មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) រួមជាមួយនឹងការិយាល័យផ្តួចផ្តើមដំណើរការអន្តរកាល (OTI) របស់ USAID បានរៀបចំសន្និសីទមួយដោយមានការពិភាក្សាជាក្រុមក្រោមប្រធានបទការជឿនលឿន និងការប្រឈមនានាក្នុងដំណើរការអន្តរកាលខាងនយោបាយ។ អ្នកជំនាញខាងការទប់ស្កាត់ជម្លោះ និងគម្រោងអភិវឌ្ឍប្រមាណ៤០នាក់បានចូលរួមក្នុងសន្និសីទស្តីអំពីការជឿនលឿន និងការប្រឈមនានាក្នុងដំណើរការអន្តរកាលខាងនយោបាយ ដើម្បីពិភាក្សាអំពី«កត្តាប្រឈមនិងឱកាសបំពេញការងារលើបញ្ហាជម្លោះ វិបត្តិ និងដំណើរការអន្តរកាលខាងនយោបាយ»។
គោលបំណងនៃសន្និសីទនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ទី២១ ខែតុលានេះគឺដើម្បីពិភាក្សាអំពីមេរៀនទទួលបានពីជោគជ័យ និងបរាជ័យក្នុងការអនុវត្តគម្រោង និងបង្កើតគោលនយោបាយសម្រាប់ការទប់ស្កាត់ និងការពារជម្លោះ និងដើម្បីកំណត់យករបៀប វិធីសាស្ត្រ និងធនធានដែលមានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងជម្លោះ និងដំណើរការអន្តរកាលខាងនយោបាយ។
អ្នកជំនាញបានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ ជម្លោះកាន់តែមានភាពស្មុគស្មាញជាងមុន ហើយខ្វះ«ដំណើរការនយោបាយដ៏ជោគជ័យនាពេលបច្ចុប្បន្ន និងគ្មានការចរចាដ៏សកម្ម»ក្នុងការឆ្លើយតបនឹងជម្លោះ និងកិច្ចខិតខំប្រឹងប្រែងងើបពីជម្លោះ។
លោកឯកអគ្គរដ្ឋទូត William Swing អគ្គនាយកនៃអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ទទូចថា បញ្ហានេះទាមទារឲ្យមានកំណែទម្រង់គោលនយោបាយ និងការផ្លាស់ប្តូរស្ថាប័នរដ្ឋ ដើម្បីត្រៀមខ្លួនប្រសើរជាងមុនដោះស្រាយការប្រឈមផ្សេងទាក់ទងនឹងការទប់ស្កាត់ជម្លោះ។
លោកនិយាយថា អី្វដែលយើងត្រូវធ្វើដើម្បីដោះស្រាយបញ្ហាទាំងនេះសម្រាប់ករណីជម្លោះនាពេលអនាគតគឺផ្លាស់ប្តូរគោលនយោបាយ ហើយថា អាទិភាពសំខាន់ជាងគេបំផុតគឺជួយសង្គ្រោះអាយុជីវិតមនុស្ស។
អ្នកជំនាញក៏បានលើកឡើងដែរថា ដោយសារតែជម្លោះមានភាពខុសគ្នាពីបរិបទមួយទៅបរិបទមួយនោះ ដូច្នេះការសន្ទនាគ្នារវាងរដ្ឋាភិបាលក្នុងតំបន់ និងប្រជាពលរដ្ឋនៃប្រទេសមានជម្លោះដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ប្រភេទនៃការឆ្លើយតបជម្លោះ ថាតើត្រូវឆ្លើយតបជាជំនួយខាងយោធា ឬជំនួយមនុស្សធម៌ ឬជាជំនួយក្នុងរយៈពេលវែង ឬខ្លី ហើយត្រូវដើរតួនាទីសំខាន់ក្នុងការសម្រេចឲ្យបាននូវការផ្សះផ្សាក្រោយជម្លោះ។
លោកឯកអគ្គរដ្ឋទូត Swing និយាយថា ប៉ុន្តែប្រសិនបើគ្មានការសន្ទនាបែបនេះទេ នោះការសម្រេចឲ្យបាននូវការផ្សះផ្សានឹងមិនអាចកើតឡើងបានទេ។
វាគ្មិនជាច្រើនដែលមានជំនាញផ្នែកខុសៗគ្នា ដូចជាខាងបញ្ហាអំពើហិង្សាជ្រុលនិយម ខាងតំបន់ភូមិសាស្ត្រ បច្ចេកវិទ្យា ទិន្នន័យ ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង អនាគតនៃជម្លោះនៅទី្វបអាហ្រ្វិក ទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងអាមេរិកទី្វបឡាទីនបានដឹកនាំការពិភាក្សាជាក្រុមដែលអ្នកចូលរួមស្តាប់ប្រមាណជាង១០០នាក់មកពីស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការផ្សព្វផ្សាយព័ត៌មាន និងនិស្សិតសាកលវិទ្យាល័យបានផ្តល់យោបល់យ៉ាងសកម្ម៕