ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តម្រូវ​ការ​យឺតយ៉ាវ​និង​ការ​ចំណេញ​ពី​សង្វាក់​ផ្គត់ផ្គង់​នៅ​ចិន​បាន​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច

  • Ralph Jennings

ផែនទី​បង្ហាញ​ពី​កោះ​តៃវ៉ាន់។ តម្រូវ​ការ​យឺតយ៉ាវ​និង​ការ​ចំណេញ​ពី​សង្វាក់​ផ្គត់ផ្គង់​នៅ​ចិន​បាន​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។

កោះ​តៃវ៉ាន់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញ​និង​សេវាកម្ម​ ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់ៗ​គ្នា។ កោះ​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​១៩ ​នៅ​លើ​ពិភពលោក​មួយ​នេះ​និយាយ​ថា​ ខ្លួន​កំពុង​តែ​បាត់បង់​អាទិភាព​ទៅ​ប្រទេស​ចិន​ដែល​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​កំពុង​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស។ ទីផ្សារ​នាំ​ចេញ​ធំៗ​របស់​កោះ​តៃវ៉ាន់​ក៏​ឈប់​ទិញ​ទំនិញ​ច្រើន​ដូច​ពេល​មុន​ដែរ។

សេដ្ឋកិច្ច​ទំហំ​៥០០​ពាន់​លាន​(ប៊ី​លាន)ដុល្លារ​របស់​កោះ​តៃវ៉ាន់​ គឺ​ផ្តោត​ទៅ​លើ​ការ​នាំ​ចេញដែល​បាន​ដំណើរ​ការ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ ក៏​ប៉ុន្តែ​យោងតាម​ការ​បក​ស្រាយ​ពី​សំណាក់​អ្នក​សេដ្ឋសាស្ត្រ​ជាច្រើនបាន​ឲ្យ​ដឹង​ថា​ កោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​នេះ​ ដែល​ផលិត​នូវ​ផលិតផល​ផ្លាស្ទីក​ គ្រឿង​ម៉ាស៊ីន ​និង​គ្រឿង​ប្រើប្រាស់​អេឡិចត្រូនិច​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ទី​បី​នា​ឆ្នាំ​នេះ។ សេដ្ឋកិច្ច​របស់​កោះ​នេះ​បាន​រូម​តូច​មក​នៅ​ត្រឹម​០,៣ភាគរយ​ ពី​ខែ​កក្កដា រហូត​ដល់​ខែ​កញ្ញា​ បើ​ប្រៀប​ជាមួយ​នឹង​ត្រីមាស​មុន ​ដែល​គេ​ឃើញ​មាន​ការ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១,១៤​ភាគរយ។

ការិយាល័យ​ថវិកា​ និង​គណនេយ្យ​របស់​កោះ​តៃវ៉ាន់​បាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​នានា​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ និង​ការ​រឹត​បន្តឹង​លើ​សេដ្ឋកិច្ច​ប្រទេស​នេះ​ដោយ​ការ​ប្រកួតប្រជែង​នៃ​សង្វាក់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​ចិន។ លោក​ Andrew Tsai​ អ្នក​សេដ្ឋសាស្ត្រ​ប្រចាំ​ក្រុមហ៊ុន​ KGI Securities នៅ​ក្រុង​តៃប៉ិ​ (Taipei) បាន​បក​ស្រាយ​ពី​ហេតុផល​ដែល​ប្រទេស​ចិន​កំពុង​តែ​មាន​ភាព​ប្រសើរ​ជាង​កោះ​តៃវ៉ាន់។

លោក​មាន​និយាយ​ថា នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​ចាត់​ទុក​ការ​រួម​តួច​នៃ​ការ​នាំ​ចេញ​ជា​អាទិភាពនោះ​ ប្រទេស​នេះ​ក៏​មាន​បំណង​លក់​ផលិតផល​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ។ លោក​ Tsai បាន​បន្ត​ថា ប្រទេស​ចិន​បាន​រក​ឃើញ​ថា​ ការ​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ចេញដែល​មាន​ផល​ចំណេញ​តិច​តួច​តែ​មួយ​មុខ​នោះ ​មិន​អាច​រក្សា​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​បាន​ទេ ដូច​នេះ​ប្រទេស​ចិន​បាន​ប្រើ​ប្រាស់​ការ​បង្កើនស្តង់ដារ​សហគ្រាសដើម្បី​ធ្វើ​ជា​កត្តា​ជំរុញ។

