្ញាបណ្ណ​វិទ្យុ​ដែរ​សម្រាប់ អង្គការ​របស់​លោក​ តែត្រូវ​ក្រសួង​ព័ត៌មាន​ថា​ គ្មាន​ហ្វ្រេកង់​ដូច​គ្នា។​ លោក​អ៊ូ វីរ:​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​បដិសេធ​បន្តិច​មក​គឺ​មាន​ស្ថានីយ៍វិទ្យុ​ជាច្រើន​ត្រូវ​គេ​ផ្តល់​ អាជ្ញាបណ្ណ​ ហើយ​ដំណើរ​ការ។ ​ដូច​ជា​វិទ្យុ​វៀតណាម ​វិទ្យុ​ចិន​ និង​ស្ថានីយ៍​ផ្សេង​ ទៀត​ដែល​បើក​ទ្វារ​ លោក​ចាត់​ទុក​ថា​ នេះ​ជា​ការ​សម្រេច​ចិត្ដ​ទាក់ទង​នឹង​រឿង​នយោបាយ៕
XS
SM
MD
LG