ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ៖ សារព័ត៌មាន​សេរី ​ជាផ្នែក​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ


​បណ្តាញ​ព័ត៌មាន​មាន​តួនាទី​ផងដែរ​ក្នុងការ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ដើម្បី ​អាច​បោះឆ្នោត​បាន​ចាប់ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​លើកកម្ពស់​តម្លាភាព។​
​បណ្តាញ​ព័ត៌មាន​មាន​តួនាទី​ផងដែរ​ក្នុងការ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ដើម្បី ​អាច​បោះឆ្នោត​បាន​ចាប់ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​លើកកម្ពស់​តម្លាភាព។​

ក្រុមអ្នកកាសែត​និង​អ្នកជំនាញ​ខាង​ផ្នែក​បណ្តាញ​ព័ត៌មាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ការប្រើប្រាស់​ច្បាប់​ដើម្បី​រិតត្បិត​សេរីភាព​បណ្តាញ​ព័ត៌មាន​និង​កិច្ចការ​ព័ត៌មាន ​នឹង​នាំឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​ដោយ​ទាមទា​រថា ​រដ្ឋាភិបាល​នីមួយៗ​គួរត្រូវធ្វើ​ឲ្យ​ប្រទេស​គេចផុត​ពី​កំណត់ត្រា​មិនសេរី​ឬ​កំណត់ត្រា​មិនល្អ​សម្រាប់​កេរ្តិ៍ឈ្មោះ​ប្រទេស។

លោកស្រី​ ការីន ឌីស កាលីកា ​( Karin Deutsch Karlekar)​ និពន្ធ​នាយក​ផ្នែក​សេរីភាព​សារព័ត៌មាន​នៃ​អង្គការ​សិទ្ធិមនុស្ស​របស់​សហរដ្ឋ​អាមេរិក​ ឈ្មោះ​ Freedom House​ បាន​ថ្លែង​ថា​ប្រព័ន្ធ​ព័ត៌មាន​ មានតួនាទី​សំខាន់​ណាស់​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ ដែល​ប្រទេស​ទាំងឡាយ​មិនត្រូវ​បណ្តោយ​ឲ្យ​ធ្លាក់ចូល​ក្នុង​កំណត់ត្រា​មិនល្អ​ទេ។

«ខ្ញុំ​គិត​ថា​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់​ព្រោះ​បណ្តាញ​ព័ត៌មាន​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើត​និង​រក្សា​បាន​នូវ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ជោគជ័យ។​ ហើយ​ប្រសិន​បើគេ​កាត់បន្ថយ​សេរីភាព​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​ពលរដ្ឋ​មិនអាច​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​ ដូចជា​ព័ត៌មាន​នយោបាយ​ សេដ្ឋកិច្ច ​ឬ ​សុខភាព ឬ​ ព័ត៌មាន​ផ្សេងៗ​ទៀត​សម្រាប់​ការរស់នៅ​របស់​ពលរដ្ឋ»។

លោកស្រី​បាន​បន្ថែម​ថា៖ ​បណ្តាញ​ព័ត៌មាន​មាន​តួនាទី​ផងដែរ​ក្នុងការ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ដើម្បី ​អាច​បោះឆ្នោត​បាន​ចាប់ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​លើកកម្ពស់​តម្លាភាព។

«ខ្ញុំ​គិត​ថា​សេរីភាព​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិតជា​ប៉ះ​ទង្គិច​ដល់​វិស័យ​ទាំងអស់​នេះ​ផ្សេងៗ​គ្នា​ ហើយ​ប្រព័ន្ធ​ព័ត៌មាន​គឺជា​រឿង​ដ៏​សំខាន់​ជាងគេ​នៃ​ប្រជាធិបតេយ្យ។​ ដូច្នេះ​ហើយ​នេះ​ជា​មូលហេតុ​មួយ​ដែល​អង្គការ ​Freedom House​ មានអារម្មណ៍​ថា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការមាន​សេរីភាព​ផ្នែក​ព័ត៌មាន​នៅក្នុង​ប្រទេស​ ដែលនេះ​ជា​ភាពចាំបាច់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ»។

