ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​រដ្ឋមន្ត្រី​បរិស្ថាន​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ខណៈ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​សរសើរ​ចិន


រូបឯកសារ៖ ក្រសួង​បរិស្ថាន​ ក្នុង​រាជធានី​ភ្នំពេញ
រូបឯកសារ៖ ក្រសួង​បរិស្ថាន​ ក្នុង​រាជធានី​ភ្នំពេញ

អ្នក​ការពារ​បរិស្ថាន​ស្វាគមន៍​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​ចិន​ក្នុង​វិស័យ​បរិស្ថាន​ ក៏​ប៉ុន្តែ​ប្រវត្តិ​មិន​សូវ​ល្អ​របស់​ចិន​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន​ប្រទេស​​ខ្លួន​នោះ បាន​បង្ក​ជា​ក្តី​បារម្ភ​ដល់​សកម្មភាព​អភិរក្ស​បរិស្ថាន​នៅ​កម្ពុជា។

​ក្រសួង​បរិស្ថាន​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​មួយ​ថា​ លោក​ Zhao Yingmin​ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី ​និង​បរិស្ថាន​របស់រដ្ឋាភិបាល​ចិន ​នឹង​មកបំពេញ​ទសន្សកិច្ច​រយៈពេល​បីថ្ងៃ​នៅ​កម្ពុជា​ ដែល​ក្នុង​ដំណើរទស្សនកិច្ច​នេះ​ លោក​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តី​ពីកិច្ច​សហប្រតិបត្តិការ​ផ្តោត​លើវិស័យ​បរិស្ថាន​និង​ផលិត​ទឹក​ស្អាត។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួង​បរិស្ថាន​ដែល VOA ទទួល​បាន​នៅ​សប្តាហ៍​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Yingmin ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ Wei Fenghe រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ចិន​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។ លោក​ Fenghe ​បាន​សន្យា​ផ្តល់​ថវិកាប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​របស់​កម្ពុជា។

លិខិត​របស់​លោក​ផៃ​ ប៊ុនឈឿន​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ចុះថ្ងៃ​ទី​ ២៩ ខែមិថុនា​ ឆ្នំា​២០១៨​ បានប​ញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ Zhao Yingmin នឹង​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​នាថ្ងៃ​ទី៣ ខែកក្កដា​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៥ ខែកក្កដា​ ឆ្នាំ ២០១៨។ ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​របស់​លោក​នៅ​កម្ពុជា​ លោក​ Yingmin ​នឹង​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​យោគយល់​គ្នា​ចំនួន​ ៣ ដោយ​រួម​មាន ទីមួយ​ ការបង្កើត​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិស្ថាន​កម្ពុជា​ ចិន​ ទី២​ កិច្ច​សហប្រតិបត្តិការ​ អភិរក្ស​ជីវៈ​ចម្រុះ​កម្ពុជា​ចិន​ ទី៣ គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់​និង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ «ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិស្ថាន​ កម្ពុជា​ចិន»។

លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង។ VOA ព្យាយាម​ទាក់​ទង​លោក​ សៅ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​តែទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល​។

លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)
លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)

លោក​ អាឡិច​ ហ្គន់​សាឡេស​ ដេវិតសុន (Alejandro Gonzalez Davidson) ​ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ​ដែល​ឥឡូវ​មិន​មាន​ឈ្មោះ​ក្នុងបញ្ជីក្រសួង​មហាផ្ទៃ​ ថ្លែង​ស្វាគមន៍​ចំពោះ​ចំណង​ទាក់ទង​កម្ពុជា​ចិន​ក្នុង​ការ​ថែរក្សា​និង​អភិរក្ស​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។ ក៏​ប៉ុន្តែ​លោក​ថា​ កិច្ច​សហ​ប្រតិបត្តិ​ការ​របស់កម្ពុជា​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​មក​ពី​បស្ចិម​ប្រទេស​ នៅ​មិន​ទាន់​អាច​ជួយកម្ពុជា​ការពារ​សម្បតិ្ត​ធម្មជាតិ​ខ្លួន​បាន​ផង​ ដូច្នេះ​តើ​ចិន​ដែល​មាន​ប្រវត្តិ​មិន​ល្អ​ក្នុង​វិស័យ​បរិស្ថាន​នេះ​ អាច​ជួយ​កម្ពុជា​បាន​ ឬ​ក៏​យ៉ាង​ណា​នោះ​។

«សំណួរ​ចង់​សួរ​ថា​ បើសិន​ជា​ក្រសួង​បរិស្ថាន​ ហើយ​ជាមួយ​នឹង​អង្គការ​អន្តរជាតិ​ ដែល​មក​ពី​ប្រទេស​អាមេរិក​ មក​ពី​ប្រទេស​អង់គ្លេស​បរាជ័យ​ សួរ​ថា​ អាច​ អាច​ទៅរួច​អត់​ បើ​ចាប់​ដៃ​ជាមួយ​ចិន ដែល​មាន​កិត្តិយស​មិន​ល្អ​ផង»។

