ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សន្យា​ផ្តល់​ជំនួយ​គិតជា​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​ដល់​វិស័យ​យោធា​កម្ពុជា


លោក​ Wei Fenghe​ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុន​កិច្ចជំនួបដែលធ្វើឡើងនៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
លោក​ Wei Fenghe​ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុន​កិច្ចជំនួបដែលធ្វើឡើងនៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ជំនួយ​ថវិកា​របស់​ចិន​នឹង​បន្ត​ហូរ​ចូល​វិស័យ​យោធា​កម្ពុជា​បន្ថែម​លើ​សម្ភារៈ​យោធា​ច្រើន​សន្ធឹក​សន្ធាប់ ​ដែល​ចិន​សន្យា​នឹង​ផ្តល់​លុយ​ចំនួន​៦៤៥​លាន​យ័ន​ជាង​១០០លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​វិស័យ​ការពារ​ជាតិ។ ​ការ​សន្យា​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ចិន​ និង​កម្ពុជា​បាន​ធ្វើ​សម​យុទ្ធ​យោធា​​«នាគមាស»។

លោក​ Wei Fenghe​ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ បាន​សន្យា​ជាមួយ​សមភាគី​កម្ពុជា​របស់​លោក​គឺ​នាយ​ឧត្តមសេនីយ៍​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ថា ​ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​៦៤៥​លាន​យ័ន ​ឬ​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​របស់​កម្ពុជា។​ នេះបើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​យោធា​កម្ពុជា។​

នាយ​ឧត្តម​សេនីយ៍ ឈុំ​ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​បញ្ជាក់​ក្នុង​គណនី​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ នាយ​ឧត្តម​សេនីយ៍​ Wei Fenghe​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ទៀ បាញ់​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​ពារជាតិ​កម្ពុជា​ កាលពី​ថ្ងៃ​អាទិត្យ។​

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ភាគី​ទាំង​ពីរ​ប្តេជ្ញា​បន្ត​រឹត​ចំណង​មិត្ត​ភាព​ទៅវិញ​ទៅមក​ ឱ្យ​កាន់តែ​ខ្លាំង​ក្លា​ថែម​ទៀត​ ជា​ពិសេស​គឺ​មិត្ត​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​បន្ថែម​ចំនួន​៦៤៥​លានយ័ន​ដល់​កម្ពុជា​យើង​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ ទៅតាម​តម្រូវ​ការ​ចាំបាច់»។​

លោក​ ឈុំ​ សុជាតិ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​បន្ថែមថា​ កម្ពុជា​មិន​ទាន់​បាន​ថវិកា​ពី​ភាគី​ចិន​នៅ​ឡើយ​ទេ​ ដោយ​ភាគី​ចិន​គ្រាន់តែ​បាន​សន្យា​ប៉ុណ្ណោះ។​
លោក​ថ្លែង​ថា៖​

«អាហ្នឹង​គ្រាន់​តែ​គម្រោង​គាត់​ឲ្យ​ទេ។​ យើង​មិន​ទាន់​សម្រេច​ថា​ ធ្វើ​អី​នៅ​ឡើយ​ទេ។ ​ គ្រាន់តែ​គាត់​ថា​ ជួយ​ពេល​ដែល​គាត់​ធ្វើ​ទស្សនកិច្ច​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ពី​មិ្សលមិញ​ថ្ងៃ​១៧​ហ្នឹង ​នៅ​ពេល​ដែល​គាត់​ចរចា​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​បណ្តា​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ គាត់​ក៏​មាន​សន្យា​បន្ថែម​ជំនួយ​ឥត​សំណង»។

នាយ​ឧត្តម​សេនីយ៍ ​ឈុំ​ សុជាតិ​ បាន​សរសេរ​បន្ថែម​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ក្រៅពី​ការ​ផ្តល់​ជំនួយ​សម្រាប់​វិស័យ​យោធា​ ភាគី​កម្ពុជា-ចិន​ នឹង​សហការ​គ្នា​បន្ត​ទៀត​ដើម្បី​ធ្វើ​សម​យុទ្ធ​នាគមាស​នៅ​ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​ផង​ដែរ។​ លោក​បានបន្តថា​ ក្នុង​រយៈពេល១៣​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី១៧ដល់​២៩​ ខែ​មីនា​ ឆ្នាំ​២០១៨​ ភាគី​ទាំង​ពីរ​កម្ពុជា-ចិន​ បាន​រៀបចំ​រួច​ហើយ​សម​យុទ្ធ​នាគមាស ដោយ​មាន​ទ្រង់ទ្រាយ​ធំជាង​មុន​នៅ​តំបន់​ឃុំ​ក្រាំង​អំពិល ​ស្រុក​សំរោង​ទង ​ខេត្ត​កំពង់​ស្ពឺ។​

