ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-ចិន​បង្កើត​ឡើង​ជា​លើក​ដំបូង​ដើម្បី​ផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​ចិន


រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ (ទីបី​ពី​ខាង​ស្តាំ) ថត​រូប​ជាមួយ​អ្នក​ចូលរួម​ដទៃ​ទៀត​ក្នុង​ពិធី​សម្ពោធ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩។ (Facebook/Cambodia China Journalist Association Official)
រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ (ទីបី​ពី​ខាង​ស្តាំ) ថត​រូប​ជាមួយ​អ្នក​ចូលរួម​ដទៃ​ទៀត​ក្នុង​ពិធី​សម្ពោធ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩។ (Facebook/Cambodia China Journalist Association Official)

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​បារម្ភ​ថា សមាគម​នេះ​អាច​​នឹង​ជួយ​រឹតត្បិត​អ្នក​សារព័ត៌មាន​​ដែល​រាយការណ៍​​រិះគន់​​​អំពី​សកម្មភាព​ចិន ឬ​ទំនាក់ទំនង​កម្ពុជា-ចិន។

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន ត្រូវ​បង្កើត​ជា​លើក​ដំបូង​នៅ​កម្ពុជា ​ដែល​មន្ត្រី​រដ្ឋាភិបាល​រំពឹង​ថា​ សមាគម​ថ្មី​នេះ​នឹង​ជំរុញ​ឲ្យមាន​ការ​ផ្សាយ​ព័ត៌មាន​ល្អៗ​ពី​ជនជាតិ​ចិន​ ​និង​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​រវាងកម្ពុជា​ចិន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជា​បន្ថែម​ទៀត។​

ក្នុង​ពិធី​សម្ពោធ​ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ថ្លែង​ថា ការ​បង្កើត​សមាគមនេះ គឺ​បង្ហាញ​អំពី​ការ​បង្កើត​ទំនាក់ទំនាក់​កាន់​តែ​រឹងមាំ​ថែម​ទៀត​រវាង​ភាគី​ចិន និង​កម្ពុជា។ ​ហើយ​លោកសង្ឃឹម​ថា សមាគម​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​វត្តមាន​របស់​ជនជាតិ​ចិន​ដែលកន្លង​មក​មាន​ការ​ផ្សព្វផ្សាយ​រិះគន់ច្រើន​អំពី​ភាព​អវិជ្ជមាន​របស់ពួកគេ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា៖

«លោក​សហ​ប្រធាន​អម្បាញ់​មិញ​ក៏​មាន​ប្រសាសន៍​ហើយ​ថា មាន​ជនជាតិ​ចិន អ្នក​វិនិយោគ​ចិន​ជាច្រើន​ដែល​បាន​ធ្វើ​អំពើ​ល្អ​នៅ​កម្ពុជា ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​បែរ​ជា​ការ​ផ្សព្វផ្សាយ​ពី​អំពើ​អាក្រក់​របស់​មនុស្ស​មួយ​ចំនួន​តូច ដែល​ធ្វើ​ឲ្យ​មាន​កករ​ល្អក់​នៅ​ក្នុង​ទំនាក់ទំនង និង​ការ​យល់​ដឹង​អំពី​ជនជាតិ​ចិន​នៅ​កម្ពុជា។​ នេះ​ជា​គំនិត​មួយ​ដែល​យើង​ត្រូវ​គិតថា ត្រូវ​តែ​នាំ​គ្នា​កម្ចាត់​ឲ្យ​បាន។ មិនមែន​យើង​លាក់​អំពើ​អាក្រក់​ទេ ប៉ុន្តែ​មាន​អំពើ​ល្អ​ច្រើន​ណាស់​ដែល​យើង​អាច​និយាយ​បាន»។​

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩។ (Facebook/Cambodia China Journalist Association Official Page)
រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩។ (Facebook/Cambodia China Journalist Association Official Page)

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩។ សមាគម​នេះ​មាន​លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល ជា​សហ​ប្រធាន​ជាមួយ​លោក លីវ សៀវគ័ង (Liu Xiao Guang)។

​មាន​អ្នក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សមាគម​នេះ​ជា​ផ្លូវការមាន​ប្រមាណ​ជាង​៣០០​នាក់ ដែល​មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធាន​រាជបណ្ឌិត្យសភា តំណាង​សភា​ពាណិជ្ជកម្ម​ចិន​ជាដើម។ នេះ​បើ​តាម​ការ​ផ្សាយ​លើ​គេហ​ទំព័រ​ព័ត៌មាន​ដើម​អម្ពិល​របស់​លោក សយ សុភាព។

លោក សយ សុភាព សហ​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-​ចិន ប្រាប់ VOA នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា សមាគម​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់មុខមាត់​ប្រទេស និង​ទំនាក់ទំនង​កម្ពុជា​ចិន ដោយ​លោក​បញ្ជាក់​ថា៖

«ជា​របៀប​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​មុខមាត់ កិត្តិយស​ប្រទេស​ជាតិ​យើង​ ​ដោយសារ​តែ​ការ​ចុះ​ដោយ​លក្ខណៈ​ហួសហេតុ មើល​មក​គឺ​ចង់​វាយ​ពន្លិច សមាគមហ្នឹង​ គឺ​យើង​ត្រូវ​តែ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គេ​ឃើញ​ហេតុ​និង​ផល។​ បទ​ពិសោធន៍​គេ​ហៅ​ថា ភាគី​មួយ​អមិត្ត​នឹង​ភាគី​មួយ​ គេ​តែងតែ​វាយ​ធ្វើ​ម៉េច​ឲ្យ​ភាគី​ហ្នឹង​អាក្រក់។ តែ​សម្រាប់​យើង​អត់​ទេ គឺ​ព្យាយាម​បង្ហាញ​ហេតុ​ និង​ផល ហើយ​សម្រាប់​អ្នកអាន​អ្នក​ទស្សនា​គេ​ពិចារណា»។

លោក សយ សុភាព បន្ថែម​ថា សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​ចិន​នេះ​មិន​ទាន់​មាន​សមាជិក​គន្លឹះ​នៅ​ឡើយ។​ ហើយ​សមាគម​ក៏​មិន​មាន​កញ្ចប់​ថវិកា​ណាមួយ​សម្រាប់​ដំណើរការ​នោះដែរ។​

ការ​បង្កើត​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-​ចិន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​កាន់​តែ​មាន​ភាព​ស្អិត​រមួត និង​ខណៈ​ដែល​សារព័ត៌មាន​ឯករាជ្យ និង​វិជ្ជាជីវៈ​ជាច្រើន​ត្រូវ​បាន​បិទ និង​ផ្លាស់​ប្តូរ​ម្ចាស់​គ្រប់គ្រង។

លោក​ ណុប វី​ នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ថ្លែង​ថា លោក​សាទរ​ចំពោះ​ការ​បង្កើត​សមាគម​ព័ត៌មាន​ថ្មីៗ​នៅ​កម្ពុជា។ លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​សាទរ លោក​រំពឹង​ថា សមាគម​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដែល​រាយការណ៍រិះគន់​អំពី​សកម្មភាព​ចិន ឬ​ទំនាក់ទំនង​កម្ពុជា​ចិន​ រង​សម្ពាធ​ណាមួយនោះ​ទេ។​

រូបឯកសារ៖ លោក ណុប វី នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់​ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ណុប វី នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់​ វិច្ឆិកា/VOA)

សន្ទស្សន៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​២០១៩ របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​អាក្រក់​ជាង​ឆ្នាំ​២០១៧​មួយ​កម្រិត​ ​ដោយ​សារ​គណបក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន។​ របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ពង្រីក​នៅ​កម្ពុជា​ ដោយសារ​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​ផង​ដែរ។ យ៉ាង​ណាក្តី មន្រ្តីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ច្រានចោល​របាយការណ៍​នេះ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត៕


XS
SM
MD
LG