ប្រជាជនអាស៊ីត្រូវបានព្យាករណ៍ថា នឹងក្លាយជាក្រុមជនអន្តោប្រវេសន៍ធំជាងគេបង្អស់នៅស.រ.អា នៅឆ្នាំ២០៥៥ នេះបើយោងទៅតាមរបាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center។ នៅក្នុងទីក្រុងមួយចំនួននៅស.រ.អា. ប្រជាជនអាស៊ីគឺជាក្រុមជនអន្តោប្រវេសន៍ធំជាងគេបង្អស់រួចទៅហើយ ហើយភាគច្រើននៃជនទាំងនោះនិយាយភាសាចិន។ មន្ទីរប៉ូលិសនិងមន្រ្តីក្រុងកាន់តែច្រើនឡើងកំពុងព្យាយាមទាក់ទងទៅពួកគេតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមជាភាសាចិន។
នេះប្រហែលជាដូចទៅនឹងផ្សារមួយនៅតំបន់ណាមួយក្នុងទ្វីបអាស៊ីដែរ ក៏ប៉ុន្តែ វាស្ថិតនៅចម្ងាយតែ១០ម៉ៃល៍ (១៦,០៩ គីឡូម៉ែត្រ) ប៉ុណ្ណោះពីទីប្រជុំជននៃក្រុង Los Angeles។ តំបន់នេះត្រូវបានគេហៅថា San Gabriel Valley ដែលជាទីតាំងមានប្រជាប្រិយភាពមួយសម្រាប់ជនចំណូលស្រុកនិយាយភាសាចិនដូចនាង Yang Yun Yan ជាដើម។ នាងរស់នៅក្រុង San Gabriel ហើយនាងបាននិយាយថា ការរស់នៅទីនេះហាក់ដូចជារស់នៅក្នុងទីក្រុងមួយនៅប្រទេសចិនអញ្ចឹងដែរ។
ប្រជាជនអាស៊ីមាន៦០ភាគរយនៃប្រជាជនសរុបនៅក្រុង San Gabriel ហើយភាគច្រើននៃពួកគេ គឺជាជនជាតិចិន។ ដើម្បីអាចឆ្លើយតបជាមួយនឹងប្រជាជនរស់នៅទីនោះឲ្យបានប្រសើរជាងមុន មន្ត្រីក្រុងនោះបានងាកទៅប្រើគេហទំព័រទំនាក់ទំនងសង្គមជាភាសាចិនមួយឈ្មោះថា Weibo កាលពីដើមឆ្នាំនេះ។ នាង Lauren Gold ដែលធ្វើការនៅលាលាក្រុងនេះបាននិយាយថា វាជាសេចក្តីសម្រេចមួយជាប្រវត្តិសាស្រ្ត។
«ដូចអ្វីដែលយើងបានដឹងកន្លងមកនេះ ហើយយោងតាមគេហទំព័រ Weibo យើងគឺជាទីក្រុង និងជាសាលាក្រុងតែមួយគត់ ដែលមានគណនីលើបណ្តាញសង្គម Weibo នាពេលបច្ចុប្បន្ននៅក្នុងស.រ.អា.។ ការឆ្លើយតបតាមរយៈគេហទំព័រនេះគឺឆាប់រហ័សយ៉ាងខ្លាំងណាស់។ ត្រឹមតែមួយយប់បន្ទាប់ពីយើងបានបង្កើតគណនីនោះមក យើងទទួលបានអ្នកតាមដាន (followers) ប្រមាណ២.០០០នាក់ទៅហើយ ដែលនេះប្រហាក់ប្រហែលទៅនឹងចំនួនអ្នកតាមដានដែលយើងមាននៅក្នុងគណនីហ្វេសប៊ុក (Facebook) ដែលបានបង្កើតអស់រយៈពេលបួនឆ្នាំកន្លងមកនេះ»។
នាង Yang Yun Yan ទទួលស្គាល់ថា វាជារឿងល្អដែលក្រុងនេះមានគណនី Weibo ពីព្រោះថា មានជនជាតិចិនជាច្រើនរស់នៅទីនេះ ដូចនេះ រាល់ការទំនាក់ទំនងគួរតែធ្វើឡើងជាពីរភាសា។
គោលគំនិតក្នុងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមចិននេះ តាមពិតទៅ កើតចេញមកពីសហគមន៍ជាប់នោះមួយដែលមានឈ្មោះថា Alhambra។ កាលពីពីរឆ្នាំមុន ប៉ុស្តិ៍ប៉ូលិសនៃសហគមន៍ Alhambra នេះ បានក្លាយជាប៉ុស្តិ៍ប៉ូលិសដំបូងគេបង្អស់ ដែលបានបើកគណនី Weibo។ ពលបាលត្រី លោក Jerry Johnson បាននិយាយថា ការឆ្លើយតបនោះគឺមានភាពល្អប្រសើរណាស់។
«ក្នុងរយៈពេលពីរឆ្នាំ យើងមានអ្នកតាមដានលើគេហទំព័រ Weibo ចំនួនបីដងច្រើនជាងអ្នកតាមដាននៅលើគេហទំព័រ Facebook ដែលគេហទំព័រ Facebook របស់យើងបានចាប់បង្កើតតាំងពីប្រាំឬប្រាំមួយឆ្នាំមកម្ល៉េះ»។
ប៉ុស្តិ៍ប៉ូលិសនៃសហគមន៍ Alhambra ឥឡូវនេះ មានអ្នកតាមដានជាង៤០.០០០នាក់នៅលើបណ្តាញសង្គម Weibo ដែលភាគច្រើននៃអ្នកតាមដាន់ទាំងនោះរស់នៅក្នុងប្រទេសចិន។ នៅដើមឆ្នាំ២០១៥ នេះ មន្ទីរប៉ូលិសនៃសហគមន៍ Alhambra បាននិយាយថា ខ្លួនបានក្លាយជាប៉ុស្តិ៍ប៉ូលិសដំបូងគេបង្អស់នៅស.រ.អា.ដែលប្រើបណ្តាញផ្សព្វផ្សាយសង្គមជាភាសាចិនឈ្មោះថា WeChat។ នាង Wendy Lee ធ្វើការនៅប៉ុស្តិ៍ប៉ូលិសនោះបាននិយាយថា វាជាប្រព័ន្ធផ្ញើសារមួយ ដែលជាមធ្យោបាយយ៉ាងប្រសើរដើម្បីផ្សព្វផ្សាយដំណឹងផ្សេងៗ។ នាងបានបន្តថា ជនអន្តោប្រវេសន៍តែងតែមានការភ័យខ្លាច និងមិនមានជំនឿទុកចិត្តទៅលើប៉ូលិស ដោយសារតែបទពិសោធន៍ដែលពួកគេធ្លាប់ជួបប្រទះនៅស្រុកកំណើតរបស់ពួកគេ។ មានមនុស្សម្នាក់ថែមទាំងបានប្រៀបធៀបប៉ូលិសនៅស្រុកកំណើតខ្លួនទៅនឹងជនអន្ធពាល។ នាងបានលើកឡើងទៀតថា ការធ្វើទំនាក់ទំនងជាមួយនឹងមនុស្សដទៃទៀតនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗជាភាសាចិន ជួយកម្ចាត់នូវការយល់ខុសទៅលើប៉ូលិស។ លោក Jerry Johnson បាននិយាយដែរថា បណ្តាញផ្សព្វផ្សាយសង្គមចិនក៏បានផ្តល់ឲ្យអ្នកនៅក្រៅប្រទេសមានលទ្ធភាពយល់ដឹងពីស្ថានភាពនៅស.រ.អា.ផងដែរ។
«ខ្ញុំគិតថា គេហទំព័រទាំងនោះអាចឲ្យមនុស្សមើលឃើញពីជីវិតពិតនៅទីនោះ។ នេះមិនមែនដូចក្នុងរឿង Hollywood ទេ។ នេះមិនមែនជាភាពយន្តទេ ហើយនេះក៏មិនមែនជាកម្មវិធីទូរទស្សន៍ដែរ។ វាលេចចេញមកពីសហគមន៍តូចរបស់យើងចូលទៅក្នុងកុំព្យូទ័រ ឬអាយផេត (i-Pad) របស់ពួកគេ»។
ប៉ុស្តិ៍ប៉ូលិសមួយចំនួនទៀតនៅ San Gabriel Valley បានធ្វើដូចប៉ូលិសនៅសហគមន៍ Alhambra ដែរ គឺបានបង្កើតគណនីបណ្តាញផ្សព្វផ្សាយសង្គម Weibo។ នាង Lauren Gold និយាយថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
«នេះហាក់ដូចជានិន្នាការមួយកំពុងកើតមាននាពេលបច្ចុប្បន្ននេះ ដែលក្រុងជាច្រើន ជាពិសេសក្រុងនៅក្នុងតំបន់របស់យើង ដែលមានប្រជាជននិយាយភាសាចិនច្រើន។ ពួកគេលែងភ្ជាប់ការទាក់ទងជាមួយគ្នាដោយការប្រើ Facebook និង Twitter ទៀតហើយ»។
ហើយនិន្នាការនេះ មិនត្រឹមតែកើតមាននៅ San Gabriel Valley ប៉ុណ្ណោះទេ។ ប៉ុស្តិ៍ប៉ូលិសនៃសហគមន៍ Alhambra និយាយថា ទីភ្នាក់ងារផ្សេងៗទៀតនៅឆ្នេរភាគខាងកើតក៏កំពុងតែធ្វើការស៊ើបសួរអំពីបណ្តាញទំនាក់ទំនងសង្គមជាភាសាចិននេះ និងវីធីបង្កើតគណនីនេះផងដែរ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា