ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សារភាព​របស់​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ចិន​ធ្វើ​ឲ្យ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​មិន​សប្បាយ​ចិត្ត


លោក Jiang Tianyong សកម្មជន​សិទ្ធិ​មនុស្ស​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ប៉េកាង ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២។
លោក Jiang Tianyong សកម្មជន​សិទ្ធិ​មនុស្ស​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ប៉េកាង ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២។

តុលាការ​មួយ​ក្នុង​ក្រុង Changsha ខេត្ត​ Hunan ប្រទេស​ចិន កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បាន​ជំនុំ​ជម្រះ​ក្ដី​មេធាវី​ការពារ​សិទ្ធិមនុស្ស​ដ៏​ល្បី​មួយ​រូប ឈ្មោះ Jiang Tianyong។ នៅ​ក្នុង​ការ​ជំនុំជម្រះ​ក្តី​នោះ​ លោក Jiang បាន​សារភាព​ទទួល​កំហុស​ពី​បទ​ផ្ដួល​រំលំ​រដ្ឋ​អំណាច និង​បាន​បដិសេធ​ថា ប៉ូលិស​មិន​បាន​ធ្វើ​ទារុណកម្ម​លើ​រូប​លោក​ទេ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ភរិយា​របស់​លោក Jiang និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​នានា​បានរិះគន់​ការ​ជំនុំជម្រះ​នោះ​ថា «គ្រាន់​តែ​ជា​ការ​កាត់​ទោស​បែប​សម្ដែង​មួយ» តែ​ប៉ុណ្ណោះ ដោយ​និយាយ​ថា ពួកគេ​មិន​ជឿ​ថា លោក Jiang សារភាព​ចេញ​ពី​ចិត្ត​ខ្លួន​ឯង​នោះ​ទេ។

ខ្សែ​វីដេអូ​ឃ្លីប​នៃ​ការ​ជំនុំជម្រះ​ក្តី​ ដែល​តុលាការ​ចិន​បាន​ហៅ​ថា​ជា ការ​កាត់​ទោស​ «បើកចំហ​ជា​សាធារណៈ» មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី Weibo របស់​តុលាការ​សម្រាប់​មើល​ជា​សាធារណៈ។

ការ​សារភាព​ទទួល​កំហុស

នៅ​ក្នុង​ការ​ថ្លែង​បញ្ចប់របស់​លោក លោក Jiang ត្រូវ​បាន​គេ​ឃើញ​ថា បាន​ធ្វើ​ការ​សារភាព​ជា​សាធារណៈ​ពី​បទឧក្រិដ្ឋ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​មក​លើ​រូបលោក។ លោក Jiang ​បាន​អាន​សេចក្ដី​ថ្លែង​ការណ៍​សរសេរ​ទុក​ជា​មុន​មួយទៅ​កាន់​តុលាការ​ថា៖

«ខ្ញុំ​ទទួលស្គាល់​យ៉ាង​ពេញលេញ​ថា ខ្ញុំ​បាន​ញុះញង់​ឲ្យ​មាន​ការ​ផ្ដួល​រំលំ​រដ្ឋអំណាច​ ក្នុង​គោលបំណង​ ផ្ដួល​រំលំ​របប​សង្គមនិយម ដែល​នេះ​ជា​ការ​រំលោភបំពាន​ច្បាប់​ឧក្រិដ្ឋកម្ម និង​ជា​បទល្មើស​មួយ។ ខ្ញុំ​សូម​សារភាព​ឲ្យ​អស់​ពី​ចិត្ត។ ហើយ​ខ្ញុំ​ពិត​ជា សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ»។

ស្រប​ពេល​ដែល​ស្នើ​សុំ​ការ​សម្រាល​ទោស​ទណ្ឌ​ពី​ចៅក្រម លោក Jiang បាន​បន្ថែម​ថា លោក​សង្ឃឹម​ថា សកម្មជន​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​អាច​ចាត់​ទុក​រូប​លោក​ជា​មេរៀន។

ការ​រិះគន់​រដ្ឋាភិបាល

នៅ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ក្តី ក្រុម​រដ្ឋ​អាជ្ញា​បាន​ចោទប្រកាន់​លោក Jiang ពី​ការ​សរសេរ​សារ​បង្ហោះ​ចំនួន​ជាង ៣៣.០០០ នៅ​លើ​បណ្ដាញ​សង្គម Twitter មុន​ឆ្នាំ ២០០៩។ គេ​បាន​និយាយ​ថា សារ​បង្ហោះ​ចំនួន ២១៤ ក្នុង​ចំណោម​សារ​បង្ហោះ​ទាំងអស់​នោះ លោក Jiang បាន​រិះគន់​រដ្ឋាភិបាល​នៅ​ក្នុង​ភាសា​មួយ​ដែល​ញុះញង់​ឲ្យ​មាន​ការ​ផ្ដួល​រំលំ​រដ្ឋអំណាច។

