ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វៀតណាម ចិន​ស៊ក​ពាក្យ​សម្តី​ដាក់​គ្នា​ក្នុង​ជម្លោះ​ការដ្ឋាន​ខួង​ប្រេង​សមុទ្រ


នៅ​ក្នុង​រូបថត​នេះ​​ចេញ​ផ្សាយ​ដោយ​កង​ឆ្នាំ​សមុទ្រ​វៀតណាម នាវា​ចិន​​មួយ​គ្រឿង​(ឆ្វេង) ​បាញ់​ទឹក​ដាក់​នាវា​វៀតណាម​​មួយ​គ្រឿង​(ស្តាំ) ខណៈ​ដែល​នាវា​កង​ឆ្មាំ​សមុទ្រ​ចិន​មួយ​គ្រឿង​ទៀត​(កណ្តាល) ​បើក​អម​នានា​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជិត​ឆ្នេរ​សមុទ្រ​វៀតណាម​កាល​ពី​​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
មួយ​ថ្ងៃ​បន្ទាប់​ពីនាវា​វៀតណាម​និង​ចិន​បាន​ត្រូវ​គេ​រាយការណ៍​ថា បាន​ជន្ល​ដាក់​គ្នានៅ​ជិត​ការដ្ឋាន​អណ្តូង​ខួង​ប្រេងរបស់​ចិន​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មក ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និយាយ​ថា ​វៀតណាម​ បាន​បន្ត​បញ្ជូន​នាវាទៅ​កាន់​តំបន់​នោះ​ ​ដើម្បី​គំរាម​កំហែង​បុគ្គលិកចិន។

រដ្ឋាភិបាល​វៀត​ណាម​ ​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការអំពី​ភាព​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ជិត​ការដ្ឋាន​ខួង​យក​ប្រេងចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ​ទេ ​ក៏ប៉ុន្តែ ​បណ្តាញ​ផ្សាយ​ព័ត៌មានដែល​ត្រួតត្រា​ដោយ​រដ្ឋរបស់​ប្រទេស​នោះ ​បាន​ធ្វើសេចក្តី​រាយការណ៍ដ៏​ធំ​ទូលាយ​អំពី​រឿង​នេះ។

​នៅ​ទំព័រ​មុខ​របស់​កាសែត Tuoi Tre ដែល​ជា​កាសែត​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​របស់​វៀត​ណាម ​បាន​និយាយ​ថា៖ «វៀតណាម​នឹង​វាយ​បក​វិញ ​ប្រសិន​បើ​នាវា​ចិន​បន្ត​បុក​នាវា​វៀតណាម»។

ផែនទី​កន្លែង​ប៉ះទង្គិច​នៅ​ជិត​ប្រជុំកោះ Paracel
ផែនទី​កន្លែង​ប៉ះទង្គិច​នៅ​ជិត​ប្រជុំកោះ Paracel
កាសែត​ជា​ច្រើន​បាន​ផ្តោត​លើ​សេចក្តី​រាយការណ៍​ពីការ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែលលាត​ត្រដាង​ពី​ការ​យល់​ឃើញ​ពី​ភាពគគ្លើន​របស់​ចិន​និង​ពី​ការ​ទាមទារ​អធិបតេយ្យភាព​របស់​វៀតណាម​លើ​ប្រជុំ​កោះ Paracels។

​នៅ​ក្នុងទីក្រុង​ប៉េកាំង ​លោក​អនុរដ្ឋមន្រ្តី​ការ​បរទេស​ចិន Cheng Guoping ​បាន​ព្យាយាម​និយាយ​បន្ធូរ​បន្ថយ​ពី​ឧបទ្ទវហេតុ​នោះ ​ដោយ​និយាយ​យ៉ាង​ទទូច​ថា ​វា មិនមែន​ជា​ការ​ប៉ះទង្គិច​គ្នា​ទេ ហើយ​ប្រទេសទាំង​២​គួរ​អាចដោះស្រាយបញ្ហា​នេះ​តាម​រយៈ​ការ​ចរចា។

លោក ​និយាយ​ថា៖ «ភាគី​ទាំង​២ ​ជា​ប្រទេស​ជិត​ខាង​គ្នាហើយកិច្ច​សហប្រតិបត្តិ​ការភាតរភាព​ ​ជា​ផល​ប្រយោជន៍ដ៏​សំខាន់របស់​ប្រទេស​ទាំង​២»។

ក៏​ប៉ុន្តែ ​លោក​ Xi Xianliang ​អគ្គនាយក​រង​នៃ​ក្រសួង​ការបរទេស​ ក្រោយ​មក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាននៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ពួក​អាជ្ញាធរ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ឥរិយាបទ​វៀតណាមហើយ​នាវា​ចិន​កំពុង​ចាត់​វិធានការ​ដើម្បី​ការពារ​ខ្លួន​ឯង។

លោក​និយាយ​ថា៖ «វៀតណាម​បាន​បញ្ជូន​នាវា​បន្ថែមទៅ​កាន់​កន្លែង​ដែល​មាន​បញ្ហា​នោះ ​ហើយ​បាន​ធ្វើការ​គម្រាម​កំហែងដល់​បុគ្គលិក​ចិន។ ​លោក​និយាយ​ទៀត​ថា ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាំ​បាច់​ត្រូវ​បង្កើន​កង​កម្លាំង​ដល់​កម្រិត​ជាក់លាក់​មួយ​ដើម្បី​ធានាឲ្យ​ដំណើរការ​ការដ្ឋាន​អណ្តូង​រ៉ែមាន​ភាព​រលូន»។

ចិន​ទើប​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុនថា ​ខ្លួន​បាន​ដាក់​ការដ្ឋាន​ខួង​ប្រេង​ដែល​រៀបចំ​ចាត់​ចែង​ដោយ​រដ្ឋនៅ​ជិត​ប្រជុំ​កោះ​ Paracels ​ដែល​ស្ថិត​នៅ​ចម្ងាយ​២២០ គ.ម. ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម​ ​ជា​តំបន់​មួយដែល​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​បាន​អះអាង​ថា ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ EEZ ​របស់​ខ្លួន។ ​ការដ្ឋាន​ខួង​ប្រេង​ដែល​មាន​តម្លៃ​១​ពាន់​លាន​ដុល្លារ​នេះ ជា​របស់​ក្រុមហ៊ុនប្រេង​ចិន​ CNOOC ​ដែល​កាន់​កាប់​ដោយ​រដ្ឋ។ ​ចិន​ពោល​អះអាង​ថា ​ប្រតិបត្តិការ​ខួង​ប្រេង​ពិត​ប្រាកដស្ថិត​នៅ​ក្នុង​ផ្ទៃ​ទឹករបស់​ខ្លួន។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សេចក្តី​សម្រេច​របស់​ចិន​ដើម្បីស្ថាបនា​ការដ្ឋាន​ខួង​ប្រេង​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​ ​ជា​ការ​បង្កហេតុនិង​បង្កើន​ការ​តាន​តឹង។

​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ចទៅ​កាន់​ទីក្រុងហាណូយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ឧបការី​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Daniel Russel ​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង២ទប់​កុំធ្វើ​សកម្មភាព​ជា​ឯកតោ​ភាគី​ណាមួយ។ ​លោក ​និយាយ​ទៀត​ថា សេដ្ឋកិច្ច​សាកលលោក​ផុយស្រួយ​ខ្លាំង​ពេក មិន​គួរ​អនុញ្ញាតិ​ឲ្យ​មាន​វិបត្តិដែល​អាច​ក្លាយ​ជាជម្លោះ​ប្រដាប់​អាវុធ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «គ្រប់​ប្រទេស​ទាំងអស់​មាន​សិទ្ធិ​គាំទ្រ​គោល​ជំហរ​របស់​ខ្លួន​ហើយ​នឹង​សិទ្ធិ​ទាម​ទារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គោល​ជំហរ​មិន​ងាក​រេរបស់​សហរដ្ឋ​អាមេរិក​ គឺ​ថា​ការ​គាំទ្រ​ត្រូវ​តែ​ជា​ផ្នែក​ការទូត​ហើយ​នឹង​មធ្យោបាយសម្រាប់​ជំរុញ​ការ​ទាមទារ​របស់ភាគី​ណា​មួយ ​ត្រូវ​តែ​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​ រួម​មាន​សន្ធិសញ្ញា​ស្តី​ពី​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ»។

លោក​ Daniel Russel មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ការ​ទទួល​ខុស​ត្រូវ​ស្ថិត​នៅ​លើ​ប្រទេស​ចិនដើម្បី​កំណត់​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​លក្ខណៈ​មួយស្រប​ទៅ​តាម​សន្ធិសញ្ញា​នោះ។ ​លោក​និយាយ​ទៀត​ថា ​ពួក​មន្រ្តី​វៀតណាម​ដែល​លោក​បាន​ពិភាក្សា​បញ្ហា​នោះ​ជាមួយ​បាន​យល់​ព្រម​ទទួល​យកថា ​សហរដ្ឋ​អាមេរិក ​មិន​ប្រកាន់​ជំហរ​ចំពោះ​ខ្លឹមសារ​នៃ​ការ​ទាមទារ​បូរណៈភាព​ទឹក​ដី​របស់​ភាគី​ណាមួយ​ទេ។

«គ្មាន​សំណើនៅ​ក្នុង​ជំនួប​ណាមួយ​របស់​ខ្ញុំ​ជាមួយ​ភាគី​ណាមួយ​ស្តី​ពី​តួនាទីខាង​យោធា​របស់​សហរដ្ឋ​អាមេរិកទេ។ ​គ្មាន​ទាល់​តែ​សោះ ​ខ្ញុំ​ចង់​បញ្ជាក់ចំណុច​នានា​ ដែល​បាន​ធ្វើ​ឡើង​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ដែល​ថា​ ​បញ្ហា​ទាំង​នោះ​ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ហើយ​នឹង​ស្រប​ទៅ​តាមច្បាប់​អន្តរជាតិ»។

បន្ថែម​ពី​ប្រទេស​វៀត​ណាម ​ព្រុយណេ ម៉ាឡេស៊ី​និង​ប្រទេស​ហ្វីលីពីន ​ក៏​មាន​ជម្លោះទឹក​ដីជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ដោយប្រេងនោះ។ ​ប្រទេស​ដែល​ទាម​ទារ​ចោទ​ប្រកាន់​ចិន​ពី​ការ​បង្កើន​ការ​ប្រើ​ប្រាស់​កលល្បិច​កាន់​តែ​គគ្លើន​ឡើង​ដើម្បី​ការពារ​ទឹក​ដីរបស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន
XS
SM
MD
LG