លោក​ អាឡិច​ អ្នក​ការពារ​បរិស្ថាន​ដែល​ធ្លាប់​រស់​នៅ​កម្ពុជា​ ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ តាម​អ្វី​ដែល​គេ​ដឹង​ថា​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​កន្លែង​របស់​ក្រុមហ៊ុន​ចិន​នៅ​តំបន់​អារ៉ែង​ខេត្ត​កោះកុង​របស់​ប្រទេស​កម្ពុជា​នោះ​ អះ​អាងថា​ ប្រទេស​ចិន​មាន​គុណ​សម្បតិ្ត​អភិរក្ស​តំបន់​ធម្មជាតិ​ខ្លួន​មួយ​ចំនួន​ ដូច​ជា​សួន​ឧទ្យានជាតិអភិរក្ស​សត្វ​ខ្លា​ឃ្មុំ​ជា​ដើម តែ​ប្រទេស​នេះ​ បាន​បរាជ័យ​ក្នុង​ការ​ថែរក្សា​គុណភាព​ខ្យល់​អាកាស​ល្អ គុណភាពទឹក​ និង​ដី​សម្រាប់​ពលរដ្ឋ​ខ្លួន។

នៅ​ប្រទេស​កម្ពុជា​ លោក​ អាឡិច​និយាយ​ថា​ គម្រោង​អភិវឌ្ឍ​វារី​អគ្គិសនី​ដែល​មាន​ចិន​នៅ​ពី​ក្រោយ​ បាន​បង្ក​ឲ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ដែលសូម្បី​តែ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​មិន​អាច​បង្ក្រាប​បាន​ផងដែរ។

«ឲ្យ​តែ​មាន​វារី​អគ្គិសនី​ណា​មួយ​ ក្រុមហ៊ុន​ចិន​ពាក់​ព័ន្ធ​ គឺកន្លែង​នោះ​ដឹង​ថា​មាន​ កាប់​បំផ្លាញ​ព្រៃ​ឈើ​ ខ្ទេចខ្ទី​ ជា​ប្រព័ន្ធ​ដែល​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ គឺមិន​អាច​ទប់​ស្កាត់​បាន​ឬក៏​ ចូលរួម​បំផ្លាញ អាហ្នឹង​យើង​ឃើញ​ថា​ ក្រុមហ៊ុនចិន​ ជា​អ្នកដែល​នៅ​ពីក្រោយ​ការ​សាងសង់​វារី​អគ្គិសនី​ ហើយ​តែងតែ​មាន​ធនាគារ​ចិន​ នៅ​ពី​ក្រោយ​ ផ្តល់​ថវិកា​ លុយ​រាប់​រយ​លាន​ដុល្លារ ដើម្បី​ធ្វើ​វារី​អគ្គិសនី​»។ លោក​បន្ថែម​ថា​ ការ​អន្តរាយ​សម្បតិ្ត​ធម្មជាតិក៏​បាន​កើតឡើង​ នៅ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​ឲ្យចិន​។ លោក​មាន​ប្រសាសន៍​ថា៖

«ឲ្យ​តែ​មាន​ក្រុមហ៊ុន​ណា​ចិន​នៅ​ពី​ក្រោយ​ ហើយ​ឲ្យ​តែ​ធ្វើ​នៅ​ឧទ្យានជាតិ​ ឬ​ក៏​នៅ​កន្លែង​ណា​ដែល​ជា​ព្រៃ​អភិរក្ស​ ដឹងតែ​កន្លែង​នោះ​ហិនហោច​ហើយ​ ហិន​ហោច​ហើយ​ ហើយ​មិនមែន​ខ្ញុំ​ចេះ តែ​ថា​ទេ​ ហ្នឹង​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ ស្ទើរ​តែ​គ្រប់​កន្លែង​ទេ​ អាហ្នឹង​មិន​បាច់​ ចាំ​បាច់​ទៅ​ បំប៉ោង​ព័ត៌មាន​ ឬ​ក៏​បំភ្លើស​ទេ​ អាហ្នឹង​ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​ច្រើន​ដង​ហើយ​បាទ»។

VOA​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បាន​ទេ​នៅថ្ងៃ​អង្គារ​នេះ។​

ដោយ​ឡែក​ កាល​ពីថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ នៅ​ទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា​ចិន​ បាន​ប្រារព្ធ​ខួប​លើក​ទី​៦០​នៃ​ចំណង​មិត្តភាព​ផ្លូវ​ការ​កម្ពុជា​ចិន​ដែល​បានចាប់​ផ្តើម​ឡើង​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​១៩៥៨ ក្នុង​ពេល​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទនរោត្តម​សីហនុ​និង​នៅពេល​ចិន​មាន​លោក​ជូ​ អេនឡាយ​ ជា​នាយក​រដ្ឋមន្ត្រី។ នេះ​បើ​យោង​តាម​ការ​អធិប្បាយ​របស់​លោក​ហ៊ុន សែន​ ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹងរដ្ឋាភិបាល​កម្ពុជា។

ក្នុង​ពិធី​ប្រារព្ធ​ខួប​លើកទី​៦០​ឆ្នាំ​នៃ​ចំណង​ទាក់ទង​កម្ពុជា​ចិន​នោះ​ លោក​ហ៊ុន សែន​ ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា​ បាន​រំកិល​ខ្លួន​កាន់​តែខ្លាំង​ទៅ​រក​ប្រទេស​ចិន​ បាន​អះអាង​ពី​វឌ្ឍនភាព​នៃ​វិនិយោគ​របស់​ចិននៅ​កម្ពុជា​ ដែល​បាន​ឈរ​លើ​លំដាប់​កំពូល​ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជា​ដៃ​គូ​វិយោគ​ផ្សេង​ទៀតរបស់​កម្ពុជា។​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែនបាន​ឲ្យដឹងថា​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​ នៅឆ្នាំ​២០១៧​ មាន​ចំនួន​៥៥៧៧​លាន​ដុល្លារ​ គឺកើនជិត​២២ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៦។ ហើយកម្ពុជាចិន​បាន​ឯកភាព​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​៦០០០​លាន​ដុល្លារ​នៅឆ្នាំ​២០២០។ នៅឆ្នាំ​២០១៧​ដដែល​ចិន ក៏បាន​ឈរ​ក្នុង​លំដាប់​កំពូល​ សម្រាប់​ទំហំ​វិនិយោគ​របស់​ខ្លួន​ ដែល​មាន​ដល់​ ១៤៤៤លាន​ដុល្លារ​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត។

សម្រាប់​វិស័យ​ទេសចរណ៍​ លោក​ ហ៊ុន សែន​ ថ្លែង​បញ្ជាក់​ថា​ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​១៥​ បាន​កំពុង​ផ្តល់​សេវាកម្ម​ហោះហើរចេញ​ចូល​កម្ពុជា​ចិន​ ហើយ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ មាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​១.២លាននាក់​មក​ទស្សនា​កម្ពុជា​។ នៅ​ត្រឹម​ត្រីមាស​ទីមួយ​ឆ្នាំ​ ២០១៨​នេះ​ មាន​ទេសចរ​ចំនួន​១.៧លាន​នាក់​បាន​មក​ទស្សនា​កម្ពុជា​ ក្នុង​នោះ​មាន​ចិន​ចំនួន​៥០​ម៉ឺន​នាក់។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​កោត​សរ​សើរ​ចំពោះ​មិត្ត​ចិន​របស់​លោក​ដែល​តែង​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​លោក ក្នុង​កិច្ចការ​ថែរក្សា​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​អះអាង​ថា​ ប្រទេស​មួយនេះ​ គោរព​អធិបតេយ្យភាព​កម្ពុជា។

«កម្ពុជា​សូម​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​គោរព​ឯករាជ្យ​ អធិបតេយ្យ​ និង​ការ​ចាត់​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ការ​ពារ​សនិ្តសុខ​ និង​ស្ថិរភាព​សង្គម»។

ក្នុង​បញ្ហា​ទំនាក់​ទំនង​កម្ពុជា​ចិន​ដដែល​នេះ លោក​ អង្គវង្ស វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ចូលរួម​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​ច្បាប់​ «ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ២-៣​ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

សេចក្តី​រាយការណ៍​របស់​អង្គភាព​ Freshnews ត្រូវ​បាន​សរសេរក្នុង​ខ្លឹម​សារ​ដើម​ថា៖​

«លោក អង្គ​ វង្ស​វឌ្ឍនា ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សារៈ​សំខាន់​នៃ​ការ​រៀបចំ​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​ច្បាប់​ខ្សែ​ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ ដោយ​បាន​កត់​សម្គាល់​ថា គំនិត​ផ្តួចផ្តើម ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ដែល​លើក​ឡើង​ដោយ​ប្រធានាធិបតី​ ស៊ី ជីងពីង​ កាល​ពី​ឆ្នាំ២០១៣ បាន​និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ពី​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាង​១០០ ហើយ​គំនិត​ផ្តួចផ្តើម​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​នៃ​ទិដ្ឋភាព​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ជំរុញ​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ពន្លឿន​ការ​កែ​ទម្រង់​ឧស្សាហកម្ម​ដែល​មាន​ទីផ្សារ​ជា​មូលដ្ឋាន​និង​ជួយ​ដល់​សេដ្ឋកិច្ច​សាកល»៕​

XS
SM
MD
LG