លោក Jiang ក៏​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ ដែល​ក្នុង​នោះ​រួម​មាន VOA ផង​ដែរ ដើម្បី «លាប​ពណ៌» តុលាការ​ និង​រដ្ឋាភិបាល ស្រប​ពេល​ដែល​លោក​បាន​គាំទ្រ​បុព្វហេតុ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​នានា​ដូចជា លោក Zhang Kai លោក Xie Yang និង​លោក Liu Xing ។

ទាំង​លោក Jiang និង​ទាំង​មេធាវី​ការពារ​ក្តី​របស់​លោក មិន​បាន​ធ្វើ​ការ​បដិសេធ​ករណី​ចោទប្រកាន់​ណា​មួយ​នោះ​ទេ។ ករណី​ចោទប្រកាន់​មួយ​ក្នុង​នោះ​លើក​ឡើង​ថា លោក Jiang ត្រូវ​បាន​គេ​កំណត់​ឈ្មោះ​ថា​ជា អ្នក​បំផុស​បំផុល​ឲ្យ​ភរិយា​លោក Xie ធ្វើ​ការ​ចោទប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម​លើ​លោក Xie ពេល​លោក Xie ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន។

តុលាការ​បាន​ប្រកាស​ថា ខ្លួន​នឹង​ចេញ​សាលក្រម​នៅ​ពេល​ក្រោយ។

សក្ខីកម្ម​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក Jiang

​ដោយ​ទទូច​ពី​ភាព​ស្អាតស្អំ​របស់​លោក Jiang ភរិយា​របស់​លោក​ អ្នកស្រី Jin Bianling បាន​អះអាង​ថា ការ​កាត់ទោស​បើក​ចំហ​ជា​សាធារណៈកាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ គឺ​ជា សក្ខីកម្ម​បង្ហាញ​ពី​ការ​ជំរុញ​រក​យុត្តិធម៌​របស់​ស្វាមី​លោក​ស្រី​ទៅ​វិញ​ទេ។

អ្នកស្រី​ Jin ដែល​បាន​រស់​នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ២០១៣​មក ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ចិន បាន​ប្រាប់​ VOA តាម​ទូរស័ព្ទ​ថា៖

«អ្នក​ដែល​មាន​ការ​យល់ដឹង​ត្រឹមត្រូវ​ឃើញ​ថា នៅ​ពី​ក្រោយ​ការ​ចោទប្រកាន់​ទាំង​នោះ លោក Jiang មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ប៉ុន្តែ​គឺ​លោក​បាន​គាំទ្រ​ក្រុម​ដែល​មិន​មាន​សំឡេង​នៅ​ក្នុង​សង្គម​ ដើម្បី​បុព្វហេតុ​សង្គម​តែ​ប៉ុណ្ណោះ»។

មុន​ពេល​ការ​ចាប់​ខ្លួន​របស់​លោក​កាល​ពីខែ​វិច្ឆិកា លោក Jiang វ័យ​ ៤៦ ឆ្នាំ​រូប​នេះ បាន​ធ្វើការ​នៅ​លើ​រឿង​ក្តី​ធំៗ​ជា​ច្រើន ដូចជា​រឿង​ក្ដីក្រុម​អ្នក​ប្រតិបត្តិ​សាសនា Falun Gong រឿង​ក្ដី​បាតុករ​ទីបេ​ និង​ជនរងគ្រោះ​ក្នុងរឿងអាស្រូវ​ម្សៅ​ទឹកដោះគោ​ពុល​ឆ្នាំ ២០០៨ ជា​ដើម មុន​ពេល​លោក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​គាំពារ​សិទ្ធិ​មនុស្ស​របស់​លោក​ក្នុង​ឆ្នាំ ២០០៩។

លោក​បាន​រិះគន់​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នករិះគន់ ដែល​កន្លង​មក​រដ្ឋាភិបាល​បាន​ចាប់​មេធាវី​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រាប់​រយ​នាក់​ ដាក់​ឃុំឃាំង និង​កាត់​ទោស​ ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ មក។

ការ​ជំនុំជម្រះ​ក្ដី​ដ៏​អាម៉ាស់​មួយ​ទៀត

ទោះបីជា​មាន​ការ​ទង្គុក​ក្នុចិត្ត​ក៏ដោយ ក៏​អ្នកស្រី Jin ​និយាយ​ថា អ្នកស្រី​នៅ​តែ​គិត​ថា លោក​ Jiang ត្រូវ​បាន​គេ​ដាក់​ថ្នាំ និង​ធ្វើ​ទារុណកម្ម បន្ទាប់​ពី​ជាប់​ឃុំ​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយ​មិន​អាច​ជួប​ជាមួយ​នឹង​ក្រុម​គ្រួសារ ឬ​មេធាវី​ ដែល​ជ្រើស​ឡើង​ដោយ​ក្រុម​គ្រួសារ​របស់​លោក​ដដែល។