លោក Wei Fenghe ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​មន្ត្រី​កំពូល​ទទួល​បន្ទុក​កិច្ចការ​ការពារ​ប្រទេស​ចិន​ កំពុង​បំពេញ​ទស្សន​កិច្ច​រយៈពេល​៥ថ្ងៃ​នៅ​កម្ពុជា។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ទស្សនកិច្ច​នេះ​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​សំខាន់ៗ​របស់​កម្ពុជា​មួយ​ចំនួន​ ក្នុង​នោះ​មាន​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់​ នាយរង​សេនាធិការ​ចម្រុះ​ និង​ជា​មេ​បញ្ជាការ​កង​ពល​តូច​លេខ​៧០​ ដែល​គេ​ដឹង​ថា​ ជា​អង្គភាព​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​ ម៉ៅ សុផាន់​ ​ត្រូវ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មួយ​បាន​រាយ​ការណ៍​មក​ថា​ លោក​បាន​ស្នើ​ឲ្យ​ភាគី​ចិន​ «ផ្ដល់​ឧបករណ៍​បម្រើ​ឲ្យ​ការ​ហ្វឹកហ្វឺន​ដូច​ជា ​ស៊ីប​ចល័ត​ ស៊ីប​ស្វ័យ​ប្រវត្តិ ​និង​គ្រឿង​ចក្រ​ សម្រាប់​វរសេនា​តូច​វិស្វកម្ម​ដើម្បី​ធានា​ដល់​ការ​កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ និង​ឈូស​ឆាយ​ធ្វើ​ទីលាន​បាញ់​គ្រាប់​ពិត​ នៅ​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំ​គិរី ​ដែលមាន​ផ្ទៃ​ដី​សរុប​ ១៧.០០០​ហិចតា»។​

លោក​ Wei Fenghe ​ក៏នឹង​ជួប​ពិភាក្សា​ជាមួយ​លោក ​ហ៊ុន សែន​ ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​៥​ថ្ងៃ ​ដែល​នឹង​បញ្ចប់​នៅថ្ងៃ​ទី​២០​ ខែ​មិថុនា​ខាង​មុខ​នេះ។​

លោក​ ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ និង​សង្គមមាន​ប្រសាសន៍​ថា​ ទំនាក់​ទំនង​កម្ពុជា​ចិន​បាន​កើនឡើង​កាន់តែខ្លាំង​ នៅគ្រា​ដែល​ឥទ្ធិពល​ពី​លោក​ខាង​លិច​ ហើយ​និងសហ​រដ្ឋ​អាមេរិក​បាន​ចុះ​ថមថយ​ ក្រោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​ប្តឹង​ឲ្យតុលាការរំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​មុន។
លោក​បាន​បន្ត​ថា​ ក្នុង​ពេល​កំពុង​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​ចិន​យ៉ាង​ស្អិត​រមួត​បែប​នេះ ​មេដឹក​នាំ​កម្ពុជា​ក៏ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ ​ហើយ​គួរ​មើល​ទៅ​លើ​កិច្ច​ខិតខំ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ព្យាយាម​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​ផង​ដែរ។​

​លោក​ថ្លែង​ថា៖​

«អីចឹង​កម្ពុជា​ ទាក់​ទង​ចិន​ល្អ​ហើយ​ ក៏ប៉ុន្តែ​គ្រាន់​តែ​ជំហរ​កម្ពុជា​គឺ​រក្សា​យ៉ាង​ម៉េច​ឲ្យ​បាន​គេហៅការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​សុក្រឹត្យ​ភាព​ ហើយ​ទំនាក់​ទំនង​កម្ពុជា​ចិន​ហ្នឹង​ឲ្យ​តម្លាភាព​ ឲ្យ​ប្រជា​ពល​រដ្ឋ​ទទួល​យក​បាន ហើយ​និង​គេ​ហៅ​ថា​ ធ្វើ​ម៉េច​កុំ​ឲ្យ​ចិន​ហ្នឹង​មា​ន​ឥទ្ធិពល​ហួស​ហេតុទៅ​លើ​ប្រទេស​កម្ពុជា​ កុំឲ្យ​សហគមន៍​អឺរ៉ុប​ ជាពិសេស​លោក​ខាងលិច​ និងអាមេរិក​អីហ្នឹង​ មើ​លឃើញ​ថា​ កម្ពុជា​នៅក្រោម​ចិន​ទាំងស្រុង។ ​អា​ហ្នឹង​ទើប​កម្ពុជា​បាត់ផល​ប្រយោជន៍​ បាទ»។

