កាលពីថ្ងៃទី៨ ខែតុលានេះ ក្រុមផ្សាយជាភាសាហ្សកហ្ស៊ីរបស់វីអូអេ បានសម្ភាសជាមួយនឹងលោកបណ្ឌិត Francis Fukuyama សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយអំពីសៀវភៅថ្មីមួយរបស់លោកដែលមានចំណងជើងថា Political Order and Political Decay មានន័យថា សណ្តាប់ធ្នាប់នយោបាយ និងការពុកផុយនៃរបបនយោបាយ និងអំពីវិបត្តិនយោបាយនៅអ៊ុយក្រែន និងហ្សកហ្ស៊ី។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកបណ្ឌិត Francis Fukuyama បានបោះពុម្ពផ្សាយ និងចែកចាយសៀវភៅថ្មីមួយទៀតរបស់លោកដែលមានចំណងជើងថា Political Order and Political Decay សណ្តាប់ធ្នាប់នយោបាយ និងការពុកផុយនៃរបបនយោបាយ។ សៀវភៅនេះវិភាគលើទស្សនៈលទ្ធិប្រជាធិបតេយ្យសេរីនិយម ដោយផ្អែកតាមលក្ខខណ្ឌប្រវត្តិសាស្រ្តរបស់ប្រទេសជាច្រើនជុំវិញពិភពលោក ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី អាមេរិកឡាទីនជាដើម ដើម្បីផ្តល់ជាការស្រាវជ្រាវមួយដែលគួរឲ្យជឿទុកចិត្តបំផុត។
លោកបណ្ឌិត Fukuyama បានលើកឡើងថា ការធានានូវសណ្តាប់ធ្នាប់នយោបាយគឺជាកិច្ចការរបស់«ស្ថាប័នរដ្ឋ» ហើយដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យសេរីនិយមកើតមានឡើង ប្រទេសជាតិមួយត្រូវមានជាចាំបាច់នូវកត្តាចំនួន៣ក្នុងស្ថាប័នរដ្ឋរបស់ខ្លួន។
ទីមួយគឺ «រដ្ឋាភិបាលត្រូវមានអំពើពុករលួយកម្រិតទាប មានសមត្ថភាពផ្តល់សេវាសាធារណគ្រប់គ្រាន់ និងការពារសិទ្ធិប្រជាពលរដ្ឋ»។ ទីពីរគឺ«នីតិវិធីដែលកំណត់ឲ្យរដ្ឋាភិបាលគោរពតាមច្បាប់ក្នុងការអនុវត្តអំណាចរបស់ខ្លួន»។ ហើយទីបីគឺ«ការទទួលខុសត្រូវតាមលទ្ធិប្រជាធិបតេយ្យដែលធានាថា កិច្ចការរបស់រដ្ឋាភិបាលឆ្លុះបញ្ចាំងពីការចង់បានរបស់ប្រជាពលរដ្ឋ មិនមែនបម្រើតែប្រយោជន៍អ្នកមានអំណាចនោះទេ»។
យោងតាមបទសម្ភាសន៍ជាមួយនឹងក្រុមផ្សាយភាសាហ្សកហ្ស៊ី លោកបណ្ឌិត Fukuyama បានលើកយកករណីវិបត្តិនយោបាយនៅអ៊ុយក្រែនមកធ្វើជាឧទាហរណ៍ ឆ្លុះបញ្ចាំងអំពីរដ្ឋាភិបាលពុករលួយ និងអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋរបស់ខ្លួន។
«ខ្ញុំយល់ថា អ៊ុយក្រែនត្រូវតែកែប្រែនយោបាយផ្ទៃក្នុងរបស់ខ្លួន។ ការណ៍ដែលសម្ព័ន្ធនយោបាយ Orange Coalition ទទួលបរាជ័យ ហើយរដ្ឋាភិបាលរបស់លោក Yanukovych បានត្រឡប់មកកាន់អំណាចវិញគឺដោយសារតែរដ្ឋាភិបាលចាស់ និងរដ្ឋាភិបាលថ្មីនេះមិនបានដោះស្រាយបញ្ហាអំពើពុករលួយទេ ហើយប្រជាពលរដ្ឋមិនពេញចិត្តនឹងប្រព័ន្ធនយោបាយរបស់រដ្ឋាភិបាលទាំងនេះទេ។ ទាំងនេះគឺជាកត្តាសំខាន់ដែលរដ្ឋាភិបាលអ៊ុយក្រែនត្រូវតែដោះស្រាយ»។
លោកបន្ថែមទៀតថា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពអសន្តិសុខខាងនយោបាយក៏ដោយ ក៏វាចាំបាច់បំផុតដែលរដ្ឋាភិបាលបច្ចុប្បន្នរបស់អ៊ុយក្រែនចាប់ផ្តើមធ្វើកំណែទម្រង់ដោះស្រាយបញ្ហាទាំងនោះ ដើម្បីឲ្យមានរដ្ឋាភិបាលស្របច្បាប់មួយគាំទ្រដោយប្រជាពលរដ្ឋ។
ដោយឡែក ទាក់ទិននឹងទស្សនៈស្តីអំពីការពុកផុយនៃរបបនយោបាយវិញ លោកបានលើកឡើងថា ប្រព័ន្ធនយោបាយទាំងអស់«អាចនឹងពុកផុយ ប្រសិនបើរចនាសម្ព័ន្ធរបស់ស្ថាប័នរដ្ឋមិនអាចធ្វើកំណែទម្រង់ទៅតាមការផ្លាស់ប្តូរជឿនលឿននៃបរិបទសង្គម»។ នេះមានន័យថា ប្រព័ន្ធនយោបាយណាក៏ដោយមិនអាចទទួលបានជោគជ័យរហូតទេ ហើយលទ្ធិប្រជាធិបតេយ្យសេរីនិយមក៏មិនអាចឋិតឋេរជាដរាបដែរ។
លោកបានលើកយកករណីប្រទេសហ្សកហ្ស៊ីមកឆ្លុះបង្ហាញអំពីកំណែទម្រង់វិស័យសាធារណៈរបស់រដ្ឋាភិបាលហ្សកហ្ស៊ី ដែលនាំឲ្យប្រទេសហ្សកហ្ស៊ីដើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏រួបរួមមួយ ដែលក្នុងនោះអ្នកនយោបាយគ្រប់រូបធ្វើការប្រកួតប្រជែងដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។
«លទ្ធិប្រជាធិបតេយ្យល្អមួយគឺទាមទារឲ្យមានការប្រកួតប្រជែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នេះគឺជាគោលដៅសំខាន់ដែលអ្នកនយោបាយរបស់ប្រទេសហ្សកហ្ស៊ីគួរតែសម្រេចឲ្យបាន»។
សៀវភៅរបស់លោកបណ្ឌិត Fukuyama បានសង្កត់ធ្ងន់ថា «លទ្ធិប្រជាធិបតេយ្យសេរីនិយមនៅតែជារបបនយោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយកត្តាប្រឈមថ្មីៗនៃភាពជឿនលឿន»។ ហើយគន្លឹះដើម្បីការពារលទ្ធិប្រជាធិបតេយ្យសេរីនិយមនេះមិនឲ្យពុកផុយ គឺទប់ស្កាត់មិនឲ្យមានការខ្វះខាតគម្រោងកំណែទម្រង់លើស្ថាប័នរដ្ឋប្រឈមមុខការជឿនលឿននៃបរិបទសង្គម៕