ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព៖ ​កម្មករ​ចាប់​ផ្តើម​ប្រមូល​សំរាម​ ក្រោយ​ក្រុមហ៊ុន​ស៊ីនទ្រី​ព្រម​ព្រៀង​បើក​ប្រាក់​អត្ថប្រយោជន៍​នៅ​ដើម​ឆ្នាំ​ក្រោយ


កម្មករក្រុមហ៊ុន​ស៊ីនទ្រី​ (ខេមបូឌា) មក​ប្រមូលផ្តុំគ្នា​នៅមុខ​ អគារចតរថយន្ត​ប្រមូលសំរាមរបស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅខណ្ឌដង្កោ ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​​
កម្មករក្រុមហ៊ុន​ស៊ីនទ្រី​ (ខេមបូឌា) មក​ប្រមូលផ្តុំគ្នា​នៅមុខ​ អគារចតរថយន្ត​ប្រមូលសំរាមរបស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅខណ្ឌដង្កោ ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​​

មេដឹក​នាំ​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កម្មករ​ទាំង​អស់​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ​ ក្រោយ​ក្រុមហ៊ុន​យល់​ព្រម​តាម​ការ​ទាមទារ​របស់​កម្មករ។​

ការ​សម្រេច​ចិត្ត​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​របស់​កម្មករ​ប្រមូល​សំរាម​ទាំង​នេះ​កើត​ឡើង​ខណៈ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​កម្មករ​ទាំង​អស់​ចាប់​ផ្តើម​ការ​ងារ​វិញ​មិន​ឲ្យ​ផុត​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា​ និង​ស្នើ​ឲ្យ​កម្មករ​ជាង​២​ពាន់​នាក់​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ ដែល​តុលាការ​ថា​«ខុស​ច្បាប់»។​

លោក​ កៅ សុវ៉ាត ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​(ខេម​បូឌា) ​ប្រាប់វីអូអេ​នៅ​សៀលថ្ងៃ​ពុធ​នេះ​ថា​ កម្មករ​នៅ​ផ្នែក​បើកបរ​ និង​កើប​សំរាម ​បាន​សម្រេច​ចូល​ធ្វើ​ការ​វិញ​ហើយ​ ដោយ​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​ចាប់​ពី​ល្ងាច​ថ្ងៃ​នេះ​តែ​ម្តង ​ក្រោយ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​១៣​ថ្ងៃ។​

«គាត់​ចាប់​ផ្តើម​ចេញ​ពី​ឥឡូវ​ហ្នឹង​ទៅ​ហើយ​បាទ​ពី​ម៉ោង​ហ្នឹង​ទៅ​ហើយ។​ឥឡូវ​ឡាន​កំពុង​តែ​ចាក់​ប្រេង​កំពុងតែ​ឲ្យ​កម្មករ​យើង​ត្រៀម​ ដើម្បី​ចេញ​ឡាន​ធ្វើការ​ហើយ។​ ឥឡូវ​កំពុង​តែ​ចាក់​ប្រេង​បណ្តើរៗ​ហើយ»។​

មេ​ដឹកនាំ​សហជីព​រូប​នេះ​បន្ថែម​ថា​ ក្រុមហ៊ុន​បាន​យល់​ព្រម​បំពេញ​ទៅ​តាម​ការ​ទាម​ទារ​នានា​របស់​កម្មករ​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អភិបាល​រង​ក្រុង​ពីរ​រូប​គឺ​លោក​កើត ឆែ ​និង​លោក​ហួត ហៃ។​

លោក អ៊ុច សារ៉ន​ កម្មករ​ផ្នែក​កើប​សំរាម​ម្នាក់​ទៀត​ របស់​ក្រុមហ៊ុនស៊ីនទ្រី​ (ខេមបូឌា)​។ (ហ៊ុល រស្មី/វីអូអេ)
លោក អ៊ុច សារ៉ន​ កម្មករ​ផ្នែក​កើប​សំរាម​ម្នាក់​ទៀត​ របស់​ក្រុមហ៊ុនស៊ីនទ្រី​ (ខេមបូឌា)​។ (ហ៊ុល រស្មី/វីអូអេ)

លោក​ កើត ឆែ ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូលរួម​សម្រប​សម្រួល​បញ្ចប់​វិវាទ​របស់​កម្មករ​ប្រាប់​វីអូអេ​ថា ​ កម្មករ​បាន​សម្រេច​ចិត្ត​ចូល​ធ្វើការ​វិញ​ហើយ​ ប៉ុន្តែ​លោក​មិន​ផ្តល់​ការ​អធិប្បាយ​ថា​ តើ​កម្មករ​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​នោះ​ទេ។ ​លោក​បាន​បង្វែរ​សំណួរ​ទៅ​ខាង​ភាគី​កម្មករ​វិញ។​

មេ​ដឹកនាំ​សហជីព​ លោក​ កៅ សុវ៉ាត​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ កម្មករ​មិន​បន្ត​ការ​តវ៉ា​ទៀត​ទេ​ ព្រោះ​ពួក​គេ​ត្រូវ​បាន​សន្យា​ដោយ​ខាង​ភាគី​ក្រុមហ៊ុន​ថា​ ពួកគេ​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ទាមទារ​ចំនួន​៥​ចំណុច​ដែល​រួម​មាន​ប្រាក់​បំណាច់​អតីត​ភាព ​ការងារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ ប្រាក់​ជួស​ការ​ជូន​ដំណឹង​មុន ​ ប្រាក់​ខែ​ចុង​ក្រោយ ​និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ដែល​នៅ​សេស​សល់។​ លោក​អះអាង​ថា ​ ក្រុម​ហ៊ុន​នឹង​ធ្វើ​ការ​ទូទាត់​ឲ្យ​ប្រាក់​ទាម​ទារ​ទាំង​នេះ ​នៅ​សប្តាហ៍​ទី​២​នៃ​ខែ​កុម្ភៈ​ឆ្នាំ​២០២១។​

បើ​តាម​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​រវាង​ភាគី​សហជីព​តំណាង​កម្មករ​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​ និង​ភាគីពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្រុម​ហ៊ុនស៊ីន​ទ្រី​បាន​ឯកភាព​ និង​បញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​កម្មករ​និយោជិត ​នៅ​ថ្ងៃ​ទី៣១ ​ខែ​មករា​ ឆ្នាំ​២០២១​ ហើយ​ទទួល​ដោះស្រាយ​បើក​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ស្រប​តាម​ច្បាប់​ការងារ។​ប្រាក់​បំណាច់​ទូទាត់ ​និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ដែល​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​នេះ​នឹង​ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ យ៉ាង​យូរ​នៅ​សប្តាហ៍​ទីពីរ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ធានា​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់​នោះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ទោះ​យ៉ាង​ណា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ​ ពោល​គឺ​នៅ​ពេល​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ​នោះ​ ​កម្មករ​រាប់​សិប​នាក់​បាន​ចេញ​តវ៉ា​ជាថ្មី​នៅ​មុខ​អគារ​ចត​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​នៅ​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​

លោក​ ស៊ីណា ខេមរា អាយុ​៣៤ឆ្នាំ​ ​កម្មករ​ផ្នែក​ប្រមូល​សំរាមរបស់ក្រុមហ៊ុន​ស៊ីនទ្រី (ខេមបូឌា)​ អង្គុយ​មុខអគារចតរថយន្ត​ប្រមូលសំរាមរបស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅខណ្ឌដង្កោ ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
លោក​ ស៊ីណា ខេមរា អាយុ​៣៤ឆ្នាំ​ ​កម្មករ​ផ្នែក​ប្រមូល​សំរាមរបស់ក្រុមហ៊ុន​ស៊ីនទ្រី (ខេមបូឌា)​ អង្គុយ​មុខអគារចតរថយន្ត​ប្រមូលសំរាមរបស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅខណ្ឌដង្កោ ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

លោក​ ស៊ីណា ខេមរា​ អាយុ​៣៤​ឆ្នាំ​ ជា​កម្មករ​ផ្នែក​ប្រមូល​សំរាម​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​៧​ឆ្នាំ​មក​ហើយ​នោះ​ និយាយ​ថា ​ បើ​មាន​ការ​សន្យា​ពី​ក្រុម​ហ៊ុន​ថា​នឹង​ដោះស្រាយ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​នៅ​ខែ​កុម្ភៈ​នោះ​ ​លោក​ និង​កម្មករ​ផ្សេង​ទៀត ​នឹង​ចូល​ធ្វើ​ការ​ដូច​ដើម។​លោក​ថា​ លោក​មិន​ចង់​ឃើញ​សំរាម​នៅ​កក​ស្ទះ​ពេញ​ក្រុង​នោះ​ទេ។​

«ខ្ញុំ​មិន​ចង់​ឲ្យ​សំរាម​នៅ​ស្ទះ​ពេញ​ ភ្នំពេញ​ហ្នឹង​ដែរ​ព្រោះ​វា​ស្អុយ​ខូច​សុខភាព​ទាំង​អស់​គ្នាតែ​បើ​យើង​មក​ធ្វើ​ការ​ធម្មតា​ទៅ​...​ រួច​ខ្លួន​ទៅ​បាទ»។​

លោក​ អ៊ុច សារ៉ន​ ដែល​ធ្វើការ​ផ្នែក​កើប​សំរាម​អស់​រយៈ​ពេល​៦​ឆ្នាំ​ និយាយ​ថា ​លោក​មិន​ចង់​ឃើញ​វិវាទ​ការងារ​នេះ​ អូស​បន្លាយ​បន្ត​ទៀត​ទេ។

«សម្រាប់​ខាង​ខ្ញុំ​ផ្ទាល់​ គឺ​ខាត​ការងារ​ ខាត​ទាំង​ប្រាក់​ប្រចាំ​ថ្ងៃ​ដែរ​ហ្នឹង​បង​អើយ​ព្រោះ​យើង​រាល់​ថ្ងៃ​ចេះ​តែ​អូស​ទៅ។ ​តាម​ប្រជា​ពលរដ្ឋ​គាត់​ចេះ​តែ​ឲ្យ​ចាយ​ខ្លះ​ទៅ​ណា​តិច​តួច​មក​...​ទុក​រួច​ថ្លៃ​ម្ហូប​ ថ្លៃ​អង្ករ​ ថ្លៃ​អី​ដែរ​ហ្នឹង»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៩​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​យក​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​ផ្គត់ផ្គង់​សេវា​ប្រមូល​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ​អស់​២០​ ឆ្នាំ​មក​ហើយ​នោះ​មក​ នៅ​ក្រោម​ការ​គ្រប់​គ្រង​បណ្ដោះ​អាសន្ន​របស់​រដ្ឋ​ ក្រោម​ហេតុ​ផល​ថា ​ក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ប្រមូល​សំរាម​មិន​បាន​ល្អ៕​

XS
SM
MD
LG