អ្នក​វិភាគរូ​ប​នេះ​អះអាង​ថា​ កម្ពុជា​ក៏ត្រូវ​រក្សា​តុល្យការ​ទំនាក់​ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ផង​ដែរ ​ខណៈ​ដែលសហគមន៍​ធំៗ​ពីរ​នេះ ជា​ទីផ្សារទំនិញ​កាត់​ដេរ​កម្ពុជា ដែលចិ​ន​មិ​ន​ទាន់អាច​រ៉ាប់រង​បាន​ទេ ​ហើយ​សហគមន៍​ទាំងពីរ​នេះ​ទៀត​សោត​ ក៏ជា​អ្នក​ដែល​អាច​ធានា​បាន​នូវ​មុខមាត់​ល្អ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​

«បច្ចុប្បន្ន​ហ្នឹង​កម្ពុជា​មិន​ទាន់​ផ្តាច់​ ឬក៏​បោះបង់​អាមេរិកបាន​ទេ​ ពីព្រោះ​កម្ពុជា​ត្រូវ​ការ​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ហ្នឹង​ច្រើន​ណាស់​ ដូចជា​កត្តា​កិត្តិនាម​ កេរ្តិ៍​ឈ្មោះ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ហ្នឹង​ វាត្រូវ​ការ​សហគមន៍​លោក​ខាង​លិច​នឹង​ជួយ​គាំទ្រ​ខ្លាំង​ដែរ​ទីមួយ។ ​ទីពីរ​ទីផ្សារ​របស់​កម្ពុជា​នៅ​ពឹង​ពាក់​ទីផ្សារ​អាមេរិក​ និង​ទីផ្សារ​អឺរ៉ុប​ ​មិន​ទាន់​ទៅទីពឹង​ផ្សារ​ចិន​ជំនួស​ទីផ្សារ​អឺរ៉ុប​ និង​ទីផ្សារ​អាមេរិក​បាន​ទេ។​ អីចឹង​ទេ​ កម្ពុជា​ក៏មិន​ទាន់​ងាកទៅ​ចិន​ទាំងស្រុង​ដែរ​បាទ»។​

នាពេល​កន្លង​មក​ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​យល់​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុង​តែ​ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​មហា​អំណាច​សហរដ្ឋ​អាមេរិក​ និង​បង្កើន​ការ​ពឹង​ផ្អែក​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​លើ​ប្រទេស​ចិន។​ ការណ៍​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ «ជោគ​វាសនា​របស់​កម្ពុជា​គឺ​ស្ថិត​លើ​ប្រទេស​ចិន»។​

កាល​ពី​ចុង​ឆ្នាំ​២០១៦​ សម​យុទ្ធ​យោធា​រួមគ្នា​ធំមួយ​រវាង​កម្ពុជា​ ​និង​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​បង្អស់។​ ​ក្រោយ​ការ​ធ្វើ​សម​យុទ្ធនា​ពេល​នោះ​ ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​១៥០​លាន​ដុល្លារ​ ​សម្រាប់​ការ​សាង​សង់​ពហុ​កីឡាដ្ឋាន​ថ្មី​មួយ​ស្ថិត​លើ​ផ្ទៃដី​ទំហំ​៨៥​ហិកតា។​

ការ​បង្កើត​ចំណង​មិត្ត​ភាព​រវាង​យោធា​កម្ពុជា-ចិន​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ខែ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ការ​ធ្វើ​លំហាត់​យោធា​មួយ​ចំនួន​ជាមួយ​សហរដ្ឋ​អាមេរិក។​ ​អ្នក​វិភាគ​ធ្លាប់​និយាយ​ថា​ គោល​ជំហរ​អព្យាក្រឹត្យ​របស់​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ការ​បរទេស​នឹង​នាំ​ឲ្យ​មាន​ចម្ងល់​ ​ប្រសិន​បើ​ប្រទេស​នេះ​ពឹង​ផ្អែក​ជ្រុល​លើ​ប្រទេស​ចិន​តែ​មួយ​នោះ។​
នាយឧត្ត​មសេនីយ៍ ​ឈុំ​ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា​ ពុំទាន់​មានព័ត៌មាន​អំពីការ​បន្ត​ឡើង​វិញ​នៃ​សមយុទ្ធ​យោធា​រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG