នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមនូវសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ខ្លួន នៅក្រោមការគំរាមកំហែងសងសឹកដោយកម្លាំងយោធាពីប្រទេសកូរ៉េខាងជើង។
កងកម្លាំងសហរដ្ឋអាមេរិកចំនួនប្រហែល ២ ម៉ឺន ៥ ពាន់នាក់ និងទាហានកូរ៉េខាងត្បូង ៥ ម៉ឺននាក់ បានចូលរួមនៅក្នុងប្រតិបត្តិការសមយុទ្ធយោធា Ulchi Freedom ដែលមានរយៈពេល ២ សប្ដាហ៍។ ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនេះ ជាទូទៅធ្វើឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងមានការខឹងសម្បារ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនមើលឃើញសមយុទ្ធនេះថាជាការហាត់សមដើម្បីត្រៀមធ្វើការឈ្លានពានប្រទេសកូរ៉េខាងជើងពេញទំហឹង ទោះបីជាមានការបញ្ជាក់អះអាងពីរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាការធ្វើសមយុទ្ធនេះគឺក្នុងលក្ខណៈការពារខ្លួនក៏ដោយ។
របាយការណ៍ដែលចេញផ្សាយដោយទាហានកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា កងទាហានវាយប្រហារទីមួយរបស់ប្រទេសកូរ៉េខាងជើង បានត្រៀមរួចរាល់ហើយក្នុងការធ្វើឲ្យសហរដ្ឋអាមេរិក និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្លាយជាគំនរផេះផង់តាមរយៈការវាយប្រហារអាវុធនុយក្លេអ៊ែរការពារទប់ទល់តាមស្ទីលរបស់កូរ៉េមួយ ប្រសិនបើអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើងត្រូវបានគំរាមកំហែងនោះ។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមប្រទេសកូរ៉េទាំងពីររបស់ប្រទេសកូរ៉េខាងត្បូងលោក Jeong Joon-hee បាននិយាយថា៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំង ដែលប្រទេសកូរ៉េខាងជើងបានបំភ្លៃការពិត និងបានចោទប្រកាន់ការធ្វើសមយុទ្ធការពារខ្លួនប្រចាំឆ្នាំរបស់ពួកយើងថាជាការឈ្លានពានប្រទេសកូរ៉េខាងជើង។ យើងចាត់ទុកសកម្មភាព និងការលើកឡើងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងការគំរាមកំហែងពួកយើងដោយការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនោះ ជាសកម្មភាពដ៏គួរឲ្យសោកស្ដាយបំផុត ដែលមិនគួរលើកឡើងនោះទេ»។
ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសកូរ៉េខាងជើងត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ និងការសាកល្បងបាញ់គ្រាប់មីស៊ីលរបស់ខ្លួន។ ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើងក៏កាន់តែឡើងកម្ដៅផងដែរ បន្ទាប់ពីមន្ត្រីទូតជាន់ខ្ពស់លោក Thae Yong Ho របស់កូរ៉េខាងជើងប្រចាំទីក្រុងឡុង ប្រទេសអង់គ្លេសបានរត់គេចខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង៕