ប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) បានស្នើឲ្យមានសហប្រតិបត្តិការជាសាកលលើការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត។
ដោយថ្លែងនៅថ្ងៃពុធនេះ នៅក្នុងសន្និសីទលើកទី២ស្តីពីប្រព័ន្ធអ៊ីនធឺណិតពិភពលោកដែលដឹកនាំដោយចិននៅក្នុងខេត្ត Wuzhen លោកស៊ីបានមានប្រសាសន៍ថា គ្រប់ប្រទេសទាំងអស់គួរតែសហការគ្នាបង្កើតប្រព័ន្ធគ្រប់គ្រងអ៊ីនធឺណិតមួយ ដែលអាចបញ្ចប់ការបំពានលើបច្ចេកវិទ្យាព័ត៌មាន ប្រឆាំងនឹងការឈ្លបយកការណ៍លើប្រព័ន្ធអ៊ីនធឺណិត និងការលួចចូលទាញយកទិន្នន័យក្នុងកុំព្យូរទ័រ និងប្រឆាំងនឹងអ្វីដែលលោកហៅថាជា «ការប្រយុទ្ធលើប្រព័ន្ធអ៊ីនធឺណិត»។
អ្នកតំណាងនៃក្រុមហ៊ុនធំៗបំផុតលំដាប់ពិភពលោកជាច្រើនបានទៅចូលរួមក្នុងសន្និសីទនោះ ដោយរួមមានទាំងក្រុមហ៊ុន Microsoft ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Baidu និង Alibaba ផងដែរ។គណបក្សកុម្មុយនីស្តចិនដែលកាន់អំណាច ត្រួតត្រាយ៉ាងតឹងរឹងលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេស ដោយបានរារាំងមិនឲ្យប្រើប្រាស់កម្មវិធីអ្វីដែលទំនងជាអាសអាភាស ឬប្រឆាំងនឹងរដ្ឋាភិបាលដោយសម្ងាត់នោះទេ។
អង្គការសិទ្ធិមនុស្ស Amnesty International បានចេញសេចក្តីថ្លែងការណ៍មួយដោយបានស្នើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់បដិសេធនឹងអ្វីដែលអង្គការនេះហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការជះឥទ្ធិពលទៅលើការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងពិភពលោក តាមរយៈការត្រួតត្រាលើការបញ្ចេញមតិដោយសេរីនិងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»។