ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្ញៀវ​ទេសចរ​ដែល​ធ្វើការ​ហោះហើរ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​​កម្ពុជា​នឹង​ឈាន​ដល់​១០លាន​នាក់​នៅ​ចុងឆ្នាំ​នេះ


រូបឯកសារ៖ អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
រូបឯកសារ៖ អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

ខណៈ​ដែល​ឆ្នាំ​២០១៨​ជិត​បញ្ចប់ តួលេខ​នៃ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើការ​ហោះ​ហើរ​តាម​អាកាស​យានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទាំង​បី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។​ ​អាកាស​យានដ្ឋាន​កម្ពុជា​មាន​សុទិដ្ឋិនិយម​ខ្លាំង​ថា​ ខ្លួន​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​តាម​អាកាស​១០លាន​នាក់​នៅ​ចុង​​ឆ្នាំ​២០១៨​នេះ។

អាកាស​យាន​ដ្ឋាន​កម្ពុជា​ជឿ​ជាក់​ថា​ ភ្ញៀវ​ទេសចរ​ដែល​ធ្វើការ​ហោះហើរ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង​បី​ គឺ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​នឹង​ឈាន​ដល់​១០លាន​នាក់​នៅ​ចុងឆ្នាំ​២០១៨​នេះ។​ នេះបើ​យោង​តាម​នាយក​ប្រតិបត្តិ​នៃ​អាកាស​យានដ្ឋាន​កម្ពុជា។

​នៅ​ក្នុងដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​ទៅ​កាន់​ខេត្ត​សៀមរាប ដែល​ធ្វើឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​សហការ​ជាមួយ​សហភាព​អឺរ៉ុប ​កាលពី​ថ្ងៃទី​០៤​ ​ខែធ្នូ ឆ្នាំ​ ​២០១៨​ ​លោក​ ​Éric DELOBEL​ ​នាយក​ប្រតិបត្តិ​នៃ​អាកាសយានដ្ឋាន​កម្ពុជា​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថា៖

«កាល​ពី​ឆ្នាំ​មុន​យើង​ទទួល​បាន​អ្នក​ធ្វើ​ដំណើរ​៨.៨​លាន​នាក់​ហើយ​ក្នុង​ឆ្នាំ​នេះ​ យើង​បាន​ដាក់​គោល​ដៅ​ថ្មី គឺ​យើង​នឹង​ទទួល​ស្វាគមន៍​អ្នក​ធ្វើដំណើរ​ជាង​១០លាននាក់​ ​ហើយ​សម្រាប់​ព្រះរាជា​ណាចក្រ​កម្ពុជា ​នេះ​ក៏​ជា​សមិទ្ធិផល​ដ៏​ធំធេង​មួយ​ដែរ​ដោយសារ​តែ​យើង​អាច​ឈាន​ទៅដល់​ការ​សម្រេច​សមិទ្ធិផល​ថ្មី​នោះ​ គឺ​ការ​ទទួល​អ្នក​ធ្វើ​ដំណើរ​១០លាននាក់»។

​យោងតាម​សិ្ថតិ​របស់​អាកាសយាន​ដ្ឋាន​កម្ពុជា​ឱ្យ​ដឹង​ថា​ ​នៅ​ក្នុង​ឆ្នាំ​២០១៧​ ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​និង​សៀម​រាប ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជា​មធ្យម​គឺ​៤លាន​៤សែន​នាក់​ ​ហើយ​បាន​ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​៥៥​គោលដៅ​ ​និង​៧០០​ជើង​ហោះហើរ​ជា​រៀងរាល់​សប្តាហ៍។​ ១៧ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប​ចាប់់​ពី​ឆ្នាំ​២០១៤​និង​២០១៥​ ​គឺ​ទទួល​បាន​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ ​ហើយ​បាន​បង្កើត​ការងារ​ចំនួន​១លាន​៧សែន​ការងារ​ ដែល​ស្មើ​នឹង​២០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ការងារ​ធ្វើ។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​(ឆ្វេង) ​និង​លោក Eric Delobel (កណ្តាល)នាយក​ប្រតិបត្តិ​អាកាសយានដ្ឋាន​កម្ពុជា​ថ្លែង​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​(ឆ្វេង) ​និង​លោក Eric Delobel (កណ្តាល)នាយក​ប្រតិបត្តិ​អាកាសយានដ្ឋាន​កម្ពុជា​ថ្លែង​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​ដែល​ VOA​ ​បាន​ទទួល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​ភ្ញៀវដែល​ធ្វើដំណើរ​តាម​អាកាស​ទាំងក្នុង​ស្រុក​និង​ក្រៅ​ស្រុកនៅ​ក្នុង​១០ខែ​ ​ឆ្នាំ​២០១៨ ​គឺ​គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលា​ មាន​ចំនួន​ជិត​៩លាន​នាក់។​ បើធៀប​ហ្នឹង​ឆ្នាំ​២០១៧​ ចំនួន​ភ្ញៀវ​មាន​ត្រឹម​តែ​ជាង​៧លាន​នាក់​ប៉ុណ្ណោះ។​ ​អាកាស​យានដ្ឋាន​កម្ពុជា​បាន​និយាយ​ថា​ នេះ​ជា​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ខែ​តុលា​ ​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​ទទួល​បាន​កំណើន​អ្នក​ធ្វើដំណើរជាមធ្យម​គឺ​២៥​ភាគរយ។​

​លោក​ ​គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​បាន​និយាយ​ប្រាប់​ ​VOA​ ​នៅថ្ងៃសុក្រ​នេះ​ថា ការ​កើន​ឡើង​នៃ​ការ​ហោះហើរ​តាម​អាកាស​យានដ្ឋាន​ ​ចេញ​ចូលក្នុង​ប្រទេស​កម្ពុជា​អាច​មក​ពីការ​បើក​ឱ្យ​មាន​ការប្រកួត​ប្រជែង​ក្នុងទីផ្សារនេះ​នឹង​ការ​កើន​ឡើង​នៃ​ជើង​ហោះ​ត្រង់​ទៅ​កាន់​ប្រទេស​នានា។

លោក​បន្ថែម​ថា៖​

«យើង​ឃើញ​កំណើន​ផ្លូវ​អាកាស​ វា​កើន​ខ្ពស់​ហ្នឹង​ទី​មួយ​ យើង​ឃើញ​មាន​តម្លៃ​នៃ​ការហោះ​ហើរ ​វា​មាន​តម្លៃ​ធូរថ្លៃ ដូចជាប្រភេទ​ ​Air Asia​ ​ពួក Jetstar​ ​អី​ហ្នឹង។​ ទីពីរ​យើង​ឃើញ​ថា​ មាន​ជើង​ហោះ​ហើរ​ច្រើន​ទៅ​ប្រទេស​មួយ​ចំនួន»។

​យោង​តាម​របាយការណ៍​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​ទេសចរ​ចេញ​ផ្សាយ​ការ​ពី​ខែ​តុលា​កន្លង​ទៅ ភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​អាកាស​ចូល​មក​កម្ពុជាមាន​ចំនួន​ជាង​៣លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​ ​និង​២លាន​នាក់​ជាង​ក្នុង​ឆ្នាំ​២០១៧​ ​ហើយ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​តាម​អាកាស​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​មាន​សរុបជាង​៦លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​ ​និង​៥លាន​នាក់​ក្នុង​ឆ្នាំ​២០១៧។​ ​ហើយ​ភ្ញៀវ​ទេសចរណ៍​ចិន​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​មួយ។

​លោក​ ​គង់ សុភារក្ស បញ្ជាក់​ថា​ក្រសួង​ទេសចរណ៍​ជឿជាក់​ថា​ កម្ពុជា​អាច​នឹង​ទទួល​បានភ្ញៀវ​ទេសចរអន្តរជាតិ​ដល់​ទៅ​ ​៧លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២០​ ​ហើយ​កម្ពុជា​បាន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ។​ លោក​បាន​និយាយ​ថា៖

«ការពិត​និយាយ​ទៅ​ ស្រុកខ្មែរ​យើង​មាន​គ្រប់គ្រាន់​ហើយ​ ​ក្នុង​ការ​ទទួល​ភ្ញៀវទេសចរ​ក្នុង​កម្រិត​ ​៦​ ឬ ៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ហ្នឹង​ ហើយ​ជាក់ស្តែង​យើង​គិត​ថា យើង​នឹង​បាន៧​លាននាក់​ក្នុង​ឆ្នាំ​២០២០»។

ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ ​កម្ពុជា​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​មាន​ការ​កើន​ឡើង​នេះ ជាពិសេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​តំបន់​ទេសចរណ៍​នា​នា និង​ការ​ទទួល​បដិសណ្ឋារកិច្ច​ផង​ដែរ។​ នេះបើតាម​អ្នក​ស្រី​ ​ឆៃ ស៊ីវលីង​ ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា។

​អ្នក​ស្រី​បាន​និយាយ​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ៖​

«កាល​ណា​ទេសចរ​មក​កាន់តែ​ច្រើន​ ​យើង​បញ្ហា​ប្រឈម​យើង​ក៏​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​ដូចជា​យើង​ខ្វះ​ធនធាន​មនុស្ស យើង​ត្រូវ​ការ​លម្អ​ហេដ្ឋារចនា​សម័្ពន្ធ ពង្រីក​ផ្លូវ​ថ្នល់​ហើយ​នឹង​ពង្រីក​បន្ថែម​នូវ​ខ្សែ​ទស្សនកិច្ច​ គោលដៅ​ទេសចរ​ ​ផលិតផល​ទេសចរណ៍​អី​គឺ​សុទ្ធ​តែ​យើង​ទាមទារ​ឲ្យ​មានការ​កើន​ឡើង»។

កាល​ពី​ខែ​វិច្ឆិកា​កន្លងទៅ ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ ​សម្រេច​ការ​ជួស​ជុល​ទ្រង់ទ្រាយ​ធំ​នូវ​ផ្លូវ​សម្រាប់​យន្តហោះ​ធ្វើការ​រត់ ដែល​អស់​ទឹកប្រាក់​១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ប្រវែង​៣០០០ម៉ែត្រជា​ស្ថាពរ​ ដើម្បី​ស្វាគមន៍​ការ​កើន​ឡើង​នៃ​ការ​ហោះ​ហើរ។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាកាសយានដ្ឋាន​កម្ពុជាកាលពី​ថ្ងៃទី១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨។​ វិស័យ​ទេសចរណ៍​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​រក​ចំណូល​មួយ​ផ្នែកធំ​ដល់​ប្រទេស​កម្ពុជា​ ​ក្រៅ​ពី​វិស័យ​កាត់ដេរ​ ​សំណង់​ ​និង​កសិកម្ម។

យោង​តាម​ក្រសួង​ទេសចរណ៍ វិស័យ​ដ៏​សំខាន់​នេះ​បាន​ផ្តល់​ប្រាក់​ចំណូល​ចូល​រដ្ឋ​ ​ជា​រួម​ប្រមាណ​ ជា​៣ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ២០១៧​ ហើយ​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​១៣​ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ២០១៦៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG