ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ចិន​នឹង​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​នៅ​កម្ពុជា​ក្នុង​ខែ​តុលា​នេះ


លោក ស៊ី ជិនពីង (Xi Jinping) ជា​ប្រធានាធិបតី​ប្រទេស​ចិន។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​ថា លោក ស៊ី ជិនពីង នឹង​មក​ទស្សនកិច្ច​ចំនួន​២​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ភាគី​ចិន​នៅ​មិន​ទាន់​ប្រាប់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​ និង​ព័ត៌មាន​លម្អិត​ពី​គម្រោង​សកម្មភាព​នៃ​​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។

ខណៈ​ពេល​ដែល​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​ត្រូវ​គេ​មើល​ឃើញ​ថា​ កាន់​តែ​កើន​ឡើង​នោះ នៅ​ក្នុង​ខែ​តុលា​នេះ ​លោក ស៊ី ជិនពីង (Xi Jinping) នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​កម្ពុជា​ក្នុង​នាម​ជាប្រធានាធិបតី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា។​

អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក វ៉ាង សៀហុង (Wang Xiaohong) អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ និង​ជា​ស្នងការ​នគរបាល​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក នេត សាវឿន សរសេរ​បន្ត​ថា៖

«ឯកឧត្តម វ៉ាង សៀហុង បាន​បញ្ជាក់​ពី​គោលបំណង​ថា ការណ៍​ដែល​ឯកឧត្តម​មក​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ដើម្បី​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​ឯកឧត្តម​ប្រធានាធិបតី​ចិន ដែល​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ខែ​តុលា ឆ្នាំ២០១៦ ខាង​មុខ​នេះ និង​គោលបំណង​មួយ​ទៀត​គឺ មក​ជំរុញ​ពី​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ»។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​ថា លោក ស៊ី ជិនពីង នឹង​មក​ទស្សនកិច្ច​ចំនួន​២​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ភាគី​ចិន​នៅ​មិន​ទាន់​ប្រាប់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​ និង​ព័ត៌មាន​លម្អិត​ពី​គម្រោង​សកម្មភាព​នៃដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា សមត្ថកិច្ច​កម្ពុជា​បាន​ត្រៀម​រៀបចំ​កិច្ចការពារ​សុវត្ថិភាព​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​រួចរាល់​ហើយ។

លោក​មាន​ប្រសាសន៍៖

«ខ្ញុំ​អត់​ប្រាកដ​ដែរ​ហ្នឹង ​ទាល់​តែ​សួរ​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ ព្រោះ​កម្រិត​ខ្ពស់​ពេក។ ខ្ញុំ​ដឹង​តែ​ថា​មាន​ការ​ទស្សនកិច្ច​ និង​រៀបចំ​ការងារ​ការពារសុវត្ថិភាព​អី​ប៉ុណ្ណឹង»។

លោក ជុំ សន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់ ​VOA ថា លោក​ទទួល​បាន​ព័ត៌មាន​នៃ​ដំណើរ​ទស្សនកិច្ច​នេះ តែ​លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណឹងផ្លូវការ​ និង​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា៖

«ខាង​ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​រឿង​ហ្នឹង​ទេ​ណា៎! កំពុង​ទាក់ទង​ដើម្បី​ប្រមូល​ព័ត៌មានរៀបចំ​ធ្វើ Press Release (សេចក្ដី​ប្រកាស​ព័ត៌មាន) ហើយ​អត់​ទាន់​បាន​ទទួល ​Schedule (កាល​វិភាគ) នៃ​ទស្សនកិច្ច​ហ្នឹង​ទេ​បាទ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​រង​ការ​រិះគន់​ពី​បណ្ដា​បស្ចិមប្រទេស​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​គេ​យល់​ថា ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​យល់​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីចិន​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ពិភពលោក​ ​មាន​សារៈសំខាន់​ខ្លាំងសម្រាប់​កម្ពុជា។ លោក​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ចិន​ចង់​បង្ហាញ​ថា​ ខ្លួន​ចង់​ចាប់​ដៃ​គូ​យូរ​អង្វែង​ជាមួយ​កម្ពុជា​ ក៏​ដូច​ជា​ចង់​ផ្ញើ​សារ​ទៅ​ប្រទេស​ផ្សេង​ទៀតជា​សមាជិក​អាស៊ាន​ដែល​មិន​មាន​ទំនាស់​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ក្នុង​តំបន់។

លោក អ៊ូ វីរៈ បន្ថែម​ថា ការ​កើន​ឡើង​នៃ​ចំណង​ទំនាក់ទំនងជាមួយ​ចិន​បាន​នាំ​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ជំនួយ​ពីប្រទេស​លោក​ខាង​លិច​ ហើយ​ងាក​ទៅ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ចិន​ច្រើន​ជាង​ដែល​មិន​មាន​កំណត់​លក្ខខណ្ឌ​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន​នឹង​អាច​នាំ​ឱ្យ​មាន​ផល​វិបាក​ដល់​កម្ពុជា​នា​ពេល​អនាគត។

លោក​ពន្យល់​ថា៖

«ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ភាគ​ច្រើន​នេះ​ គឺ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​នេះ​អត់​ឯករាជ្យ​ពី​ចិន​ទេ។ ហើយ​ពេល​ណា​ដែល​សេដ្ឋកិច្ច​អត់​ឯករាជ្យ នយោបាយ​ក៏​អត់​អាច​ឯករាជ្យ​បាន​ដែរ​ ហើយ​ខ្ញុំ​មើល​ទៅ ដោយសារ​អ៊ីចឹង​ហើយ រឿង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រឈម​កាន់​តែ​ខ្លាំង​ទៅ​អនាគត។ ១០​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​មើល​ទៅ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​កាន់​តែ​ប្រឈម​កាន់​តែខ្លាំង​ជាង​មុន​បាទ»។

ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ និង​កម្ចី​មិន​មាន​លក្ខខណ្ឌ​តឹងតែង​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ឱ្យប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​២​ទសវត្ស​ចុង​ក្រោយ។ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​ក៏​បាន​ផ្ដល់​ជំនួយ​ឲ្យ​មាន​លក្ខណៈ​ស៊ីមេទ្រី​គ្នា​ជាមួយ​នឹង​ជំនួយ​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រហាក់ប្រហែល​គ្នា​ផង​ដែរ។ ចំណែក​ក្នុង​ឆ្នាំ​២០១៦​នេះ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយដល់​កម្ពុជា​យ៉ាង​ហោច​ណាស់​៦០០​លាន​ដុល្លារ ធ្វើ​ឱ្យ​ចិន​ក្លាយ​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន​បំផុត​ដល់​កម្ពុជា។

ទស្សនកិច្ច​លើក​ចុង​ក្រោយ​របស់​លោក ស៊ី ជិនពីង មក​កាន់​កម្ពុជា ​គឺ​ធ្វើ​ឡើងកាល​ពី​ឆ្នាំ​២០០៩ ដែល​ពេល​នោះ​លោក​គឺ​ជា​អនុ​ប្រធានាធិបតី​ចិន៕

XS
SM
MD
LG