ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jingping) ទៅកាន់ប្រទេសហ្វីលីពីន នៅខែវិច្ឆិកានេះ នឹងផ្តោតសំខាន់លើគម្រោងផ្តល់ជំនួយអភិវឌ្ឍដល់ប្រទេសហ្វីលីពីន និងការវិវត្តទៅមុខនៃកិច្ចខិតខំប្រឹងប្រែងរួមមួយរវាងប្រទេសទាំងពីរ ក្នុងការរុករកធនធានប្រេងឥន្ធនៈពីបាតសមុទ្រ នៅក្នុងប្រទេសហ្វីលីពីន ដែលមានសេដ្ឋកិច្ចកំពុងតែប្រែប្រួល។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិន ទៅកាន់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសនេះបានជ្រើសតាំងលោក Rodrigo Duterte ជាប្រធានាធិបតី ដែលការឡើងកាន់តំណែងរបស់លោក បានធ្វើឲ្យប្រទេសលោកខាងលិច និងប្រជាពលរដ្ឋហ្វីលីពីន មានការភ្ញាក់ផ្អើល នៅពេលដែលលោក Duterte បានពង្រឹងទំនាក់ទំនងជាមួយចិន បន្ទាប់ពីលោកបានឡើងកាន់តំណែងនៅឆ្នាំ២០១៦។ មុនឆ្នាំ២០១៦ រដ្ឋាភិបាលចិន និងហ្វីលីពីន មានជម្លោះដែនអធិបតេយ្យភាពដ៏ជូរចត់នៅតំបន់សមុទ្រចិនខាងត្បូង។
ដោយសារតែភាគីទាំងពីរព្យាយាមមិនពិភាក្សាអំពីជម្លោះដែនអធិបតេយ្យភាពនៅដែនសមុទ្រនេះ អ្នកវិភាគរំពឹងថា មេដឹកនាំនៃប្រទេសទាំងពីរ នឹងផ្តោតលើអនុសាសន៍នានាដែលចិនអាចជួយហ្វីលីពីនក្នុងការស្ថាបនាផ្លូវដែក ស្ពាន និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ គឺស្ថិតនៅក្រោមគោលនយោបាយ “Buid, Build, Build” ឬហៅថា «សាងសង់ សាងសង់ សាងសង់» រយៈពេល៥ឆ្នាំរបស់លោក Duterte ដែលគ្រោងចំណាយជាទឹកប្រាក់ប្រមាណ១៦៩ពាន់លានដុល្លារអាមេរិក។
ស្របពេលជាមួយគ្នានោះ មេដឹកនាំទាំងពីរ អាចនឹងប្រកាសពីដំណើរវិវត្តន៍ទៅមុខនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ក្នុងការរុករកធនធានប្រេងឥន្ធនៈនៅបាតសមុទ្រក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការរំពឹងទុករបស់អ្នកវិភាគមួយចំនួន។
អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យហ្វីលីពីន Diliman បានលើកឡើងថា៖ «រដ្ឋាភិបាលទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ជាពិសេសកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រគោលនយោបាយសាងសង់របស់រដ្ឋាភិបាលហ្វីលីពីន រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត ដូចជាការរុករកធនធានប្រេងឥន្ធនៈរួមគ្នាជាដើម»។
ថវិកាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី
ចិនបានសន្យាផ្តល់ជំនួយអភិវឌ្ឍ និងការបណ្តាក់ទុនជាទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារ កាលពីឆ្នាំ២០១៦ នៅពេលដែលលោក Duterte បានធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន។ ចិនបាននិងកំពុងអនុវត្តគម្រោងផ្តល់ជំនួយ និងការបណ្តាក់ទុនរបស់ខ្លួន ស្ទើរតែគ្រប់បណ្តាប្រទេសទាំងឡាយនៃតំបន់អាស៊ី ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ «ខ្សែក្រវ៉ាត់ និងផ្លូវ» (Belt-and-Road Initiative) របស់ចិន ដើម្បីបង្កើតផ្លូវពាណិជ្ជកម្មអន្តរជាតិមួយ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។
ពលរដ្ឋហ្វីលីពីនខ្លះ មានចម្ងល់ថា តើចិននឹងមានឆន្ទៈដល់កម្រិតណាក្នុងការផ្តល់ជំនួយតាមការសន្យារបស់ខ្លួន ហើយថាតើហ្វីលីពីនអាចនឹងធ្លាក់ខ្លួនជាប់បំណុលចិន ដូចប្រទេសប៉ាគីស្ថាន និងស្រីលង្កាដែរឬយ៉ាងណា បន្ទាប់ប្រទេសទាំងពីរនេះបានទទួលប្រាក់កម្ចីពីចិន។
លោក Christian de Guzman អនុប្រធាន និងមន្ត្រីជាន់ខ្ពស់ផ្នែកឥណទាននៃក្រុមហ៊ុន Moody's ប្រចាំប្រទេសសិង្ហបុរី បានលើកឡើងថា៖ «មានការសន្យាជាច្រើនពីចិន តែការអនុវត្តជាក់ស្តែងនៃផ្នែកខ្លះនៃការសន្យាទាំងនោះ មិនទាន់ឃើញនៅឡើយទេ ដូច្នេះ យើងគួរតែចាំមើល ថាតើការអនុវត្តជាក់ស្តែងនឹងកើតឡើងនាពេលខាងមុខ ឬក៏យ៉ាងណា»?
យោងតាមសារព័ត៌មានក្នុងស្រុក នៅពេលដែលលោក ស៊ី ជីងពីង នឹងធ្វើដំណើរទស្សនកិច្ចនៅហ្វីលីពីន ដែលកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ ក្រោយថ្ងៃទី១៨ ខែវិច្ឆិកានៅឡើយនោះ លោកប្រធានាធិបតី ស៊ី និងលោក Duterte នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីជាទឹកប្រាក់ចំនួន៣ពាន់៣រយលានដុល្លារ (៣,៣ពាន់លានដុល្លារ) ដើម្បីជួយដល់គម្រោងសាងសង់ផ្លូវដែកពីរដ្ឋធានីម៉ានីលទៅកាន់តំបន់ឆ្នេរ Bicol។ គម្រោងនេះគឺជាផ្នែកមួយនៃកម្មវិធីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងរបស់លោក Duterte ដែលនឹងចំណាយជាទឹកប្រាក់ចំនួន ១៦៩ពាន់លានដុល្លារ ដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២២។
ចិនក៏នឹងត្រូវបានគេរំពឹងថា នឹងជួយផ្តល់មូលនិធិជាទឹកប្រាក់ចំនួន៦០៦លានដុល្លារ ដល់គម្រោងផ្លូវដែកមួយខ្សែ ដែលបានរងការខូចខាតខ្លាំង នៅកោះ Mindanao ដ៏ក្រីក្រ ដែលសម្បូរដោយធនធានជាច្រើន។
ប្រទេសហ្វីលីពីនកំពុងខិតខំសាងសង់ផ្លូវដែក ព្រលានយន្តហោះ និងកំពង់ផែថ្មីៗ ដើម្បីទាក់ទាញវិនិយោគទុនបរទេស។ អ្នកវិនិយោគទុន ពេញចិត្តនឹងកម្លាំងពលកម្មថោក និងកម្មករដែលមានជំនាញ ហើយដែលអាចនិយាយភាសាអង់គ្លេសបានរបស់ប្រទេសហ្វីលីពីន ប៉ុន្តែពួកគេភាគច្រើនមិនសូវមកបណ្តាក់ទុននៅក្នុងប្រទេសនេះទេ ដោយសារតែតម្លៃដឹកជញ្ជូន និងតម្លៃអគ្គិសនីថ្លៃ។
ការរុករកប្រេង និងឧស្ម័ន
រដ្ឋាភិបាលទាំងពីរបានពិភាក្សាគ្នាជាច្រើនលើកក្នុងឆ្នាំនេះ អំពីកិច្ចព្រមព្រៀងមួយដើម្បីរុករកប្រេងនិងឧស្ម័នរួមគ្នា នៅតំបន់ឆ្នេរហ្វីលីពីន គឺកោះ Palawan។ ហ្វីលីពីនសង្ឃឹមថានឹងទាញយកធនធានឥន្ធនៈពីបាតសមុទ្រ ហើយនឹងកាត់បន្ថយការពឹងពាក់លើការនាំចូលប្រេងដែលមានតម្លៃកាន់តែថ្លៃ ដែលនេះគឺជាមូលហេតុមួយនៃកំណើនអត្រាអតិផរណាតាំងពីខែសីហាមក។
អ្នកជំនាញខាងសេដ្ឋកិច្ច លើកឡើងថា ប្រទេសហ្វីលីពីន ត្រូវការជំនាញនិងការបណ្តាក់ទុកពីបរទេសដើម្បីទាញយកថាមពលឥន្ធនៈពីបាតសមុទ្រនេះ។
ចិនសង្ឃឹមថា ការរុករករួមគ្នានេះ នឹងជួយលើកកម្ពស់កិត្តិនាមចិន ក្នុងនាមជាប្រទេសជិតខាងដ៏គំរូមួយ នៅតំបន់អាស៊ី បន្ទាប់ពីចិនបានធ្វើឲ្យប្រទេសហ្វីលីពីន និងរដ្ឋាភិបាលនៃប្រទេស៥ផ្សេងទៀតព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អំពីការពង្រីកមូលដ្ឋានយោធារបស់ខ្លួននៅតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការវិភាគរបស់អ្នកជំនាញ។ មានពេលខ្លះ ប្រទេសមួយចំនួនបានងាកទៅរកសហរដ្ឋអាមេរិកដើម្បីជំនួយ នៅពេលដែលប្រទេសទាំងនេះព្រួយបារម្ភខ្លាំងពីការពង្រីកមូលដ្ឋានយោធារបស់ចិន។
កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន ត្រូវបានដកស្រង់ពាក្យសម្តីដោយលោកបានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងមានឆន្ទៈក្នុងការទទួលយកផលប្រយោជន៍ត្រឹមតែ៤០ភាគរយពីការរុករកប្រេងឥន្ធនៈ នៅតំបន់សមុទ្រចិនខាងត្បូង ដែលភាគីទាំងពីរទាមទារកាន់កាប់។
លោក Ramon Casiple នាយកប្រតិបត្តិប្រចាំអង្គការតស៊ូមតិឈ្មោះ វិទ្យាស្ថានដើម្បីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងនយោបាយ (Institute for Political and Electoral Reform) នៅទីក្រុងម៉ានីល សន្និដ្ឋានថា ប្រធានាធិបតីនៃប្រទេសទាំងពីរប្រហែលជានឹងពិភាក្សាគ្នាពីការរុករកធនធានប្រេងនេះ រួមទាំងការសម្រេចឲ្យបានគោលដៅរួមគ្នាមួយលើកិច្ចព្រមព្រៀងនានា ដោយមិនប៉ះពាល់ដល់បញ្ហាដែនអធិបតេយ្យភាព។
លោកបានលើកឡើងថា៖ «ខ្ញុំគិតថា ប្រធានបទដែលនឹងត្រូវយកមកពិភាក្សា គឺផ្តោតសំខាន់លើការធានាសម្រេចឲ្យបានលើកិច្ចព្រមព្រៀងនានា និងអនុសាសន៍នានាក្នុងការសហការគ្នាពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិន និងតំបន់ផ្សេងៗទៀត»។
ជាមួយគ្នានោះ អ្នកស្រី Atienza ក៏បានលើកឡើងថា ពលរដ្ឋហ្វីលីពីនខ្លះ ចង់ឲ្យមេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីការបៀតបៀនមកលើទូកនេសាទហ្វីលីពីន ដោយកប៉ាល់ដឹកទំនិញចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលបញ្ហានេះត្រូវបានរាយការណ៍ជាបន្តបន្ទាប់។ ក៏ប៉ុន្តែ អ្នកស្រីយល់ថា លោក Duterte មានគោលនយោបាយគេចវេសពីការពិភាក្សាដែលពាក់ព័ន្ធនឹងជម្លោះដែនអធិបតេយ្យភាព ក្នុងការទាក់ទងជាមួយចិន។
យោងតាមតួលេខរបស់រដ្ឋាភិបាលហ្វីលីពីន ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីងពីង ទៅកាន់ប្រទេសហ្វីលីពីន នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៨ ដោយមេដឹកនាំចិនទៅកាន់ប្រទេសនេះ ចាប់តាំងពីប្រទេសចិន និងហ្វីលីពីនបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៧៥មក៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត