ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ប្រមូល​សំរាម​​នៅ​ភ្នំពេញ​សម្រេច​ចូល​ធ្វើ​ការ​វិញ ​ក្រោយ​មាន​ដំណោះស្រាយ


កម្មករក្រុមហ៊ុនស៊ិនទ្រីជួបជុំធ្វើកូដកម្មមិនចូលធ្វើការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កម្មករក្រុមហ៊ុនស៊ិនទ្រីជួបជុំធ្វើកូដកម្មមិនចូលធ្វើការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ការ​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​មានភាគី​ពាក់​ព័ន្ធ​ចូល​រួម​បាន​បញ្ចប់​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ប្រមូល​សំរាម​ចាប់​ពី​រសៀល​ថ្ងៃ​ពុធ​នេះ។​

កម្មករ​ជាង​២ពាន់​នាក់​បាន​ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​តាំង​ពី​ថ្ងៃ​ទី​២ ​ខែ​តុលា ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សំរាមនៅ​រាជធានីភ្នំពេញ​ ចាប់​តាំង​ពី​សប្តាហ៍​មុន។​

ក្នុង​កំណត់​ហេតុ​ដំណោះស្រាយ​មួយ​ដែល​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ ​ ​ភាគី​ពាក់ព័ន្ធមាន​ទាំង​អភិបាល​រាជធានី​ភ្នំពេញ ​តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី​ ក្រសួង​បរិស្ថាន ​និង​សហជីព​តំណាង​កម្មករ​បាន​ឯកភាព​គ្នា​លើ​ចំណុច​ចំនួន​៣។​ ចំណុច​ទី​មួយ​គឺ​ក្រុមហ៊ុន​ស៊ីនទ្រី​សន្យា​ថា នឹង​ដោះ​ស្រាយ​តាម​ច្បាប់​ស្តី​ពី​ការងារ ​ប្រសិន​បើ​មាន​កម្មករ​បញ្ចប់​កិច្ច​សន្យា​ការងារ ​ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​«អ្នក​ធានា​ខុស​ត្រូវ»។​

ទីពីរ ​ចំពោះ​ការងារ​របស់​កម្មករ​ប្រមូល​សំរាមនៅថ្ងៃ​ខាង​មុខ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​«ធានា​មិន​ឲ្យ​បាត់​បង់​ឡើយ»​ ទោះ​បី​ក្រុម​ហ៊ុនប្រមូល​សំរាម​ស៊ីនទ្រី​មិន​ឈ្នះ​ការ​ដេញ​ថ្លៃប្រមូល​សំរាម​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​ខាង​មុខ។​

ហើយ​ចំណុច​ទី​៣​ កម្មករប្រមូល​សំរាម​សម្រេច​ចូល​ធ្វើ​ការ​ងារ​ធម្មតា​វិញ​ ចាប់​ពី​រសៀល​ថ្ងៃ​ទី​៧ ​ខែ​តុលា ​ឆ្នាំ​២០២០​នេះ។​

ការ​តវ៉ា​របស់​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រីពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ធ្វើ​អន្តរ​កាល​ដោះ​ដូរ​រចនា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ក្នុង​រាជធានី។ ​ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម​មាន​ការ​បារម្ភ​ថា​ ក្រោយ​ការ​ដេញ​ថ្លៃ​រើស​ក្រុម​ហ៊ុន​ថ្មី​មក​ប្រមូល​សំរាម​ នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា​ខាង​មុខ​នេះ​ ​ពួក​គេ​នឹង​ត្រូវ​រាប់​បញ្ចូល​ជា​បុគ្គលិក​ថ្មី​ និង​មិន​បាន​ប្រាក់​អត្ថ​ប្រយោជន៍​នានា ​ដូច​យ៉ាង​ប្រាក់​អតីត​ភាព​ការងារ​ជាដើម។​

ដោយ​សារ​កម្មករ​ប្រមូល​សំរាម​ធ្វើ​កូដកម្ម ​អាជ្ញាធរ​រាជធានី​បានបញ្ជូន​កម្លាំង​សន្ដិសុខ​របស់​ខ្លួន​ចេញ​ទៅ​ប្រមូល​សំរាម​ប៉ុន្មាន​ថ្ងៃ​នេះ ​និង​បាន​ប្រកាស​រើស​អ្នក​ប្រមូលសំរាម​ថ្មី​ផង​ដែរ។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៩​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​បញ្ជា​ឲ្យ​យក​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​ផ្តល់​សេវា​ប្រមូល​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ​អស់​២០​ឆ្នាំ​មក​ហើយ​នោះ​ ​មក​នៅ​ក្រោម​ការ​គ្រប់​គ្រង​បណ្ដោះ​អាសន្ន​របស់​រដ្ឋ ​ក្រោម​ហេតុ​ផល​ថា​ ​ក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ប្រមូល​សំរាម​មិន​បាន​ល្អ៕​

XS
SM
MD
LG