វិនិយោគិន​ពី​កោះ​តៃវ៉ាន់​ធ្លាប់​បាន​នាំ​យក​គ្រឿង​សម្ភារៈ​ផ្សេងៗ​ពី​ក្នុង​ស្រុក​របស់​ពួក​គេ​ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​មក​កាន់​ប្រទេស​ចិន​មាន​តម្លៃ​ថោក​ ហើយ​បាន​បញ្ជូន​ផលិតផល​ទាំង​នោះ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ក៏​ប៉ុន្តែ​ ប្រទេស​ចិន​នា​ពេល​នេះ​ មាន​សង្វាក់​ផ្គត់ផ្គង់​ដែល​មាន​ភាព​ល្អ​ប្រសើរ​ ហើយ​គុណភាព​បាន​កើន​ឡើង​នៅ​ស្របពេល​ដែល​ចិន​បាន​យល់​ដឹង​កាន់​តែ​ច្រើន​ពី​ការ​ត្រួត​ពិនិត្យ​តាម​រោងចក្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ក្រុម​អ្នក​វិភាគ​បាន​ហៅ​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​ថា​ មាន​លក្ខណៈ​រឹង​មាំ​ខ្លាំង​ ហើយ​សង្វាក់​ផ្គត់ផ្គង់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ប្រាក់​ចំណូល​១៣១ពាន់​លាន(ប៊ីលាន)​ដុល្លារ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កោះ​តៃវ៉ាន់។

ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​បញ្ជា​ទិញ​ជា​រៀងរាល់​ខែ​ចាប់​តាំង​ពី​ខែ​មេសា​មក​ បាន​បង្ហាញ​ឲ្យ​ដឹង​មុន​ពី​ការ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់។ កោះ​តៃវ៉ាន់​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ៦០​ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ ហើយ​ការ​បញ្ជា​ទិញ​ជា​ធម្មតា​បាន​កើន​ឡើង​ក្នុង​កម្រិត​មធ្យម​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

ការ​ចំណាយ​តិចតួច​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​ធំៗ​ក្នុង​ប្រទេស​ចិន ​និង​ទីផ្សារ​អឺរ៉ុប​ បាន​បង្ក​ការ​ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​កោះ​តៃវ៉ាន់​តាម​ប្រភេទ​ទំនិញ​ផ្សេងៗ។ អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ចិន​មាន​ការ​ស្ទាក់ស្ទើរ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​ខ្លួន​បាន​ថយ​ចុះ។ បញ្ហាសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​បាន​ប៉ះពាល់​ដល់​ការ​ចំណាយ​នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន។

តម្លៃ​ប្រេង​ឆៅ​ទាប​ជាង​មុន​នៅ​លើ​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ បាន​បង្ក​ការ​ប៉ះពាល់​លើ​ក្រុមហ៊ុន​ឥន្ធនៈ​គីមី​របស់​តៃវ៉ាន់​ ដែល​បាន​បញ្ជា​ទិញ​ការ​ផ្គត់ផ្គង់​ទុក​ជាមុនក្នុង​អត្រា​មួយ​ខ្ពស់។

សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់​បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ​ចាប់​តាំង​ពី​មាន​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩ ដែល​វិបត្តិ​សេដ្ឋកិច្ច​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​មួយ​ភាគ​ធំ ​បន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។ អ្នក​សេដ្ឋសាស្ត្រ​និយាយ​ថា ​ការ​ឈប់​សម្រាក​ចុង​ឆ្នាំ​នៅ​បស្ចឹម​ប្រទេស​អាច​បង្កើន​ការ​បញ្ជា​ទិញ​កុំព្យូទ័រ​ ទូរស័ព្ទ​ទំនើប​ និង​ផលិតផល​ឥន្ធនៈ​គីមី​ ពី​កោះ​តៃវ៉ាន់។ ការិយាល័យ​ថវិកា​ព្យាករណ៍​ថា​ នឹង​មាន​កំណើន​សេដ្ឋកិច្ច​២,៣២​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ ជាមួយ​នឹង​តម្រូវការ​នាំ​ចេញ​ខ្លាំង​ជាង​មុន៕

ប្រែ​សម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG