ក្រុមមន្ត្រីរបស់ប្រទេសតង់សានី (Tanzania) បានប្រកាសពីការចាប់ខ្លួនស្រ្តីជំនួញជនជាតិចិនម្នាក់ ដែលក្រុមមន្រ្តីតង់សានីបានហៅថាជា «ឈ្មួញភ្លុកដ៏សំខាន់បំផុត។ ការចាប់ខ្លួនឈ្មួញដ៏សំខាន់បែបនេះមិនដែលមានទេនៅក្នុងប្រទេសនេះ»។
ស្រ្តីដែលគេហៅថាជា «ម្ចាស់ក្សត្រីគ្រឿងភ្លុក» នេះមានឈ្មោះថា Yang Feng Glan អាយុ ៦៦ឆ្នាំ ត្រូវបានជាប់ចោទថាជាមេដឹកនាំឈ្មួញខុសច្បាប់មួយក្រុម។ ការចាប់ខ្លួនស្រ្តីរូបនេះត្រូវបានចាត់ទុកថាជាជ័យជំនះដ៏ធំមួយក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងអ្នកប្រមាញ់សត្វដំរីខុសច្បាប់។
ក្រុមអាជ្ញាធរនិយាយថា ស្រ្តីរូបនេះជាដើមហេតុជួញដូរគ្រឿងភ្លុកក្នុង «បរិមាណយ៉ាងច្រើន» ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកជំនួញភេទស្រីរូបនេះមានស្រុកកំណើតនៅទីក្រុងប៉េកាំង ប៉ុន្តែបានមករស់នៅប្រទេសតង់សានី កាលពីឆ្នាំ១៩៧៥ ដោយប្រកបរបរជាអ្នកបកប្រែ។
យោងតាមអង្គការសម្ព័ន្ធសកម្មភាពសត្វដំរី ដែលជាអង្គការមិនស្វែងរកកម្រៃ បានឲ្យដឹងថា ស្រ្តីរូបនេះបានផ្លាស់ទៅប្រទេសអ៊ូហ្គង់ដា (Uganda) នាពេលថ្មីៗនេះ ប៉ុន្តែបានត្រឡប់មកប្រទេសតង់សានីវិញ ហើយត្រូវបានចាប់ខ្លួនភ្លាមៗតែម្តង។
លោក Andrea Crosta ជាសហស្ថាបនិកមួយរូបរបស់អង្គការសម្ព័ន្ធសកម្មភាពសត្វដំរី និងអង្គការអភិរក្សសត្វដំរីដែលមានឈ្មោះថា WildLeaks បានថ្លែងនៅក្នុងសុន្ទរកថាមួយថា «នេះជាដំណឹងដែលយើងបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទីបំផុត អ្នកជួញដូរខុសច្បាប់ជនជាតិចិនដ៏ល្បីឈ្មោះម្នាក់បានជាប់ពន្ធនាគារហើយ។ សង្ឃឹមថានាងអាចផ្តល់តម្រុយឲ្យពួកយើងចាប់បានអ្នកជួញដូរធំៗផ្សេងទៀត និងក្រុមមន្រ្តីពុករលួយរបស់រដ្ឋាភិបាល។ យើងត្រូវតែបញ្ចប់សម័យកាលដែលមិនអាចប៉ះពាល់អ្នកធំបាន ប្រសិនបើយើងចង់សង្គ្រោះសត្វដំរី»។
ស្រ្តីជំនួញរូបនេះ ត្រូវបានចោទថា បានចាប់ផ្តើមជួញដូរគ្រឿងភ្លុកខុសច្បាប់តាំងពីឆ្នាំ២០០៦មកម៉្លេះ។ ព័ត៌មានមួយពីអង្គការសម្ព័ន្ធសកម្មភាពសត្វដំរី បានផ្សាយថានាងបានសារភាពពីបទល្មើសរបស់នាង ហើយអាចប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារពី២០ទៅ៣០ឆ្នាំ។
អង្គការសម្ព័ន្ធសកម្មភាពសត្វដំរីបានឲ្យដឹងថា ប្រទេសតង់សានីបានក្លាយជាមជ្ឍមណ្ឌលបរបាញ់ និងសម្លាប់សត្វដំរីដោយខុសច្បាប់អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយសត្វដំរីចំនួន៨៥,០០០ក្បាលត្រូវបានសម្លាប់ នៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៤៕
ប្រែសម្រួលដោយ វិញ សុជាតា