ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព៖ ​ភាគី​ពាក់​ព័ន្ធ​ស្វះ​ស្វែង​បន្ត​ចរចា​ដើម្បី​បញ្ចប់​វិវាទ​ការងារ​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី


អាជ្ញាធរប្រមូលសំរាមដែលបានគរចោលច្រើនហូរហៀរនៅតាមផ្លូវមួយកន្លែង កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)
អាជ្ញាធរប្រមូលសំរាមដែលបានគរចោលច្រើនហូរហៀរនៅតាមផ្លូវមួយកន្លែង កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

មេ​ដឹកនាំ​សហជីព​ឲ្យ​ដឹង​ថា​ ភាគី​ពាក់​ព័ន្ធ​ស្វះ​ស្វែង​បន្ត​ការ​ចរចា​ជាមួយ​គ្នា​ ដើម្បី​បញ្ចប់​វិវាទ​ការងារ​របស់​កម្មករ​ក្រុមហ៊ុន​ ស៊ីនទ្រី​ ខេមបូឌា​ (Cintri​ Cambodia)​ ដែល​រំពឹង​ថា​ អាច​នឹង​សម្រេច​បាន​ជោគជ័យ។​

ក្រុម​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ បាន​ធ្វើ​កូដកម្ម​តាំងពី​ដើម​ខែ​តុលា​មក ​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ប្រាំ​ចំណុច​សំខាន់ៗ ​រួម​មាន​ប្រាក់​បំណាច់​អតីត​ភាព ​ការងារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ ប្រាក់​ជួស​ការ​ជូន​ដំណឹង​មុន ប្រាក់​ខែ​ចុង​ក្រោយ ​និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ដែល​នៅ​សេស​សល់។​

លោក​ កៅ សុខវ៉ាត ប្រធាន​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី ​ប្រាប់​វីអូអេ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​កម្មករ​និយោជិត​ផ្នែក​ដឹក​ជញ្ជូន​និង​ប្រមូល​សំរាម​ នៅ​មិន​ទាន់​ទទួល​បាន​រាល់​ចំណុច​ទាមទារ​ខាង​លើ​នោះ​ទេ​ ហេតុ​ដូច្នេះ​កម្មករ​បាន​បដិសេធ​មិនព្រម​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។​

«អត់​ទាន់​មាន​បាន​អី​ទាំង​អស់!​ បី​បួន​ប្រាំ​ចំណុច​ហ្នឹង ​អត់​ទាន់មាន​បាន​អី​ទាំង​អស់។​ ឥឡូវ​ខ្ញុំ​កំពុង​ទាក់​ទង​ទៅ​ខាង​សាលា​រាជធានី​ភ្នំពេញ​ហើយ​បង ​ដើម្បី​ឲ្យ​ចូល​ដោះ​ស្រាយ។ បើ​មិន​ល្ងាច​ហ្នឹង​....​ស្អែក។​ បើ​ល្ងាច​ហ្នឹង​អត់​ទាន់​...​ស្អែក។ ​គាត់​នឹង​មក​ដោះ​ស្រាយ​បញ្ចប់​រឿង​ហ្នឹង​បាទ។​ ខ្ញុំ​ប្រាប់​បាន​ប៉ុណ្ណឹង​បង»។​

មេ​ដឹកនាំ​សហជីព​រូបនេះ​បន្ថែមថា កម្មករ​បើក​ឡាន​និង​ប្រមូល​សំរាម​ដាក់​រថយន្ត​ទាំង​អស់​ជាង ​១៧០០​ នាក់​ នៅ​មិន​ទាន់​ចូល​ធ្វើការ​ទេ។​ ទោះ​យ៉ាង​ណា​ លោក​ថា​ រហូត​មក​ដល់​ពេល​នេះ​កម្មករ​ទាំង​អស់​នោះ​មិន​ទាន់​ប្រឈម​ការ​ខាត​ប្រយោជន៍​ណា​មួយ នៅ​ពេល​ពួក​គេ​បន្ត​កូដកម្ម​នោះ​ទេ។​

«ដូច​ជា​អត់​ទាន់​អី​ទេ។​ បើ​តាម​ខ្ញុំ​ឮ​ព័ត៌មាន​មក​ថា​ ដូច​ជា​មិន​ទាន់​មាន​ចំណាត់​ការ​អី​ ដែល​ថា ​ត្រូវ​បញ្ឈប់​ត្រូវ​ដក​អី​ពួកគាត់​ទេ​ណ៎ា។ ​អ៊ីចឹង​សំណុំ​រឿង​ហ្នឹង​ ខាង​សាលា​ក្រុង​តម្កល់​ទុក​សិន»។​

វីអូអេ ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ម៉េត​ មាសភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​នៅថ្ងៃ​អង្គារ​នេះ។ ​វីអូអេ​ ក៏​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុម​ហ៊ុន​ស៊ីនទ្រី​បាន​ដែរ។​

ក្រោយ​កូដកម្ម​ជិត​មួយ​សប្តាហ៍​ សាលា​រាជធានី​និង​ភាគី​វិវាទ​ពាក់​ព័ន្ធ​ឈាន​ដល់​ការ​ស្រុះស្រួល​គ្នា​មួយ​ កាល​ពី​ថ្ងៃទី​៧​ ខែ​តុលា​ លើ​បី​ចំណុច​សំខាន់ៗ​ ដែល​ក្នុង​ចំណុច​ចុង​ក្រោយ​ គឺ​កម្មករ​ប្រមូល​សំរាម​ត្រូវ​ចូល​ធ្វើ​ការ​វិញ ​ចាប់​ពី​រសៀល​ថ្ងៃទី​៧​ ខែ​តុលា​នោះ។​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​កម្មករ​បោស​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​តែ​ប៉ុណ្ណោះ ​ដែល​ចេញ​ធ្វើការ។​ រីឯ​កម្មករ​ប្រមូល​សំរាម​នៅ​បដិសេធ​មិន​ត្រឡប់​មក​ធ្វើការ​វិញ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាលា​រាជធានី​ភ្នំពេញ។​

បើ​តាម​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​រវាង​ភាគី​ជម្លោះ​និង​សាលា​រាជធានី​ ធ្វើ​នៅ​ថ្ងៃ​ទី៧​ ខែ​តុលា​ ក្រុម​ហ៊ុន​ស៊ីនទ្រី​ បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​តាម​ច្បាប់​ស្តី​ពី​ការងារ​ ប្រសិន​បើ​មាន​កម្មករ​បញ្ចប់​កិច្ច​សន្យា​ការងារ​ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ «អ្នក​ធានា​ខុស​ត្រូវ»។​ ចំពោះ​ការ​ងារ​របស់​កម្មករ​ប្រមូល​សំរាម​នៅ​ថ្ងៃ​ខាង​មុខ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ក៏​«ធានា​មិន​ឲ្យ​បាត់​បង់​ឡើយ»​ ទោះ​បី​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​មិន​ឈ្នះ​ការ​ដេញ​ថ្លៃ​ប្រមូល​សំរាម ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា​ខាង​មុខ​ក៏ដោយ។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃច័ន្ទ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ល្ងាច​ថ្ងៃទី​២ ​ខែ​តុលា ​ឆ្នាំ​២០២០​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ «កម្មករ​ផ្នែក​បើក​បរ​និង​ផ្នែក​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី នៅ​បន្ត​ធ្វើ​កូដកម្ម​ខុស​ច្បាប់មិន​ចេញ​ប្រមូល​សំរាម​នៅ​ឡើយ​ លើក​លែង​តែ​កម្មករ​ផ្នែក​បោស​សំអាត​ផ្លូវ​ប៉ុណ្ណោះ​ ដែល​បាន​ចូល​ធ្វើការ​វិញ​ កាលពី​ថ្ងៃទី​១០ ​ខែ​តុលា​ ឆ្នាំ​២០២០»។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​កម្មករ​និយោជិត​ទាំង​អស់​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ ចូល​មក​ធ្វើការ​ឡើង​វិញ​ កុំ​បន្ត​ធ្វើ​កូដកម្ម​តទៅ​ទៀត ​ដែល​រដ្ឋបាល​ក្រុង​ចោទ​ថា ​«ខុស​ច្បាប់» ​ហើយ​ព្រមាន​ថា​ការ​តវ៉ា​នេះ​នឹង​នាំ​ឲ្យ​បាត់​បង់​ប្រាក់​អត្ថ​ប្រយោជន៍​នានា​របស់​កម្មករ​ ដែល​ច្បាប់​កំណត់។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា៖​ «ក្នុង​ករណី​បង​ប្អូន​ចូល​បម្រើ​ការងារ​វិញ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ធានា​ដដែល​នូវ​ខ្លឹម​សារ​ដែល​មាន​នៅ​ក្នុង​កំណត់​ហេតុ​អង្គ​ប្រជុំ​ កាលពី​ថ្ងៃ​ទី​៧ ​ខែ​តុលា​ ឆ្នាំ​២០២០»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៩​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​យក​ក្រុមហ៊ុន​ស៊ិនទ្រី​ដែល​ផ្គត់ផ្គង់​សេវា​ប្រមូល​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ​អស់ ​២០​ ឆ្នាំ​មក​ហើយ​នោះ​មក​ នៅ​ក្រោម​ការ​គ្រប់​គ្រង​បណ្ដោះ​អាសន្ន​របស់​រដ្ឋ​ ក្រោម​ហេតុ​ផល​ថា​ ក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ប្រមូល​សំរាម​មិន​បាន​ល្អ៕​

XS
SM
MD
LG