រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានចាប់ផ្តើមការចរចាត្រីភាគីអំពីការតានតឹងនៅក្នុងតំបន់។ ពួកមេដឹកនាំទាំងនេះត្រូវគេរំពឹងនឹងពិភាក្សាពីជម្លោះទឹកដី ប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់សហរដ្ឋអាមេរិក និងបញ្ហាប្រទេសកូរ៉េខាងជើងក្នុងអំឡុងនៃជំនួបរបស់ពួកគេនៅក្នុងរាជធានីតូក្យូ។
លោក Fumio Kishida រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន បានស្វាគមន៍លោក Wang Yi រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន និងលោក Yun Byung-Se នៃប្រទេសកូរ៉េខាងត្បូងនៅក្នុងការទទួលទានអាហារពេលល្ងាចមួយកាលពីថ្ងៃអង្គារ មុនពេលការចរចាផ្លូវការនៅថ្ងៃពុធនេះ។
គេមិនរំពឹងថាពួកលោកនឹងចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីជំនួបនោះទេ។ ក៏ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា អ្នកនាំពាក្យប្រទេសកូរ៉េខាងត្បូង បាននិយាយថា អ្នកការទូតទាំង៣ នឹងបញ្ចប់ការចរចានៅថ្ងៃពុធនេះដោយមានសន្និសីទកាសែតមួយ។ ជាពិសេស ការតានតឹងរវាងរដ្ឋាភិបាលទីក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងប៉េកាំងបានឡើងកម្រិតខ្ពស់នៅពេលដែលជម្លោះទឹកដីរីកកាន់តែធំឡើង លើការទាមទារប្រជុំកោះដែលគេស្គាល់ថា Senkaku ជាភាសាជប៉ុនហើយនិង ដៃយូ ជាភាសាចិន។
ពួកមន្រ្តីចិន ក៏បានសំដែងនូវក្តីទោមនស្សជាមួយកូរ៉េខាងត្បូងដែលបានទទួលប្រព័ន្ធកាំជ្រួចការពាររបស់សហរដ្ឋអាមេរិកដែលគេស្គាល់ថា THAAD ដែលមានគោលបំណងទាក់ស្កាត់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានសំដែងនូវក្តីព្រួយកង្វល់ថា ប្រព័ន្ធការពារកាំជ្រួចនោះ មានគោលបំណងស្ថាបនាអំណាចរបស់អាមេរិកនៅក្នុងតំបន់ ហើយនេះជាប្រព័ន្ធរ៉ាដាដ៏ខ្លាំងបំផុតដែលនឹងត្រូវប្រើប្រាស់ដើម្បីឃ្លាំមើលសកម្មភាពយោធារបស់ចិននៅក្នុងតំបន់អាស៊ីភាគឦសាន្ត៕