ពិសេស​ជាង​នេះ​ទៅ​ទៀត អ្នកស្រី​បាន​បន្ថែម​ថា ​ អ្នកស្រី​មាន​អារម្មណ៍​សោកសៅ​ នៅ​ពេល​ដឹង​ថា ឪពុក​ក្មេក​របស់​អ្នកស្រីត្រូវ​គេ​បង្ខំ​ឲ្យ​មាន​វត្តមាន​ នៅ​តុលាការ ដើម្បី​ ត្រូវ​អង្គុយ​មើល​ «ការ​ជំនុំជម្រះ​ក្តីដ៏​អាម៉ាស់» មួយ នៅ​ក្នុង​វ័យ​ជាង ៧០ ឆ្នាំ បន្ទាប់​ពី​ឪពុក​ក្មេក​របស់​អ្នកស្រី​ផ្ទាល់ធ្លាប់​បាន​ឆ្លងកាត់​សម័យ​កាល​បដិវត្តន៍​វប្បធម៌។

អ្នកស្រី​ Jin និយាយ​ថា អ្នកស្រី​គិត​ថា លោក Jiang និង​ឪពុក​ម្តាយ​របស់​លោក​អាច​នឹង​បាត់ខ្លួន នៅ​ពេល​អនាគត បន្ទាប់​ពី​តុលាការ​ដោះលែង​លោក Jiang ឲ្យ​នៅ​ក្រៅ​ឃុំ ដែល​ការណ៍​នេះ​ស្រដៀង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​មេធាវី Xie។

ប៉ុន្តែអ្នកស្រី​បាន​ប្ដេជ្ញា​ធ្វើ​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​ប្រព្រឹត្ត​មិន​គប្បី​លើ​លោក Jiang និង​ការ​ដោះលែង​ខ្លួន​លោក​ដោយ​ប្រញាប់ប្រញាល់។

ការ​ពង្រឹង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​រិះគន់

អ្នកស្រី Maya Wang អ្នកស្រាវជ្រាវ​អំពី​កិច្ចការ​ប្រទេស​ចិន​នៃ​អង្គការ Human Rights Watch បាន​និយាយ​ថា ការ​កាត់​ទោស​លោក Jiang ស្រដៀង​ទៅ​នឹង​ការ​កាត់ទោស​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត ដែល​មួយ​ចំនួន​ត្រូវ​គេ​បង្ខំ​ឲ្យ​សារភាព​ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ខណៈ​ដែល​អ្នក​ដទៃ​ទៀត​ដូចជា លោក​មេធាវី Zhou Shifeng ជា​ដើម នៅ​តែ​ទទួល​បាន​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ប្រាំ​ពីរ​ឆ្នាំ ទោះ​បី​ជា​ លោក​បាន​សារភាព​កំហុស​ក៏ដោយ។

អ្នកស្រី Wang បាន​ប្រាប់ VOA ថា៖

«វា​ពិបាក​នឹង​ជឿ​ថា គាត់​សារភាព​ចេញ​ពី​ចិត្ត​ណាស់។ ខ្ញុំ​គិត​ថា អ្វី​ដែល​បាន​បង្ហាញ​ឡើង​នេះ គឺ​ការ​ប្រើប្រាស់​អំណាច​តុលាការ​កាន់​តែ​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ [ដើម្បី​ដាក់​ទោស​លើ​សកម្មជន​សិទ្ធិ​មនុស្ស]។ ពិត​ណាស់ តុលាការ​ចិន​ ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ចិន»។

អ្នកស្រាវជ្រាវ​ ដែល​រស់​នៅ​ក្រុង​ហុងកុង​រូប​នេះ បន្ត​អះអាង​ថា ទោះ​បី​ជា​មាន​ការ​បន្ធូរបន្ថយ​មួយ​ចំនួន​នៃ​ការ​កាត់​ទោស​រឿង​នយោបាយ ដោយ​មាន​ការ​អនុញ្ញាត​ឲ្យ​ជួប​ក្រុម​គ្រួសារ​ និង​ការ​កាត់ទោស​ «បើក​ចំហ​ជា​សាធារណៈ» ក៏ដោយ​ ក៏​អ្វី​ទាំង​អស់​នេះ​ធ្វើ​ឡើង​ គ្រាន់​តែ​ជា​សញ្ញា​នៃ​ការ​ពង្រឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG