ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាសា​ចិន​ជា​ «ភាសា​​អនាគត» សម្រាប់​ពលរដ្ឋ​វ័យ​ក្មេង​អ៊ូហ្គាន់ដា


កូនសិស្ស​រៀន​ភាសា​ចិន នៅ​វិទ្យាល័យ Everest ក្នុង​ស្រុក Luwero ប្រទេស​អ៊ូហ្គាន់ដា។
កូនសិស្ស​រៀន​ភាសា​ចិន នៅ​វិទ្យាល័យ Everest ក្នុង​ស្រុក Luwero ប្រទេស​អ៊ូហ្គាន់ដា។

ខណៈ​ដែល​ចំនួន​ប្រជាជន​អ៊ូហ្គាន់ដា​កើន​ឡើង ពលរដ្ឋ​វ័យ​ក្មេង​ជាច្រើន​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​ផ្តល់​​ប្រាក់​បៀវត្សរ៍​ល្អ។

សារាចរណ៍​របស់​រដ្ឋាភិបាល​មួយ​ដែល​បាន​ណែនាំ​ឲ្យ​មាន​ការ​បង្រៀន​ភាសា​ចិន​នៅ​តាម​សាលារៀន​នានា​ អាច​នឹង​ជួយ​ពួកគេ​ឲ្យ​មាន​ឱកាស​រក​ការងារ​កាន់​តែ​ល្អ​ប្រសើរ។ ​

នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា ភាសា​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភាសា​អនាគត ហើយ​នៅវិទ្យាល័យ Everest College នៅ​ក្នុង​ស្រុក Luwero វិញ សិស្សសាលា​កំពុង​សូត្រ​កំណាព្យ​អំពី​កំណប់​ជីវិត។

ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម និងវិនិយោគិន​ដ៏​ធំ​នៅ​ទ្វីប​អាហ្វ្រិក ហើយប្រទេស​ជាច្រើនកំពុង​តែ​ជំរុញ​ឲ្យ​ពលរដ្ឋខ្លួនរៀន​ភាសា​ចិន។ ប្រទេស​អ៊ូហ្គាន់ដា​គឺ​ជាប្រទេស​មិន​ជាប់​សមុទ្រ​មួយ​នៅ​អាហ្វ្រិក​ខាង​កើត​ ដែលពោរពេញ​ទៅ​ដោយ​ជម្លោះ​ស៊ីវិល​កាលពី​អតីតកាល។

កាល​ពី​ឆ្នាំ​មុន ក្រសួង​អប់រំ​អ៊ូហ្គាន់ដា​បាន​ដាក់​ឲ្យ​សាលារៀន​ចំនួន​ ៣៥​ នៅ​ទូទាំង​ប្រទេស ​បង្រៀន​ភាសា​ចិន។

លោកស្រី Grace Baguma នាយក​មជ្ឍមណ្ឌល​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​ជាតិ​បាន​និយាយ​ថា ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

សូម​ទស្សនា​វីដេអូ​នៃ​ការ​រៀន​ភាសា​ចិន​របស់​កូន​សិស្ស​អ៊ូហ្គាន់ដា៖

Chinese Considered 'Language of the Future' for Young Ugandans
សូម​រង់ចាំ

No media source currently available

0:00 0:00:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី Baguma បាន​និយាយ​ថា៖

«មាន​សកម្មភាព​សេដ្ឋកិច្ច​ច្រើន​ដូចជា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ចិន​កំពុង​តែ​ចូលរួម​អភិវឌ្ឍ​ជាមួយ​នឹង​ប្រទេស​អ៊ូហ្គាន់ដា។ ពលរដ្ឋ​របស់​យើង​ជាច្រើន​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន។ ដូច្នេះ​ ចិន​បាន​ក្លាយ​ជា​ប្រទេស​ដែល​យើង​ត្រូវ​តែ​ស្គាល់ និង​ដឹង​ឲ្យ​បាន​ច្បាស់។ ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​យើង​អាច​ធ្វើ​បាន​គឺ​តាម​រយៈ​ការ​សិក្សា​ភាសា​ចិន»។

យុវជន​ម្នាក់ឈ្មោះ Kinene Charles ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ដទៃ​ទៀត​ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ Everest។ យុវជន​រូប​នេះគិត​ថា ភាសា​ចិន​នឹង​ផ្តល់​ឱកាស​ការងារ​ច្រើន។

Kinene បាន​និយាយ​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​ក្នុង​ការ​រៀន​ភាសា​ចិន ដោយសារ​វា​អាច​ជួយ​ខ្ញុំ​អាច​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​ក្រុមហ៊ុន​ចិន។ ប្រសិន​បើ​ខ្ញុំ​មាន​មិត្តភក្តិ​ដែល​ចេះ​ចិន​នោះ ពួកគេ​អាច​ជួយ​ឲ្យ​ខ្ញុំ​មាន​ការងារ​ធ្វើ ដោយ​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​បកប្រែ​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​របស់​ជនជាតិ​ចិន»។

រថយន្ត​កំពុង​បើកបរ​នៅ​លើ​មហាវិថី​ល្បឿន​លឿន​ចម្ងាយ​៥១គ.ម​ដែល​សង់​ដោយ​ចិន​នា​ពេល​ថ្មីៗ ដោយ​បាន​ភ្ជាប់​ក្រុង Kampala ទៅ​កាន់​ព្រលានយន្តហោះ​អន្តរជាតិ Entebbe កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។
រថយន្ត​កំពុង​បើកបរ​នៅ​លើ​មហាវិថី​ល្បឿន​លឿន​ចម្ងាយ​៥១គ.ម​ដែល​សង់​ដោយ​ចិន​នា​ពេល​ថ្មីៗ ដោយ​បាន​ភ្ជាប់​ក្រុង Kampala ទៅ​កាន់​ព្រលានយន្តហោះ​អន្តរជាតិ Entebbe កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

សម្រាប់​រយៈពេល​៤ឆ្នាំ​ចុងក្រោយ វិទ្យាស្ថាន​ខុងជឺ នៅ​សាកលវិទ្យាល័យ Makerere កំពុង​បង្រៀន​ភាសា​ចិន។ សិស្ស​នៃ​វិទ្យាស្ថាន​នេះត្រូវ​បាន​គេ​ចាត់​តាំង​ឲ្យ​ទៅ​បង្រៀន​ភាសា​ចិន​នៅ​តាម​សាលារៀន​នៅ​ទូទាំង​ប្រទេស។

លោក​ Namisi Moses Apollo និយាយ​ថា ពេល​នៅ​រៀន​លោក​រៀន​មិន​សូវ​ពូកែ ហើយ​បារម្ភ​ពី​ការ​ស្វែងរក​ការងារ​ធ្វើ។ ប៉ុន្តែ​ យុវជន​រូប​នេះ​និយាយ​ថា សម្រាប់​លោក ការ​រៀន​ភាសា​ចិន​មាន​ភាព​ងាយស្រួល ហើយ​នៅ​ពេល​រៀន​ចប់ លោក​ត្រូវ​បាន​គេ​ស្នើសុំ​ភ្លាមៗ​ឲ្យ​ទៅ​បង្រៀន​ក្នុង​ថ្នាក់​សាកល្បង​នៅ​ក្រុង Luwero។

បើ​តាម​លោក Namisi មាន​ឱកាស​ជាច្រើន​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​សម្រាប់​អ្នក​ដែល​អាច​បង្រៀន​ភាសា​ចិន​បាន ទោះបី​ជាលោក​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ករណី​ភាគច្រើន​ ការងារ​ទាំង​នោះ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ពីរដ្ឋាភិបាល​ចិន ហើយ​អ្នក​ដែល​ធ្វើ​ការ​ត្រូវ​មាន​អាជីព​ត្រឹមត្រូវ។

លោក Namisi បាន​និយាយ​ថា៖

«ទីផ្សារ​ការងារ​ទូលំទូលាយ​ណាស់​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ខំប្រឹង​ចរចា​ដើម្បី​ទទួល​បាន​ការងារ​ល្អ​បំផុត​ផង​ដែរ។ អ្នក​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ អ្នក​ត្រូវ​តែ​ប្រើប្រាស់​ធនធាន​ដែល​អ្នក​មាន​ទាំង​អស់។ នេះ​ជា​វិធី​ដែល​អ្នក​អាច​ទទួល​បាន​ការងារ​ធ្វើ។ ដូច្នេះ អ្នក​មិន​ត្រឹម​តែ​ត្រូវ​ពូកែខាងភាសា​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​មាន​ជំនាញ​ទំនាក់ទំនង និង​វប្បធម៌​ផង​ដែរ»។

មន្ត្រី​ចិន​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ូហ្គាន់ដា​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ផ្តោត​សំខាន់​លើ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ ការ​សហការ​រវាង​ចិន-អាហ្វ្រិក។

លោក​ប្រធានាធិបតី​អ៊ូហ្គាន់ដា Yoweri Kaguta Museveni (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​អ៊ូហ្គាន់ដា Yoweri Kaguta Museveni (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

ចិន​បាន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទស​អ៊ូហ្គាន់ដា​ រួម​មាន​ ​គម្រោង​ថាមពល​វារីអគ្គិសនី Karuma ​កម្លាំង​៦០០មេហ្គាវ៉ាត់ ដែល​មាន​តម្លៃ១ពាន់៨រយលានដុល្លារ និង​មហាវិថី​មួយ​ត​ភ្ជាប់​ក្រុង Kampala និង​ក្រុង Entebbe ដែល​ចំណាយ​ប្រាក់ចំនួន៣៥០លាន​ដុល្លារ៕

ប្រែសម្រួល​ដោយ​ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG