របាយការណ៍ថ្មីមួយ បានចាត់ទុក ប្រទេសអេហ្ស៊ីប (Egypt) ថាជាមជ្ឈមណ្ឌលនៃការធ្វើជំនួញនិងរត់ពន្ធផលិតផលភ្លុកដោយខុសច្បាប់ នៅទ្វីបអាហ្វ្រិក។ ដោយមានភាពចលាចលខាងនយោបាយនៃបដិវត្តដ៍អារ៉ាប់ (Arab Spring) ទីផ្សារនិងរោងជាងច្នៃផលិតផលភ្លុកដោយខុសច្បាប់ បានក្លាយជាជំនួញយ៉ាងរីកដុះដាលមួយ។
របាយការណ៍នេះ ដែលបានលេចឡើងក្នុងព្រឹត្តិប័ត្រមួយមានចំណងជើងថា ការរត់ពន្ធ (TRAFFIC) បានឱ្យដឹងថា ផលិតផលភ្លុកខុសច្បាប់នានា មានដាក់លក់រួចជាស្រេចនៅទីក្រុង គែរ (Cairo) និងឡុចស្សឺ (Luxor)។
លោក អេសមូនដ៏ ម៉ាទីន (Esmond Martin) និងលោកស្រី លូស៊ី វីហ្គនី (Lucy Vigne) (ឬ វីនី Vine) សហអ្នកនិពន្ធនៃរបាយការណ៍នេះ បានទស្សនកិច្ចប្រទេសអេហ្ស៊ីប កាលពីខែមីនានិងមេសា ឆ្នាំ២០១១នេះ។ លោក ម៉ាទីន ថ្លែងថា គ្មានការប៉ុនប៉ងណាមួយក្នុងការលាក់ផលិតផលភ្លុកនោះទេ។
យើងបានរកឃើញផលិតផលភ្លុកជាង ៩ពាន់ បំណែក នៅទីក្រុងគែរ និងឡុចស្សឺ។ ភ្លុកភាគច្រើន ស្ថិតនៅក្នុងទីក្រុងគែរ។ ហើយ ភ្លុកទាំងអស់នោះ បានមកពីប្រភពខុសច្បាប់។ ផលិតផលភ្លុក មិនត្រូវបានអនុញ្ញាតឱ្យធ្វើការលក់ដូរឡើយ។ ខ្ញុំមិនគិតថា ភ្លុកទាំងនោះ ពិតជាមិនត្រូវបានអនុញ្ញាតឲ្យដាក់តាំងបង្ហាញ ក្នុងគោលបំណងពាណិជ្ជកម្មនោះឡើយ។
លោក មានប្រសាសន៍ថា ផលិតផលភ្លុកចំនួន ៩ពាន់ បំណែកនោះ គ្រាន់តែជាភ្លុកសម្រាប់ដាក់តាំងបង្ហាញតែប៉ុណ្ណោះ។ ភ្លុកទាំងនោះ មិនបានរាប់បញ្ចូលការស្តុកទុក ដែលអាចត្រូវបានលាក់ទុក ឬដាក់ក្នុងឃ្លាំងស្តុកឡើយ។ លោក ថ្លែងថា ភ្លុកដំរីភាគច្រើន ត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសស៊ូដង់ (Sudan) ឆ្ពោះទៅកាន់ អេហ្ស៊ីប។
ផលិតផលភ្លុក និងភ្លុកដំរី អាចមានប្រភពចេញមកពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central African Republic) សាធារណរដ្ឋកុងហ្គោ (Republic of Congo) ប្រទេសកេនយ៉ា (Kenya) និងកូឌីវ័រ (Coté D'Ivoire)។ ដូច្នេះ ភ្លុកដំរីទាំងនោះ ទំនងជាត្រូវបានបញ្ជូនឆ្លងកាត់តាម ស៊ូដង់ ហើយបន្ទាប់មក ភាគច្រើនឆ្ពោះទៅទីក្រុង គែរ តែម្តង និងឆ្ពោះទៅកាន់កន្លែងមួយ ដែលត្រូវបានឲ្យឈ្មោះថា ខាន អាល ខាលីលី (Khan al-Khalili) ដែលជាទីទីផ្សារដ៏សំខាន់មួយ។
របាយការណ៍នេះ បានបញ្ជាក់ថា ប្រទេសចិន (China) ជាទីផ្សារធំបំផុតសម្រាប់ផលិតផលភ្លុកដំរីខុសច្បាប់ ប៉ុន្តែ ភ្លុកភាគច្រើន ត្រូវបានរត់ពន្ធទៅកាន់ប្រទេសឈូងសមុទ្រពែរ្ស៍ (Persian Gulf)ដែរ ដែលមានទម្រង់ជាខ្សែអង្គាំសម្រាប់សូត្រធម៌ និងឈើច្រត់ជាដើម។
បច្ចុប្បន្ននេះ ជនជាតិចិន ជាអតិថិជននិងអ្នកទិញភ្លុកដំរីដ៏ធំ នៅអេហ្ស៊ីប ដែលកាលពីមុន មានជនជាតិបារាំង អេស្ប៉ាញ និងអាមេរិកាំង។ ប៉ុន្តែឥឡូវនេះ ការទិញដូរ ត្រូវបានជំនួសដោយជនជាតិចិន ដែលជាអ្នកទិញចំនួនពាក់កណ្តាលនៃផលិតផលភ្លុកដំរីទាំងអស់។
លោក ម៉ាទីន បាននិយាយថា ការរត់ពន្ធផលិតផលភ្លុក ទៅកាន់ប្រទេសចិន កំពុងធ្វើឲ្យបាត់បង់យ៉ាងធំធេងទៅលើចំនួនសត្វដំរី នៅអាហ្រ្វិក។
ជនជាតិចិន ជាអ្នកនាំចូលផលិតផលភ្លុកដោយខុសច្បាប់ធំបំផុត នៅក្នុងពិភពលោក។ ហើយ ការនាំចូលនេះ បានក្លាយទៅជាបញ្ហាចំបងបំផុតតែមួយគត់ ទាក់ទងនឹងសត្វដំរីទាំងឡាយ នៅទូទាំងទ្វីបអាហ្រ្វិក និងផ្នែកខ្លះនៃទ្វីបអាស៊ីទៀតផង ប៉ុន្តែភាគច្រើននៅអាហ្វ្រិកតែម្តង។ ដូច្នេះ យើងត្រូវតែដោះស្រាយសភាពការណ៍នេះ។ លោកស្រី លូស៊ី វីគនី (Lucy Vigne) និងខ្ញុំផ្ទាល់ បានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីឆ្នាំមុន ប្រហែលជាក្នុងពេលនេះដែរ។ ហើយ យើង បានធ្វើការស្ទាបស្ទង់មតិ នៅភាគខាងត្បូងរបស់ប្រទេសនេះ។ ហើយ យើងឃើញមានភ្លុកដំរីសម្រាប់ដាក់លក់នៅលើទីផ្សារច្រើនជាងពេលមុនៗទៅទៀត។ ហើយតម្លៃ គឺប្រហែលជា៧៥០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ភ្លុកមិនទាន់កែច្នៃ។
លោក ម៉ាទីន មានប្រសាសន៍ថា គ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ថា ក្រុមមន្ត្រីចិន មានការពាក់ព័ន្ធក្នុងជំនួញភ្លុកដំរីនេះទេ។ លោក ថ្លែងថា តាមពិត រដ្ឋាភិបាលចិន យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសភាពការណ៍នេះ ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនណា ដែលត្រូវបានចាប់ជាមួយភ្លុកដំរីខុសច្បាប់។ បញ្ហានោះ គឺនៅត្រង់ថា មានការរត់ពន្ធជាទ្រង់ទ្រាយតូចៗជាច្រើន នៅអាហ្វ្រិក ដែលបានបញ្ជូនភ្លុកដំរី ទៅកាន់ប្រទេសចិន ដែលជាការលំបាកក្នុងការទប់ស្កាត់ការនាំចូល។
អេហ្ស៊ីប ជាសមាជិកនៃអនុសញ្ញាស្តីអំពីពាណិជ្ជកម្មអន្តរជាតិ ទៅលើពូជសត្វព្រៃនិងរុក្ខជាតិជិតផុតពូជ (Convention on International Trade in Endangered Species of Wild Fauna and Flora) ឬហៅកាត់ភាសាអង់គ្លេសថាជា ស៊ីតេស (CITES)។
លោក ម៉ាទីន ថ្លែងថា លោក បានទាញការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរអេហ្ស៊ីប ទៅលើបញ្ហានៃការជួញដូរភ្លុកដំរីខុសច្បាប់នេះ ហើយបានស្នើឱ្យអាជ្ញាធរធ្វើការបង្ក្រាប៕
បែ្រសម្រួលដោយ ឃួន ធារ៉ា