លោកស្រី​ កាលីកា​ថ្លែង​ដូច្នេះ​កាលពី​ចុងខែ​តុលា​ក្នុងពេល​ដែល​មាន​កិច្ចពិភាក្សា​អំពី​ការ​ ប្រើប្រាស់​ច្បាប់​បណ្តាញ​ព័ត៌មាន​ដើម្បី​បំបិទ​សេរីភាព​ព័ត៌មាន​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ជំនួយ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ (CIMA) ​និង​អង្គការ​គាំទ្រ​ផ្នែក​សេរីភាព​ ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​របស់​សរអា​ ហៅថា ​National ​Endowment ​for​ Democracy។

លោកស្រី​ គ្រីសស្ទីន អាម៉ាន់ពួរ (Christiane Amanpour) ​អ្នកអត្ថាធិប្បាយ​បណ្តាញ​ទូរទស្សន៍ ​ABC​ របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ដែរ​អំពី​តួនាទី​ដ៏​សំខាន់​របស់​អ្នកយក​ព័ត៌មាន​ក្នុង​ការពង្រឹង​ប្រជាធិបតេយ្យ។

«ខ្ញុំ​គិត​ថា​ ជា​ទស្សនៈ​ខ្ញុំ​ ប្រជាធិបតេយ្យ​មិនអាច​មាន​កម្លាំង​ខ្លាំង​ទេ​ ប្រសិនបើ​គ្មាន​ឯករាជ្យភាព​ជា​មូលដ្ឋាន​គ្រឹះ​ ភាពហ្មត់ចត់​ ភាពសេរី​ និង​យុត្តិធម៌​ ដែល​មាន​ន័យ​ថា​ រាយការណ៍​ដោយ​គ្មាន​ការភ័យ​ខ្លាច ​ឬ ​លម្អៀង​ មិន​ថា​ឡើយ​នៅ​សរអា​ឬ​ជុំវិញ​ពិភពលោក។​ ដូច្នេះ​ខ្ញុំ​ ជឿ​ថា​កិច្ចការ​ផ្នែក​ព័ត៌មាន​គឺជា​រឿង​ដ៏​សំខាន់​នៃ​ការរីក​លូតលាស់​ខាង​ប្រជាធិបតេយ្យ​និង​ជា​ស្នូល​នៃ​ភាព​ជឿនលឿន ​ប្រជាធិបតេយ្យ​ ដូចជា​នៅ​សរអា​ ដែល​អ្នកកាសែត​ និង​កិច្ចការ​ព័ត៌មាន​ ត្រូវគេ​ហៅ​ថា​ជា​អំណាច ​ទីបួន»។

លោកស្រី ​Christiane Amanpour ​ថ្លែង​ដូច្នេះ​មុនពេល​លោកស្រី​និង​អ្នកកាសែត​មកពី​ប្រទេស​ម៉ិចស៊ិក ​និង​ កម្ពុជា​គឺ ​លោក ​ថេត សម្បត្តិ​ទទួល​រង្វាន់​អ្នកកាសែត​ឆ្នើម​និង​រង្វាន់​សម្រាប់​អ្នកកាសែត​ប្រចាំឆ្នាំ​ ២០១២​ដែល​កម្មវិធី​នេះ​បានប្រព្រឹត្ត​ទៅ​កាលពី​ដើមខែ​វិច្ឆិកា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​រៀបចំ​ឡើង​ដោយ​ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នកសារព័ត៌មាន​ (ICFJ) ​របស់​សរអា។

«វិជ្ជាជីវៈ​ព័ត៌មាន​ មានគ្រោះថ្នាក់​ណាស់។​ អ្នកកាសែត​ត្រូវ​គេ​សម្លាប់ ​អ្នកកាសែត​ត្រូវគេ​ចាប់​ឃុំ​ខ្លួន ​អ្នកកាសែត​ត្រូវ​រង​របួស​ និង​អ្នកកាសែត​ត្រូវគេចាប់​ដាក់គុក។​ហើយ​រឿង​ទាំងអស់​នេះ​ ព្រោះ​គេ ​ចង់​បំបិទ​ការពិត»។

ប្រទេស​កម្ពុជា​ទទួលរង​ការរិះគន់​ច្រើន​អំពី​ដំណើរការ​យឺតយ៉ាវ​ផ្នែក​ប្រជាធិបតេយ្យ​ដោយសារ​ការបោះឆ្នោត​មិនត្រូវគេ​ទទួល​ស្គាល់​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ចំណោម​អ្នកនយោបាយ​ដែល​ចោទ​ថា​គ្មាន​ភាពសេរី​ យុត្តិធម៌​ ប្រជាពលរដ្ឋ​ម្ចាស់​អំណាច​ត្រូវគេ​កេង​ប្រវ័ញ្ច​យក​ដីធ្លី ​វប្បធម៌គ្មាន​ទោសពៃ ​អំពើ​អយុត្តិធម៌ ​ផ្សេងៗ ​តុលាការ​មិនឯករាជ្យ​និង​ស្ថិតក្រោម​ ឥទ្ធិពល​គណបក្ស​គ្រប់គ្រង​ប្រទេស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវគេ​រិតត្បិត​ ដោយសារ​ការប្រើប្រាស់​ តុលាការ​ ច្បាប់​ ព្រហ្មទណ្ឌ​ បរិហារកេរ្តិ៍​ ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ដើម្បីបំបិទ​សំឡេង​អ្នកយក​ព័ត៌មាន​ ដែលមាន​គំនិត​ផ្ទុយពី​រដ្ឋាភិបាល។​ អង្គការ​ Freedom House​ បានដាក់​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​មិនមាន​ព័ត៌មាន​សេរី​កាល​នៅឆ្នាំចុង​ក្រោយ​នេះ។

លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​មួយរូប​របស់​គណៈរដ្ឋមន្ត្រី​បាន​បដិសេធ​ចំពោះ​ការចោទ​ប្រកាន់ ​នានា​ទៅលើ​រដ្ឋាភិបាល​លើ​វិស័យ​ព័ត៌មាន​នៅកម្ពុជា។​ លោក​ថ្លែង​ថា​មាន​ការ​រីកចម្រើន​ច្រើន​លើ ​វិស័យ​ព័ត៌មាន ​ច្រើន​ទាំង​សិទ្ធិទទួល​ព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​ព័ត៌មាន​ ដល់​សាធារណជន​ឲ្យ​ យល់ដឹង​ពី​ព័ត៌មាន​សុចរិត។

«រាជរដ្ឋាភិបាល​អត់មាន​ធ្វើការ​គ្រប់គ្រង​ព័ត៌មាន​ទេ។​ ព័ត៌មាន​ដោយ​សេរី​អត់​មាន​ការត្រួត​ពិនិត្យ​មើល​មុននឹងការ​ចេញផ្សាយ​នោះទេ​ គឺ​អត់មាន​ទាល់​តែ​សោះ​ ហើយ​សេរីភាព​ទាំង​សំឡេង​ដែលបាន​ប្រើប្រាស់​វិទ្យុ​សម្បុក​ឃ្មុំ​គឺ​គ្រប់គ្រាន់​គេ​អាច​ទិទាន​ គេ​អាច​វាយ​ប្រហារ​ គេ​អាច​ប្រមាថ​មាក់ងាយ​អ្នកណា ​គេ​អាច​ធ្វើ​បាន​ដោយ​សេរី​នៅ​ក្នុង​កន្លែង​នេះ។​ក៏​ប៉ុន្តែ​យើង​ឃើញ​មាន​អ្វី​ដែល​រីក​ចម្រើន​ផ្នែក​គុណភាព​នោះ​គឺ​ពី​បញ្ហា​ទូទៅ​ ជា​មតិ​នយោបាយ​ជាជាង​ការវាយ​ប្រហារ​ទៅ​លើ​បុគ្គល»។

លោកផៃ ស៊ីផាន​ បាន​អះអាង​ថា​ការវាយ​ប្រហារ​ទៅ​លើ​បុគ្គល​នឹង​មាន​ការដោះស្រាយ​នៅ​ក្នុង​ប្រព័ន្ធ ​តុលាការ​ដែល​កំពុង​តែ​ពង្រឹង។​ ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ ផៃ ស៊ីផាន​បាន​បន្ថែម​ថា​វិស័យ ​ព័ត៌មាន​ ក្នុង​ប្រទេស​មាន​ការរីកចម្រើន​ទៅមុខ​ ទាំង​គុណភាព ​និង​បរិមាណ។

«ហើយ​យើង​ដឹង​ហើយ​ថា​សង្គម​ប្រជាធិបតេយ្យ​រាជរដ្ឋាភិបាល​កើតចេញ​ពី​មហាជន។​ ដូច្នេះ​យើង​ដឹង​ថា​ រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​ឱកាស​រួច​ស្រេច​ទៅ​ហើយ​សម្រាប់​បណ្តាញ​ សារព័ត៌មាន​ក្នុង​ការបម្រើ​ដល់​មហាជន​នូវ​ព័ត៌មាន​សុចរិត។​ក៏​ប៉ុន្តែ​អ្នកព័ត៌មាន​ត្រូវតែ​រៀន​រស់​ធ្វើ​ដូចម្តេច​ដែល​មាន​ទិសដៅ​គឺ​ផ្តល់​ព័ត៌មាន​សុចរិត​ ហើយនឹង​ការផ្តល់​ព័ត៌មាន​ដែល​ប្រាសចាក​ពី​ការប្រមាថ​កាតទាន​ឬ​ការវាយ​ប្រហារ។​ នេះ​ជា​គុណភាព​របស់​អ្នកសារព័ត៌មាន»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ស្រី ​ការីន ឌីស កាលីកា ​បាន​ថ្លែង​ថា​នៅ​កម្ពុជា​អង្គការ ​Freedom House​ មើលឃើញ​បញ្ហា​ផ្សេង​ទៀត​ ជាជាង​បញ្ហា​បរិកាស​ និង​ចំនួន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

«ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​គឺ​កំណើន​ពី​ឆ្នាំ​ទៅ​នៃ​ការ​ប្រើប្រាស់​ច្បាប់​ដើម្បី​ដាក់ទោស​អ្នកយកព័ត៌មាន ​លើ​ប្រធានបទ​មិនចំនួន​ដែល​រដ្ឋាភិបាល​មិន​ចង់​បាន។​ ដូច្នេះការ​ប្រើប្រាស់​ច្បាប់​បរិហារ​កេរ្តិ៍ ​និង​ប្រភេទ​ច្បាប់រិតត្បិត​ដទៃ​ទៀត​ ត្រូវគេ​ប្រើ​ប្រឆាំង​នឹង​អ្នកកាសែត ​និង​សកម្មជន​នៅក្នុង​ឱកាស​ជាច្រើន​លើក​កាលពី​ឆ្នាំ​កន្លង​ទៅ។​ នោះ​ហើយ​ជា​មូលហេតុ​ចម្បង​ដែល​ប្រទេស​កម្ពុជា​មិនទាន់​ក្លាយ​ជា​ប្រទេស​ក្នុង​កំណត់​ត្រា​សេរី​ផ្នែក​វិស័យ​ព័ត៌មាន»។

លោក ស្រី ​ការីន ឌីស កាលីកា​ បានថ្លែង​បន្ថែម​ថា​ការដាក់​ចំណាត់​ថ្នាក់​ប្រទេស​នីមួយៗ​ថា​សេរី​ឬ​ មិនសេរី ​គឺ ​អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន។ ដោយឡែក​លោកស្រី​ប្រៀបធៀប​កម្ពុជា​ថា​មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេស​ដែលគ្មាន​សេរីភាព​សារព័ត៌មាន៖

«ជាការពិត ​ប្រទេស​កម្ពុជា​គឺ​សេរី​ជាង​ប្រទេស​ជិត​ខាង​ខ្លួន។​ សេរី​ជាង​ វៀតណាម ​ឡាវ ​ភូមា ​និង ​ប្រទេស​របៀប​នេះ។​ប៉ុន្តែ​ក្នុង​របាយការណ៍​អង្គការ​ Freedom House​ វិធីសាស្ត្រ​ដែល​យើង​គិត​គឺមិនមែន​មើល​ទៅលើ​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ និង​ចំនួន​នៃ​បណ្តាញ​ព័ត៌មាន​ទេ។​យើង​មើល​ថា​តើមាន​ឯករាជ្យភាព​ពិតទេ​ ថា​តើ​មាន​ការគ្រប់គ្រង​ដោយ​ក្រុមនយោបាយ​ផ្សេងៗទេ ​ថាតើ​មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្សេង​ទេ។​ បន្ទាប់មក​យើង​មើល​ពី​ទិដ្ឋភាព​ច្បាប់​ យើង​មើល​ពី​បរិយាកាស ​សេដ្ឋកិច្ច។​ ដូច្នេះ​មាន​ចំនួន​ហេតុផល​យ៉ាងច្រើន​ ជា​មូលហេតុ​ដែល​កម្ពុជា​រិតត្បិត​ទាក់ទង​នឹង ​បណ្តាញ​ព័ត៌មាន​របស់​ខ្លួន។ ប៉ុន្តែ​ការពិត​យើង​មើល​ពីអ្វីៗ​ច្រើន​ជាង​ចំនួន​តួលេខ ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​យើង​មើល​ផងដែរ​ពី​ឥទ្ធិពល​ដែល​ប្រើប្រាស់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយក្រុម​ផ្សេងៗ»។

លោក ​អាន់វ៉ា អ៊ីកបាល (Anwar Iqbal) ​អ្នកយក​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ Dawn ​នៃ​ប្រទេស​បាគីស្ថាន ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បានថ្លែង​ថា​ សេរីភាព​សម្រាប់​លោក​ជាអ្នក​យកព័ត៌មាន​២៥ឆ្នាំ ​មាន​ន័យ​ថា​ជា​សិទ្ធិ​ដែល​អាច​និយាយ​ និង​រាយការណ៍​បាន​ ដែល​លោក​ចាត់​ទុក​ថា​នេះ​ជា ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

«ដូច្នេះ​បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​នេះ។ ប្រសិនបើ​លោក​អ្នក​ឃើញ​បញ្ហា​មួយ​ លោកអ្នក​មាន សិទ្ធិ​សរសើរ​លោក​អ្នក​មាន​សិទ្ធិ​រិះគន់។​ នេះ​ជា​អ្វី​ដែល​ជា​សិទ្ធិ។ ខ្ញុំ​មាន​ន័យ​ថា​ពេល​រដ្ឋាភិបាល​កំណត់​ពី​សេរីភាព​ រដ្ឋាភិបាល​និយាយ​ពី​គុណសម្បត្តិ​ និង​ គុណវិបត្តិ។​ វា​មិន​មែន ​ជា​រឿង​គុណសម្បត្តិ​ និង​ គុណវិបត្តិ​ទេ​ វា​មិនមែន​ជា​កិច្ចការ​របស់​យើង​ ជា​អ្នកកាសែត​ត្រូវ​កែ​តម្រូវ​រឿងរ៉ាវ​នានា​ទេ។​ តែ​ជា​កិច្ចការ​របស់យើង​ត្រូវ​រាយការណ៍​អំពី​រឿងរ៉ាវ​ដែល​យើង​បាន​ឃើញ។​ ដូច្នេះ​ហើយ​យើង​កំពុង​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​នេះ»។

លោក​បាន​ពន្យល់​បន្ថែម​ពី​ការ​គិត​របស់​ពលរដ្ឋ​ដែល​ថា​រដ្ឋ​ត្រូវ​ផ្តល់​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ។

«សេរីភាព​មាន​ន័យ​ថា​ លោក​ឃើញ​ហើយ​ដូច​ជា​ប្រទេស​កម្ពុជា​ ឬ​ប្រទេស​ប៉ាគីស្ថាន ​ដោយ​សារ​តែ​យើង​មាន​របប​ផ្តាច់ការ​ពី​អតីតកាល​ ពលរដ្ឋ​ជឿថា​ វា​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ផ្តល់​ឬ​មិន​ផ្តល់​សេរីភាព​ជូន​ប្រព័ន្ធ​ព័ត៌មាន។​ នោះ​មិនមែន​ជា​ប្រព័ន្ធ​ព័ត៌មាន​សេរី​ទេ។ ប្រព័ន្ធ​ព័ត៌មាន​សេរី​គឺ​ត្រូវ​មាន​សេរីភាព​ក្នុង​ការសម្រេច​អ្វី​ដែល​អ្នក​យក​ព័ត៌មាន​គិត​ថា​ជា ដំណឹង​ និង​អ្វី​ដែល​មិន​គិត​ថា​ជា​ដំណឹង។​ អ្នកយក​ព័ត៌មាន​មិនត្រូវ​បង្រៀន​ដោយ​រដ្ឋាភិបាល ឬ​អ្នក​ផ្សេង​ថា​ត្រូវ​ធ្វើ​ កិច្ចការ​យ៉ាងម៉េច​នោះ​ទេ។ នោះ​គួរ​តែ​ជា​ការសម្រេច​ចិត្ត​របស់​អ្នកយក​ព័ត៌មាន​ដែល​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ជាក់លាក់​អ្វី​មួយ។ បន្ទាប់​មក​ពួកគេ​គួរ​មាន​សេរីភាព រាយការណ៍​អំពី​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឃើញ​នោះ»។

លោក ​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ព័ត៌មាន​លោក​ Steven Strasser ​នៃ​សាកល​វិទ្យាល័យ ​Cuny ​ក្នុង​រដ្ឋ ​New York ​បាន​ថ្លែង​ថា៖​ រដ្ឋាភិបាល​លើ​ពិភពលោក​ជាច្រើន​ព្យាយាម​បិទបាំង​ការពិត​តាម​រយៈ​ការបំបិទ​សិទ្ធិ​សេរីភាព​អ្នកកាសែត។

«រដ្ឋាភិបាល ​ចាត់ទុក​អំណាច​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ការគំរាម​ រដ្ឋាភិបាល​ចាត់ទុក​ប្រព័ន្ធ​ព័ត៌មាន​ ជា​ស្ថាប័ន​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​សន្តិសុខ​សង្គម។ ដូច្នេះ​នឹង​មាន​ច្បាប់​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នានា​តាម​របៀប​នោះ​ហើយនឹង​មាន​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​នានា ​មិន​អាច​ស្កប់​ចិត្ត​ជាមួយ​នឹង​បណ្តាញ​ព័ត៌មាន​សេរី»។

លោក​បាន​សង្កត់​ធ្ងន់​ថា​រដ្ឋាភិបាល​គួរ​គាំទ្រ​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​មាន​ការត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង​ ហើយ​ជួយ​ការពារ​ដើម្បី​ឲ្យ​អ្នកយក​ព័ត៌មាន​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ទាំងមូល​ជាជាង​ការបម្រើ​ប្រយោជន៍​ឲ្យ​ក្រុម​ណា​មួយ​របស់​រដ្ឋាភិបាល​ឬ​ក្រុម​ផ្សេង​ទៀត។

អ្នកសារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងតិច​១២​នាក់​ត្រូវ​សម្លាប់​ចាប់​តាំងពី​ឆ្នាំ​១៩៩៤​មក​ ដែល​ឃាតករ ​សឹងតែ​គ្រប់​ករណី​មិនទាន់​ត្រូវគេ​ចាប់​មក​ផ្តន្ទា​ទោស​ទេ។​ អ្នកសារព័ត៌មាន​មួយ​ចំនួន​ត្រូវ​ចាប់​ឃុំខ្លួន​រត់គេច​ខ្លួន​ ចេញពី​ប្រទេស​កំណើត​ដោយសារ​ការធ្វើទុក្ខ​បុកម្នេញ​ដោយ​សារ​តែ​ការសរសេ​រឿង​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​ រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ និង​បទល្មើស​ធំៗ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​ហើយ​ប៉ះពាល់​ដល់​អ្នកមាន​អំណាច៕

XS
SM
MD
LG