ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ខ្លួន​នៅ​ម្ដុំ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ «ចាំបាច់​និង​ត្រឹមត្រូវ»


រូបឯកសារ៖ គ្រាប់មីស៊ីល​មួយ​ដែល​ផលិត​នៅ​អាមេរិក​ត្រូវបាន​បាញ់​ចេញ​ពី​នាវា​មួយ​គ្រឿង​​នៅ​ដែនសមុទ្រ​ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Taiwan Ministry of National Defense via AP)
រូបឯកសារ៖ គ្រាប់មីស៊ីល​មួយ​ដែល​ផលិត​នៅ​អាមេរិក​ត្រូវបាន​បាញ់​ចេញ​ពី​នាវា​មួយ​គ្រឿង​​នៅ​ដែនសមុទ្រ​ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Taiwan Ministry of National Defense via AP)

ប្រទេស​ចិន​បាន​ទទូច​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ខ្លួន​នៅ​ម្ដុំ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ «ចាំបាច់​និង​ត្រឹមត្រូវ»។ ចិន​លើកឡើង​ដូច្នេះ នៅ​ក្រោយ​ពេល​ដែល​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា៖ «ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​យោធា​ចិន​នៅ​ដែន​សមុទ្រ​ជិត​កោះ​តៃវ៉ាន់​ដែល​ជា​របស់​ចិន​គឺ​ជា​វិធានការ​ចាំបាច់​និង​ត្រឹមត្រូវ​ដើម្បី​ការពារ​ដោយ​អង់អាច​ក្លាហាន​នូវ​អធិបតេយ្យភាព​ជាតិ [របស់​ចិន]»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «នៅ​ក្នុង​ការ​ប្រតាយប្រតប់​នា​ពេល​បច្ចុប្បន្ន​ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​បង្ក​ហេតុ ហើយ​ចិន​គឺ​ជា​ជន​រងគ្រោះ។ សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់​បាន​រួម​គ្នា​បង្ក​ហេតុ​មុន ហើយ​ចិន​គឺ​គ្រាន់តែ​ការពារ​ខ្លួន​យ៉ាង​ត្រឹមត្រូវ​នៅ​ពេល​ក្រោយ​មក​តែ​ប៉ុណ្ណោះ»។

កន្លង​មក ថ្នាក់​ដឹកនាំ​ចិន​បាន​បង្ហាញ​ការ​ខឹង​សម្បាចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់ ដោយ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​ការ​គំរាមកំហែង​ចំពោះ​ស្ថានភាព​ទំនាក់ទំនង​នា​ពេល​បច្ចុប្បន្ន​រវាង​ចិន​និង​តៃវ៉ាន់​ដែល​កំពុង​មាន​លក្ខណៈ​ប្រោះស្រាំ​ស្រាប់។

ដើម្បី​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ចិន​បាន​ប្រកាស​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ជា​ច្រើន​នៅ​ម្ដុំ​កោះ​តៃវ៉ាន់ ដោយ​បញ្ជាការ​ដ្ឋាន​ភូមិភាគ​ខាង​កើត​បាន​បញ្ជាក់​ថា៖ «សមយុទ្ធ​ផ្លូវ​ទឹក​និង​ផ្លូវ​អាកាស​រួម​គ្នា​នឹង​ធ្វើ​ឡើង​នៅ​ដែន​សមុទ្រ​និង​ដែន​អាកាស​ភាគ​ខាង​ជើង ភាគ​និរតី និង​ភាគ​អាគ្នេយ៍» នៃ​កោះ​តៃវ៉ាន់។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​ព្រមាន​ថា ផែនការ​សមយុទ្ធ​របស់​ចិន​ទាំង​នេះ​ប៉ះពាល់​ដល់​កំពង់ផែ​និង​តំបន់​ទីក្រុង​សំខាន់ៗ​នានា៕

XS
SM
MD
LG